លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បន្តអញ្ជើញប្រគល់ស្បៀងរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ

15-03-2026 07:47

(ឧត្ដរមានជ័យ)៖ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ លោកបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ប្រធានគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូអញ្ជើញប្រគល់ស្បៀង និងសម្ភារៈរបស់សម្ដេចធិបតីនិងលោកជំទាវបណ្ឌិត ជូនដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ។

ក្នុងឱកាសនោះផងដែរ លោកបណ្ឌិតបានពាំនាំប្រសាសន៍សួរសុខទុក្ខដ៍មានតម្លៃពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ជូនដល់ដល់កម្លាំងជួរមុខទិសឧត្ដរមានជ័យ។

លោកបណ្ឌិត បានបន្តថា ការឈ្លានពានពីសំណាក់យោធាថៃដោយខុសច្បាប់លើអធិបតេយ្យភាពរបស់កម្ពុជា បានបង្ហាញយ៉ាងច្បាស់នូវគំរូវីរភាពដ៏អង់អាចក្លាហានរបស់វីរៈកងទ័ពកម្ពុជា ជាពិសេសវីរៈកងទ័ពជួរមុខ ដែលបានបំពេញភារកិច្ចការពារជាតិយ៉ាងមុតមាំ ធ្វើឱ្យសត្រូវមានការភ័យខ្លាច។ ក្នុងពេលជាមួយគ្នានេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានបង្ហាញការគាំទ្រ និងជឿជាក់យ៉ាងពេញទំហឹងលើសមត្ថភាព បទពិសោធន៍ និងឆន្ទៈស្នេហាជាតិដ៏មោះមុតរបស់វីរៈកងទ័ពកម្ពុជា។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានរួបរួមសាមគ្គីគ្នា ពង្រឹងខឿនការពារជាតិរបស់ប្រជាជន និងគាំទ្ររាជរដ្ឋាភិបាល ដឹកនាំដោយសម្ដេចធិបតី ព្រមទាំងបានចូលរួមផ្ដល់ស្បៀងអាហារ សម្ភារ និងថវិកាជាច្រើន ដើម្បីជួយគាំទ្រវីរៈកងទ័ពជួរមុខ និងប្រជាពលរដ្ឋដែលភៀសខ្លួនពីសង្គ្រាម។

ក្នុងនាមសម្តេចមហាបវរធិបតី និងក្នុងនាមគណ:ប្រចាំការ នៃគណ:អចិន្រ្តៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សូមសំដែងនូវការអរគុណ ដឹងគុណ និងចងចាំជានិច្ចក្នុងក្រអៅបេះដូង ចំពោះវីរៈភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាដែលបានតស៊ូ ក្រាញននៀល ប្តេជ្ញា ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ប្រកបដោយឆន្ទៈមោះមុត និងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងសូមលំឱនកាយ គោរពចំពោះដួងវិញាណក្ខន្ធរបស់វីរៈកងទ័ពកម្ពុជា ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត ដើម្បីការពារបូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជនកម្ពុជា និងសូមឲ្យដួង វិញ្ញាណក្ខន្ធរបស់វីរៈកងទ័ពទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

លោកបណ្ឌិតបានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នឹងមិនរត់ចោលប្រទេស វីរៈកងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹកណាម្នាក់ចោលឡើយពោលគឺនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ និងតែងតែគិតគួរជាប់ជានិច្ច ហើយរាជរដ្ឋាភិបាល ក៏បាននិងកំពុងជួយសម្របសម្រួលឱ្យជនភៀសសឹកបានទៅផ្ទះសំបែងវិញ ការជួយដោះស្រាយហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការរស់នៅ ការជួយបោសសម្អាតអាវុធគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងការស្តារជីវភាពរស់នៅប្រចាំថ្ងៃជាដើម។ ដូច្នេះបងប្អូនត្រូវតែជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។

សូមបញ្ជាក់ផងដែរថា ស្បៀងដែលប្រគល់ជូនកម្លាំងជួរមុខនេះ រួមមាន៖ អង្ករ៖ ៩,២តោន, ត្រីខកំប៉ុង៖ ២២០កេស, សៀងផ្អែម៖ ១៤៨កេស, មីខ្លាឃ្មុំ៖ ៨៥០កេស, មីចម្រុះកញ្ចប់៖ ៥៥០កេស, មីសួរចម្រុះចាន៖ ៧០កេស, បាយតេជោរាយស៍៖ ៤៦កេស, នំសាគូរ៉ា៖ ២០កេស, ទឹកសុទ្ធ 350ml៖ ៣២០កេស៕