មន្ត្រីស៉ីម៉ាក់ រកឃើញគ្រាប់បែកគ្រប់ប្រភេទជាង ១,៣០០គ្រាប់ ដែលយោធាថៃ បាញ់ស្រោចមកលើប្រាសាទព្រះវិហារ ខណៈមន្ត្រីជំនាញកំពុងរុករកបន្ថែមទៀត
14-03-2026 20:00
(ព្រះវិហារ)៖ លោក ចេង សេងលីម អនុប្រធានកងឯកភាពកំចាត់មីន (ស៉ីម៉ាក់) ថ្លែងប្រាប់ក្រុមសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះថា ក្រោយបទឈប់បាញ់ចូលជាធរមាន ក្រុមមន្ត្រីស៉ីម៉ាក់បានរកឃើញគ្រាប់បែកគ្រប់ប្រភេទជាង ១,៣០០គ្រាប់ ដែលយោធាថៃ បានបាញ់ស្រោចមកលើប្រាង្គប្រាសាទព្រះវិហារ ខណៈមន្ត្រីជំនាញកំពុងរុករកបន្ថែមទៀត។
លោកបានឱ្យដឹងថា នៅកំឡុងសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា ដែលមានរយៈពេល២១ថ្ងៃ កាលពីខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌធុនធ្ងន់ជាច្រើន ដោយបាញ់ស្រោចមកលើប្រាង្គប្រាសាទព្រះវិហារ រួមមានគ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូននាំគ្រាប់បែកទម្លាក់ ប្រភេទគ្រាប់បែកបបាញ់ផ្លោងចេញពីកាំភ្លើងធំ រថក្រោះជាដើម។
មន្ត្រីស៉ីម៉ាក់រូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «គិតចាប់ពីបទឈប់បាញ់ រហូតដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ មន្ត្រីស៉ីម៉ាក់ បានបើកប្រតិបត្តិការនៅទីនេះ ដោយបានរកឃើញគ្រាប់បែកគ្រប់ប្រភេទជាង ១ ៣៣០គ្រាប់ហើយ ត្រូវបានរកឃើញ និងបានយកចេញ ខណៈមន្ត្រីជំនាញស៉ីម៉ាក់ កំពុងស្វែងរកបន្ថែមទៀត»។
លោក ចេង សេងលីម បានបន្ថែមថា ប្រភេទគ្រាប់បែកភាគច្រើនដែលថៃ ប្រើប្រាស់បាញ់កម្ទេចប្រាង្គប្រាសាទព្រះវិហារ ជាប្រភេទគ្រាប់បែក១០៥មីលីម៉ែត្រ គ្រាប់ ១៥៥មីលីម៉ែត្រ ជាពិសេសយោធាថៃ បានប្រើប្រាស់គ្រាប់បែកប្រភេទរំសេវពណ៌ស (WP) ព្រមទាំងគ្រាប់បែកចង្កោមដែលត្រូវបានច្បាប់អន្តរជាតិ បានហាមប្រាមមិនឱ្យប្រើប្រាស់ផងដែរ។
គួរឱ្យដឹងថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្កោលទោសចំពោះការបង្កហេតុសារជាថ្មីម្តងទៀតនៅតំបន់ប្រាសាទព្រះវិហារ ដែលបានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់កិច្ចខិតខំប្រឹងប្រែងអភិរក្សប្រាសាទព្រះវិហារ និងការជម្លៀសមន្ត្រី បុគ្គលិក ឆ្នាំ ពលករ របស់អាជ្ញាធរជាតិព្រះវិហារ ព្រមទាំងប្រជាពលរដ្ឋនៅក្នុងតំបន់ទៅកាន់ទីកន្លែងសុវត្ថិភាព។
សកម្មភាពយោធាថៃ ដែលបានប្រើប្រាស់ អាវុធគ្រប់ប្រភេទដោយរាប់ទាំងគ្រប់ផ្លោង និងការទំលាក់គ្រាប់បែកពីលើយន្តហោះ ប៉ះពាល់ដល់ប្រាសាទព្រះវិហារ ដែលរួមមាន ពយតាឌី កូបុរៈទី១ ទី២ ទី៣ ទី៥ ជណ្តើរខាងជើង និងតំបន់ក្បែរប្រាសាទព្រះវិហារនេះ គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរប្រឆាំងនឹងបេតិកភណ្ឌពិភពលោក និងជាការរំលោភបំពានលើច្បាប់អន្តរជាតិ៕


























