មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងនៅខេត្តស្វាយរៀង ប្រកាសផ្ដាច់ខ្លួន និងសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា (Video inside)

14-03-2026 17:09

(ស្វាយរៀង)៖ លោក សំ រតនា អាយុ៥១ឆ្នាំ រស់នៅភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង អតីតក្រុមប្រឹក្សា ខេត្តស្វាយរៀង ឆ្នាំ២០១១ (ឡើងជំនួស លោក សេង ម៉ារ៉ាឌី ក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី១ ឆ្នាំ២០០៩), សមាជិក គណបក្សសមរង្ស៊ី លេខរៀងទី៤ ឆ្នាំ២០១១ និងសមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តស្វាយរៀងគណបក្សសង្គ្រោះជាតិ លេខ រៀងទី៨ (២០១៣) និងអតីតសមាជិកគណៈកម្មាធិការប្រតិបត្តិខេត្តគណបក្សភ្លើងទៀន លេខរៀងទី៨ បានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងគោរពស្នើសម្តេចតេជោ ហ៊ុន សែន សុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

លោក គង់ ម៉ាស ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង បានឲ្យដឹងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ថា ក្រុមការងាចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តស្វាយរៀង ដឹកនាំដោយ លោកផ្ទាល់បានទទួលស្វាគមន៍ លោក សំ រតនា។

លោក គង់ ម៉ាស់ បានបន្តថា លោកសំ រតនា បានប្រកាសឈប់មានទំនាក់ទំនងជាមួយបក្សប្រឆាំងបន្តទៀតហើយ បន្ទាប់ពីមើលឃើញថា សកម្មភាពនយោបាយរបស់បក្សប្រឆាំង មិនបានជួយអ្វីដល់ជាតិនោះឡើយ។ ទន្ទឹមនឹងការប្រកាស បញ្ឈប់ទំនាក់ទំនង ជាមួយបក្សប្រឆាំងហើយនោះ លោកក៏បានសុំការអនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា និងធ្វើសកម្មភាពនយោបាយ ជាមួយបក្សប្រជាជនកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោក សំ រតនា បានមើលឃើញច្បាស់ដោយឥតសង្ស័យថាគណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយតែមួយគត់ ដែលមានគុណបំណាច់ដ៏ធំធេងសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ខ្លាំងពូកែ ដែលបានប្រឹងប្រែងរំដោះអាយុជីវិតជាតិ និងប្រជាជនពីរបបប្រល័យពូជសាសន៍នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ សម្តេចតេជោ ហ៊ុន សែន បានយកជីវិតធ្វើដើមទុន ដើម្បីបញ្ចប់សង្គ្រាម ហើយឈានដល់ការបង្រួបបង្រួមជាតិ និងកសាងជាតិឲ្យរីកចម្រើនដូចពេលបច្ចុប្បន្ន។

លោក សំ រតនា បានមើលឃើញទៀតថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំជាតិ និងកសាងជាតិឆ្ពោះទៅរកភាពរុងរឿង។ ជាពិសេសបក្សប្រជាជនកម្ពុជា ជាបង្អែក និងជាទីទុកចិត្តរបស់ប្រជាពលរដ្ឋ ក្នុងការធានារក្សាបានសុខសន្តិភាព និងស្ថេរភាពសង្គមដែលជាលក្ខខណ្ឌដ៏ចាំបាច់សម្រាប់ធានាការរស់នៅប្រកបដោយភាពរីករាយរបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះ លោក សំ រតនា ក៏បានអំពាវនាវអ្នកបម្រើបក្សប្រឆាំងទាំងអស់ឱ្យភ្ញាក់រលឹក និងឈប់ចាញ់បោកបក្សប្រឆាំងបន្តទៅទៀត ហើយចូលរួមសកម្មភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា ដើម្បីកសាងជាតិមាតុភូមិឲ្យរុងរឿង៕