វេជ្ជបណ្ឌិត គួង ឡូ ណែនាំឆ្មប បើមានឧបសគ្គពេលសម្រាល ត្រូវទាក់ទងជំនាញតាមលំដាប់ថ្នាក់ជាបន្ទាន់ ចៀសវាងធ្វើសកម្មភាពប្រថុយប្រថាន ដែលអាចប៉ះពាល់ដល់ជីវិតម្តាយ និងទារក

14-03-2026 20:57

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានធ្វើការណែនាំយ៉ាងតឹងរ៉ឹងដល់ឆ្មបគ្រប់រូប៖ក្នុងករណីជួបប្រទះឧបសគ្គ ឬស្ថានភាពមិនប្រក្រតីណាមួយអំឡុងពេលសម្រាលកូន ត្រូវធ្វើការទាក់ទងជំនាញតាមលំដាប់ថ្នាក់ជាបន្ទាន់ ដើម្បីឱ្យមានការអន្តរាគមន៍ទាន់ពេលវេលា ហើយត្រូវចៀសវាងការសម្រេចចិត្តធ្វើអ្វីៗដោយប្រថុយប្រថានតែម្នាក់ឯង ព្រោះអាចបណ្តាលឱ្យមានហានិភ័យធ្ងន់ធ្ងរដល់សុខភាព និងជីវិតស្ត្រីមានផ្ទៃពោះ និងទារក។

ការថ្លែងណែនាំរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលរំលឹក ស្តីពី ការសម្រាលកូនដោយសុវត្ថិភាព ការថែទាំទារកសារវ័ន្ត ការសង្គ្រោះទារកទើបនឹងកើត និងការថែទាំក្រោយសម្រាល ដែលមានមន្ត្រីឆ្មបមកពីគ្រប់មូលដ្ឋានសុខាភិបាលក្នុងខេត្ត ចូលរួមសរុបចំនួន ៤០នាក់ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងលើកឡើងផងដែរថា ការពង្រឹងសមត្ថភាពឆ្មប និងការគោរពតាមនីតិវិធីបច្ចេកទេសយ៉ាងត្រឹមត្រូវ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយអត្រាមរណភាពមាតា និងទារក ហើយជួយធានាឱ្យការផ្តល់សេវាសុខាភិបាលនៅមូលដ្ឋានមានគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។

នៅក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានផ្តល់អនុសាសន៍ និងធាតុចូលសំខាន់ៗមួយចំនួន ដល់ឆ្មបដែលបានចូលរួមវគ្គបណ្តុះបណ្តាល ដើម្បីយកទៅពិចារណា និងអនុវត្តជាក់ស្តែងក្នុងការបំពេញភារកិច្ចប្រចាំថ្ងៃ ដូចជា៖

*ឆ្មបគ្រប់រូប ត្រូវយល់ដឹងអំពីគុណតម្លៃ និងសិទ្ធិសេរីភាពរបស់ស្ត្រី ហើយត្រូវដឹងច្បាស់ថា ខ្លួនកំពុងបំពេញភារកិច្ចសំខាន់អ្វីខ្លះក្នុងការថែទាំសុខភាពមាតា និងទារក។

*ត្រូវពង្រឹងគុណភាពសេវា ដើម្បីធ្វើឱ្យស្ត្រីមានផ្ទៃពោះមកទទួលសេវាថែទាំសុខភាពនៅមូលដ្ឋានសុខាភិបាលកាន់តែច្រើនឡើង។

*កម្មវិធីសុខភាពមាតា និងទារករបស់មន្ទីរសុខាភិបាល និងស្រុកប្រតិបត្តិ ត្រូវបន្តពង្រឹងការងារផ្នែកសម្ភព និងរោគស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព។
*
ឆ្មបគ្រប់រូប ត្រូវកែលម្អអាកប្បកិរិយា ពាក្យសំដី និងវិធីសាស្ត្រផ្តល់សេវា ដើម្បីធានាថាអតិថិជនទទួលបានសេវាដោយក្តីគោរព និងភាពកក់ក្តៅ។

*ត្រូវពង្រឹងការប្រើប្រាស់ ប៉ាតូក្រាហ្វ (Partograph) ក្នុងការតាមដានការវិវត្តនៃការសម្រាលកូន ដើម្បីកាត់បន្ថយហានិភ័យ និងបញ្ហាផ្សេងៗដែលអាចកើតមាន។

*សូមឱ្យក្រុមការងារសុខភាពមាតា និងទារក រៀបចំ នីតិវិធីប្រតិបត្តិស្តង់ដារ (SOP) សម្រាប់បន្ទប់សម្រាលឱ្យបានឆាប់រហ័ស។ រាល់ពេលសម្រាលកូន ត្រូវមានឆ្មបចូលរួមយ៉ាងតិច ២នាក់ ជានិច្ច ដើម្បីធានាសុវត្ថិភាព និងចៀសវាងការសម្រាលដោយមានឆ្មបតែម្នាក់។

*ក្នុងករណីមានបញ្ហា ឬឧបសគ្គណាមួយ ត្រូវទាក់ទងជាបន្ទាន់ទៅ ប្រធានមណ្ឌលសុខភាព ប្រធានការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរសុខាភិបាលខេត្ត ដើម្បីអាចធ្វើអន្តរាគមន៍បានទាន់ពេលវេលា។

*សូមប្រធានគណៈឆ្មប បន្តបណ្តុះបណ្តាល និងពង្រឹងការអនុវត្ត ក្រមសីលធម៌វិជ្ជាជីវៈ ដល់ឆ្មបទាំងអស់ឱ្យកាន់តែមានប្រសិទ្ធភាព៕