មន្ដ្រីជាន់ខ្ពស់ លើកទឹកចិត្តសិស្សានុសិស្សដែលជាអនាគតនៃគ្រូពេទ្យ ចូលរួមគោរពបទបញ្ជា និងច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយក្នុងពេលប្រលង ដែលនាំឱ្យមានផលវិបាកទៅថ្ងៃអនាគត

14-03-2026 22:01

(ភ្នំពេញ)៖ លោក សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានលើកទឹកចិត្តសិស្សានុសិស្សដែលជាអនាគតគ្រូពេទ្យ វេជ្ជបណ្ឌិតទាំងអស់ ចូលរួមគោរពបទបញ្ជា ក៏ដូចជាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយកើតឡើងក្នុងពេលប្រលង ហើយក្នុងករណីធ្ងន់ធ្ងរនោះ នឹងអាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ដែលនាំឱ្យមានផលវិបាកទៅថ្ងៃអនាគតខាងមុខ។

ការថ្លែងយ៉ាងដូច្នេះរបស់លោក សុក ផេង ក្នុងឱកាសអញ្ជើញចុះពិនិត្យ និងកាត់វិញ្ញាសារការប្រឡងថ្នាក់ជាតិ ចំពោះនិសិត្សបានបញ្ចប់ការសិក្សានៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល ឆ្នាំសិក្សា២០២៥ នាសម័យប្រឡង ថ្ងៃទី១៤-១៥ ខែមីនា ឆ្នាំ២០២៦ ដែលមានបេក្ខជន ចំនួន ១,៨៧២ ចូលរួមប្រឡង។

មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្តថា «ខ្ញុំសូមអំពាវនាវ និងលើកទឹកចិត្ត ដល់ក្មួយៗ សិស្សានុសិស្ស ក៏ដូចជាអនាគតវេជ្ជបណ្ឌិតទាំងអស់ គឺសូមចូលរួមគោរពបទបញ្ជា ក៏ដូចជាច្បាប់ឱ្យបានត្រឹមត្រូវ ចៀសវាងមានកំហុសណាមួយក្នុងពេលប្រលងកើតឡើង ដែលនាំឱ្យមានផលវិបាកផ្ទាល់ខ្លួន។ ហើយការប្រព្រឹត្តកំហុសទៀតសោត ប្រសិនបើមានកំហុសធ្ងន់ធ្ងរ ឈានទៅដល់បទល្មើសព្រហ្មទណ្ឌណាមួយនោះ គឺផលវិបាកកើតឡើងសម្រាប់គាត់គឺមួយជីវិតតែម្តង ដែលគាត់មិនអាចនឹងធ្វើអ្វីបាននោះទេ»។

លោករដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល បានឱ្យដឹងទៀតថា ប្រសិនបើបេក្ខជនប្រព្រឹត្តិខុសបទបញ្ជាក្នុងការប្រឡង និងត្រូវដាក់ទណ្ឌកម្មផ្នែករដ្ឋបាល អាចបញ្ឈប់លែងឱ្យប្រឡង។ ប៉ុន្តែប្រសិនបើមានករណីធ្ងន់ធ្ងរ ដូចជាការក្លែងបន្លំអត្តសញ្ញាណប័ណ្ណបេក្ខជន មានអ្នកមកប្រឡងជំនួសជាដើម ដែលឈានទៅដល់បទល្មើសព្រហ្មទណ្ឌមួយ នោះនឹងទៅអនុវត្តទៅតាមក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា គឺបានន័យថា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ។

លោក សុក ផេង បានបន្ថែមទៀតថា «ប្រសិនបើបេក្ខជនប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌក្នុងពេលប្រលង ហើយតុលាការរកឃើញកំហុសគាត់ពិតប្រាកដ គឺឈានទៅដល់ការផ្ដន្ទាទោសដាក់ពន្ធនាគារ ពេលនោះគឺគាត់នឹងត្រូវជាប់ record ការកត់ទុកនៅក្នុងលិខិតថ្កោលទោស។ ជាធម្មតា មុននឹងបេក្ខជនចេញប្រកបវិជ្ជាជីវៈ ឬធ្វើអ្វីមួយ គឺទាមទារឱ្យមានការបញ្ជាក់នូវលិខិតថ្កោលទោស ហើយប្រសិនបើជាប់ក្នុងលិខិតថ្កោលទោសហើយនោះ គឺគាត់នឹងមិនអាចទៅធ្វើអ្វីផ្សេងទៀតនោះឡើយ»។

ដូច្នេះបេក្ខជន សិស្សានុសិស្សទាំងអស់នៅកម្ពុជា ដែលមានបំណងចូលប្រកបវិជ្ជាជីវៈផ្នែកសុខាភិបាល គឺសូមឱ្យមានការប្រុងប្រយ័ត្ន ចៀសឱ្យផុតនូវអំពើល្មើសទាំងឡាយ ដែលអាចកើតមាន នាំឱ្យមានផលវិបាកកើតឡើងនៅពេលអនាគតខាងមុខ។ គឺត្រូវការអ្នកដែលចេះពិតប្រាកដ មានជំនាញពិតប្រាកដ មានតម្លៃសីលធម៌ខ្ពស់ ក្នុងការអនុវត្តប្រតិបត្តិនូវវិជ្ជាជីវៈ។

សូមជម្រាបថា ការប្រឡងចេញថ្នាក់ជាតិ ចំពោះនិស្សិតបានបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យ សុខាភិបាល សម្រាប់ឆ្នាំ២០២៥ នេះបានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងសំណេរសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ការប្រឡងចេញថ្នាក់ជាតិនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីធានាគុណវុឌ្ឍដល់អ្នកបញ្ចប់ការសិក្សាពីគ្រឹះស្ថានបណ្តុះបណ្តាលទាំងអស់ទាំងសាធារណៈ និងឯកជនពិតជាមានសមត្ថភាពសមស្របតាមក្របខ័ណ្ឌសមត្ថភាពស្នូលតម្រូវ តាមជំនាញនីមួយៗ មុននឹងចេញទៅប្រកបវិជ្ជាជីវៈក្នុងវិស័យសុខាភិបាល។

យោងតាមសេចក្តីជូនដំណឹងលេខ២៩៨/២៥ គបជ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ស្តីពីការប្រឡងចេញថ្នាក់ជាតិ សម្រាប់និស្សិតបញ្ចប់ការសិក្សា នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៥លើមុខវិជ្ជាចំនួន១៩មុខ ដែលមានបេក្ខជនចំនួន១ ៨៧២នាក់ដាក់ពាក្យចូលរួមប្រឡង។ ក្រោយពីបានពិនិត្យលើឯកសារពាក្យសុំរបស់បេក្ខជន គណៈកម្មាធិការប្រឡងថ្នាក់ជាតិសម្រេចឱ្យបេក្ខជនចំនួន ១ ៨៧២នាក់ អាចមានសិទ្ធចូលរួមប្រឡងបាន ដោយបែងចែកជា០២ថ្ងៃ គឺថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ មានបេក្ខជន ចំនួន៧៧០នាក់ បែកចែកជា២៦បន្ទប់ និងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានចំនួន១ ១០២នាក់ បែងចែកជា ៣២បន្ទប់៕