បណ្ឌិត កៅ ថាច ចុះសិក្សាស្វែងយល់ពីបច្ចេកទេសកសិកម្មទំនើប និងខ្សែច្រវាក់ផលិតកម្មម្ទេសផ្អែម នៅកសិដ្ឋាន Fresh West ប្រទេសណូវែលហ្សេឡង់
14-03-2026 17:12
(ណូវែលហ្សេឡង់)៖ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ក្នុងដំណើរបំពេញទស្សនកិច្ចធុរកិច្ច និងសិក្សាស្វែងយល់ពីសក្តានុពលកសិកម្មនៅប្រទេសណូវែលហ្សេឡង់ ក្រោមការសម្របសម្រួលពី លោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជាប្រចាំប្រទេសណូវែលហ្សេឡង់, លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញចុះទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកសិដ្ឋាន Fresh West ដែលជាកសិដ្ឋានមានឯកទេសខ្ពស់ក្នុងការដាំដុះម្ទេសផ្អែម (Sweet Palermo)។
ក្នុងដំណើរទស្សនកិច្ចនេះ, លោកបណ្ឌិត បានពិនិត្យយ៉ាងលម្អិតលើប្រព័ន្ធគ្រប់គ្រងកសិដ្ឋាន និងបច្ចេកទេសដាំដុះដែលផ្តល់នូវទិន្នផល ខ្ពស់គួរឱ្យកត់សម្គាល់៖
១៖ កសិដ្ឋានប្រើប្រាស់ផ្ទៃដីប្រមាណ ០.៧០ហិកតា និងបានគ្រប់គ្រងទិន្នផលយ៉ាងល្អ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងការថែទាំ ប្រមូលផល និងវេចខ្ចប់។
២៖ តាមរយៈការអនុវត្តបច្ចេកទេសទំនើប កសិដ្ឋាននេះ ទទួលបានទិន្នផលលើសពី ១.៣លានកញ្ចប់ក្នុង១ឆ្នាំ ដែលជាតួលេខខ្ពស់។
៣៖ ផលិតផលម្ទេសផ្អែមត្រូវបានចែកចាយទៅទីផ្សារ ក្នុងតម្លៃបោះដុំជាមធ្យម ២.៨ NZD (ប្រមាណ១.៦២ដុល្លារអាមេរិក) ក្នុងមួយកញ្ចប់ ហើយមានតម្រូវការទីផ្សារខ្ពស់។
តាមការចុះ ពិនិត្យជាក់ស្តែង, លោកបណ្ឌិត កៅ ថាច បានវាយតម្លៃខ្ពស់ចំពោះម៉ូដែលកសិកម្មរបស់ Fresh West ដែលអាចផ្តល់ទិន្នផលខ្ពស់លើផ្ទៃដីតូច។ លោកមានបំណងនាំយក និងជំរុញការផ្សព្វផ្សាយបច្ចេកទេសដាំដុះម្ទេសផ្អែម (Sweet Palermo) នេះ មកអនុវត្តនៅក្នុងប្រទេសកម្ពុជា ដើម្បីជាជម្រើសថ្មីសម្រាប់កសិករខ្មែរក្នុងការបង្កើនផលិតភាព កាត់បន្ថយការនាំចូលកសិផលពីបរទេស និងពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្មបែបទំនើបដែលផ្តល់តម្លៃបន្ថែមខ្ពស់ជូនដល់បងប្អូនកសិករខ្មែរ។
ទស្សនកិច្ចនេះ ក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ARDB ក្នុងការស្វែងរកគំរូកសិកម្មជោគជ័យពីបណ្តាប្រទេសជឿនលឿន ដើម្បីការពង្រឹងវិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់៕









