កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ដោយឃាត់មនុស្សជិត២០នាក់

14-03-2026 20:03

(ភ្នំពេញ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦នេះ កម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់ថ្នាំញៀនអនាធិបតេយ្យមួយកន្លែងនៅម្តុំផ្សារកណ្តាល ខណ្ឌដូនពេញ ដោយឃាត់មនុស្សជិត២០នាក់ ព្រមទាំងដកហូតថ្នាំ និងឧបករណ៍ជក់ជាច្រើន។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅកន្លែងហ្គេមបាញ់ត្រីមួយកន្លែងម្តុំផ្សារកណ្តាល ដែលជាទីតាំងប្រមូលផ្តុំពួកជក់ ប្រើប្រាស់ និងចែកចាយថ្នាំញៀនយ៉ាងអនាធិបតេយ្យ។

សម្រាប់ប្រតិបត្តិការនេះ កម្លាំងនគរបាល បានឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៦នាក់ ក្នុងនោះមានទាំងម្ចាស់គ្រប់គ្រងទីតាំងផងដែរ។

មនុស្សទាំងនេះ និងសម្ភារទាំងអស់ ព្រមទាំងថ្នាំមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរ ដើម្បីសួរនាំបន្ត និងចាត់ការតាមច្បាប់។