ប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក បានរងការខូចខាតប្រហែល ៨០ភាគរយ ដោយសារទម្ងន់សព្វាវុធធុនធ្ងន់របស់យោធាថៃ ក្នុងកំឡុងសង្គ្រាមឈ្លានពានទាំង២លើក (Video inside)
15-03-2026 09:40
(ព្រះវិហារ)៖ លោក ហែម ស៉ីណាត អគ្គនាយករងអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងថា សង្គ្រាមឈ្លានពានមកលើទឹកដីកម្ពុជា ទាំង២លើក យោធាថៃ បានបាញ់ផ្លោងគ្រាប់ធុនធ្ងន់ជាច្រើនប្រភេទ បណ្តាលឱ្យប្រាង្គប្រាសាទ មានការខូចខាតចំនួន ៥៦២ទីតាំង ដែលស្មើនឹងប្រហែល៨០ភាគរយ នៃប្រាសាទទាំងមូល។
ការឱ្យដឹងបែបនេះរបស់មន្ត្រីអាជ្ញាធរព្រះវិហារ បានធ្វើឡើងក្នុងឱកាសលោកផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលសម្របសម្រួលដោយក្រសួងព័ត៌មាន។
អគ្គនាយក រងអាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ក្រោយពីការចុះសិក្សាស្រាវជ្រាវរបស់អ្នកជំនាញបច្ចេសទេសរបស់អាជ្ញាធរខេត្តព្រះវិហារ យើងឃើញថា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ការវាយតម្លៃលើផលប៉ះពាល់ពីគ្រាប់ផ្លោងខាងសៀមមកលើប្រាសាទព្រះវិហារ មានចំនួន ១៤២ទីតាំង ហើយចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ យើងមកចុះសិក្សាបន្តថែមទៀត គឺមានជាង៤០០កន្លែង សរុបរួមទីតាំងខូចខាតដោយសារសង្គ្រាម២លើក គឺមានការខូចខាតចំនួន ៥៦២ទីតាំងនៅលើប្រាសាទទាំងមូលនេះ»។
ទាញទៅក្រោយបន្តិចមុនសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ត្រូវលោក ហែម ស៉ីណាត បានរៀបរាប់ប្រាប់ដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ប្រាង្គប្រាសាទព្រះវិហារ មានសោភណ្ឌភាពស្រស់ស្អាតខ្លាំងណាស់ រាល់ក្លោងទ្វារប្រាសាទទាំងអស់ មានលក្ខណៈល្អ ហើយមន្ត្រីជំនាញ ក៏មានលទ្ធភាពត្រៀមជួសជុលឱ្យកាន់តែស្រស់ស្អាតបន្ថែមទៀតជាដើម។ ប៉ុន្តែ អ្វីដែលគួរឱ្យសោកស្តាយនោះ ក្រោយពីយោធាថៃ បាញ់គ្រាប់ផ្លោងស្រោចលើប្រាង្គប្រាសាទ បានប្រែក្លាយទីតាំងប្រាសាទបែកបាក់ខ្ទិចខ្ទី។
មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិព្រះវិហារ បានគូសបញ្ជាក់ថា សង្គ្រាមឈ្លានពានរបស់យោធាថៃ មិនត្រឹមតែបំផ្លាញប្រាង្គប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកនោះទេ ប៉ុន្តែ មិនអាចអនុញ្ញាតឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលពីមុនអញ្ជើញមកទស្សនាប្រាសាទខ្មែរ ដ៏ល្អវិចិត្រនេះ ដោយបបន្សល់នូវការឈឺចាប់មិនអាចទទួលយកបាន។
បន្ថែមពីនេះ លោក ហែម ស៉ីណាត បានបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិបេតិកភណ្ឌពិភពលោក និងជាសម្បត្តិរួមរបស់មនុស្សជាតិទាំងមូលនៅលើពិភពលោក ដូច្នេះ ការជ្រើសរើសយកគោលដៅប្រាង្គប្រាសាទព្រះវិហារ សម្រាប់ការវាយប្រហារ ជារឿងរឿងគួរឱ្យសោកស្តាយយ៉ាងខ្លាំង «គឺជាឧក្រិដ្ឋកម្មមួយផ្នែកមួយប្រឆាំងនឹងច្បាប់បេតិកភណ្ឌពិភពលោក»។
«ខ្ញុំក៏មិនយល់ដែលហេតុអ្វីបានជាថៃ បានធ្វើអំពើដ៏លាមក ដែលមិនយល់អំពីវប្បធម៌ ដែលមិនយល់ជាសម្បត្តិបេតិកភណ្ឌ នេះជាសំណួររបស់ខ្ញុំ ហើយក៏ពិបាកឆ្លើយដែរ។ សំណួរនេះ ក៏មានភ្ញៀវជាតិ និងអន្តរជាតិ សួរបើទោះបីជាពួកគាត់មិនឡើងប្រាសាទ ប៉ុន្តែ ពួកគាត់បានចោទជាសំណួរ ហេតុអ្វីបានជាថៃ បំផ្លាញប្រាសាទព្រះវិហារ ដែលសម្បត្តិបេតិភណ្ឌពិភពលោក ដែលជារបស់យើងទាំងអស់គ្នា»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហែម ស៉ីណា។
បើតាមការយល់ឃើញរបស់អ្នកជំនាញអភិរក្សប្រាង្គប្រាសាទរូបនេះ ក៏បានលើកជាឧទាហរណ៍ថា ចំពោះករណីយោធាថៃ បំផ្លាញប្រាសាទព្រះវិហារ អាចមានមូលហេតុថា បើខ្លួនយកមិនបាន គឺបំផ្លាញប្រាសាទចោល ឬអាចនិយាយថា យកមិនបានជាន់ឈ្លីចោលតែម្តង។ ថៃ បានដឹងយ៉ាងច្បាស់ថា នៅឆ្នាំ១៩៦២ តុលារយុត្តិធម៌អន្តរជាតិ គឺបានកាត់ក្តីឱ្យកម្ពុជាឈ្នះក្តី ជាម្ចាស់របស់ប្រាសាទព្រះវិហារ ហើយនៅឆ្នាំ២០១៣ តុលាការយុត្តិធម៌អន្តរជាតិ ក៏បានប្រកាសសាលដីកាម្តងទៀត ពាក់ព័ន្ធនឹងបញ្ហាប្រាសាទជារបស់ខ្មែរ។
ត្រង់ចំណុចការវាយប្រហារលើប្រាសាទព្រះវិហារ ត្រូវបានលោក ហែម ស៉ីណាត ចោទជាសំណួរថា តើហេតុអ្វីបានជាថៃ នៅតែងងើលមកបំផ្លាញប្រាសាទព្រះវិហារ ដោយមិនយកច្បាប់អន្តរជាតិជាគោល។
លោក ហែម ស៉ីណាត បានឱ្យដឹងថា៖ «បើយើងបូកសរុបរួម ការខូចខាតប្រាសាទប្រហែល៨០ភាគរយ របស់ប្រាសាទ មុនផលប៉ះពាល់ គឺយើងបានរៀបចំចងក្រងទិន្នន័យឯកសារគ្រប់គ្រាន់ក្នុងជួសជុល ក៏ប៉ុន្តែ បន្ទាប់ពីផ្ទុះអាវុធ គឺពិបាកជួសជុលខ្លាំងមែនទែន រចនាសម្ព័ន្ធប្រាសាទមួយចំនួនកលនឹងរលំហើយ។ អ្នកជំនាញបច្ចេកទេសជួសជុលបានវាយតម្លៃថាក្នុងរដូវភ្លៀងខាងមុខនេះប្រហែលជាអាចមានកន្លែមួយចំនួនរលំធ្លាក់»៕






























