បណ្ឌិត ជា មុនីឫទ្ធិ៖ បក្សកុម្មុយនិស្តចិនក្នុងវ័យ១០៥ឆ្នាំជា គំរូនៃការអភិវឌ្ឍ និងអភិបាលកិច្ចសម្រាប់សតវត្សរ៍ទី២១

15-03-2026 14:14

(ភ្នំពេញ)៖ លោកបណ្ឌិត ជា មុនីឫទ្ធិ ក្នុងនាមជាប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានបញ្ជាក់មកកាន់បណ្ដាញព័ត៌មាន Fresh News ថា គោលការណ៍ «ប្រជាជនជាមជ្ឈមណ្ឌល» មិនមែនគ្រាន់តែជាពាក្យស្លោកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែជាមូលដ្ឋានគ្រឹះនៃទស្សនវិស័យអភិបាលកិច្ច និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេលវែងរបស់បក្សកុម្មុយនិស្តចិន។

បទពិសោធន៍ជាងមួយសតវត្សរ៍ ចាប់តាំងពីការបង្កើតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩២១ បានបង្ហាញយ៉ាងច្បាស់ថា មាគ៌ាដឹកនាំរបស់បក្សក្នុងប្រព័ន្ធនយោបាយដែលមានសមាជិកជាង ១០០ លាននាក់ (គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤) អាចត្រូវបានវាស់តាមរយៈ «បញ្ចកោណសុខុមាលភាពសង្គម» ដែលរួមមាន៖

១. កំណើនសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់
២. ការកើនឡើងនៃវិបុលភាពជីវភាពរស់នៅ និងសេដ្ឋកិច្ចពណ៌ប្រាក់របស់ប្រជាជន
៣. ការកែលម្អគុណភាពបរិស្ថាន និងការឆ្ពោះទៅអព្យាក្រឹតភាពកាបូន
៤. ស្ថិរភាព និងសុខដុមនីយកម្មសង្គម
៥. ការលើកកម្ពស់វប្បធម៌សន្តិភាព និងការប្រាស្រ័យអរិយធម៌។

តាមប្រវត្តិសាស្ត្រ បក្សកុម្មុយនិស្តចិនដែលបានឈានដល់វ័យជាងមួយសតវត្សរ៍ ហើយបច្ចុប្បន្នដឹកនាំដោយលោក Xi Jinping បានបញ្ជាក់គោលការណ៍ថា៖ «បក្សត្រូវទទួលទុក្ខលំបាកមុនប្រជាជន ហើយទទួលសុភមង្គលក្រោយប្រជាជន»។ គោលការណ៍នេះបានឆ្លុះបញ្ចាំងតាមរយៈលទ្ធផលជាក់ស្តែង ដោយសេដ្ឋកិច្ចចិនរក្សាបានកំណើនខ្ពស់ជាច្រើនទសវត្សរ៍ និងបានឈានដល់ទំហំជិត ២០ ទ្រីលានដុល្លារនៅឆ្នាំ២០២៥។ គួរបញ្ជាក់ថា ចាប់ពីទសវត្សរ៍ឆ្នាំ១៩៨០ រហូតដល់ដើមទសវត្សរ៍ឆ្នាំ២០១០ សេដ្ឋកិច្ចចិនបានរក្សាកំណើនមធ្យមប្រមាណ ៩–១០ ភាគរយក្នុងមួយឆ្នាំ មុនពេលបម្លែងទៅគំរូ «អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»។ បើប្រៀបធៀប នៅឆ្នាំ១៩៧៨ ពេលចិនចាប់ផ្តើមអនុវត្តន៍នយោបាយកំណែទម្រង់ និងបើកចំហ សេដ្ឋកិច្ចជាតិមានទំហំត្រឹមប្រមាណ ១៥០ ពាន់លានដុល្លារប៉ុណ្ណោះ។ សូចនាករទាំងនេះបង្ហាញថា បក្សកុម្មុយនិស្តចិនបានក្លាយជាថាមពលនយោបាយដែលមានឥទ្ធិពលយូរអង្វែងនៅក្នុងដួងចិត្តប្រជាជន និងជាគំរូមួយសម្រាប់មនុស្សជាតិ។

ក្នុងន័យយុទ្ធសាស្ត្រ បក្សកុម្មុយនិស្តចិនបានសម្រេចគោលដៅ «សតវត្សរ៍ទី១» (១៩២១–២០២១) ដោយធ្វើឱ្យប្រាក់ចំណូលមធ្យមក្នុងមនុស្សម្នាក់កើនឡើងជាច្រើនដង និងបង្រួញគម្លាតអភិវឌ្ឍរវាងទីក្រុង និងជនបទ។ លទ្ធផលនេះបានបង្កើនគុណភាពជីវិតប្រជាជន និងក្លាយជាមេរៀនសំខាន់សម្រាប់បក្សនយោបាយនៅជុំវិញពិភពលោកថា ការកាត់បន្ថយភាពក្រីក្រដោយជោគជ័យត្រូវការយុទ្ធសាស្ត្រដែលផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ ការធ្វើផែនការយូរអង្វែង និងការគ្រប់គ្រងអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព។ វាក៏ជាមូលដ្ឋានសម្រាប់ការជំរុញ «ទំនើបកម្មសង្គមនិយមតាមបែបផែនចិន» និងការស្តារឡើងវិញនូវភាពអស្ចារ្យនៃប្រជាជាតិចិន។

ក្នុងវិស័យអភិវឌ្ឍបៃតង ប្រទេសចិនបានបង្កើនល្បឿនការការពារបរិស្ថាន និងកសាងអរិយធម៌អេកូឡូស៊ី។ ជាមួយនឹងផ្ទៃដីព្រៃប្រមាណជាង ២៥% នៃផ្ទៃដីសរុប និងតំបន់ដីសើមធំបំផុតមួយនៅលើពិភពលោក ប្រទេសចិនបានកំណត់គោលដៅឈានទៅសម្រេចអព្យាក្រឹតភាពកាបូនមុនឆ្នាំ២០៦០។ ក្នុងពេលដូចគ្នា ប្រទេសចិនក៏បានក្លាយជាវិនិយោគិនធំបំផុតក្នុងថាមពលកកើតឡើងវិញ ដែលបង្ហាញពីការផ្លាស់ប្តូរទិសដៅអភិវឌ្ឍពី «កំណើនលឿន» ទៅកាន់ «កំណើនបៃតង និងអភិវឌ្ឍប្រកបដោយចីរភាព» ដោយផ្តោតលើសុខុមាលភាពប្រជាជនជាអាទិភាព។

លើឆាកអន្តរជាតិ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតជាមួយប្រទេសជាង ១២០ និងចូលរួមយ៉ាងសកម្មក្នុងប្រព័ន្ធពហុភាគី ជាពិសេសក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។ តួនាទីនេះបង្ហាញថា ការរក្សាស្ថិរភាពក្នុងប្រទេស និងការលើកកម្ពស់សហប្រតិបត្តិការអន្តរជាតិ គឺជាគន្លឹះសម្រាប់ការអភិវឌ្ឍរួម និងការកាត់បន្ថយហានិភ័យជម្លោះនៅលើពិភពលោក។

ជាមួយគ្នានេះ បក្សកុម្មុយនិស្តចិនបានអភិវឌ្ឍគំរូ «ប្រជាធិបតេយ្យតាមបែបផែនចិន» ដែលផ្តោតលើការចូលរួមរបស់ប្រជាជនក្នុងដំណើរការអភិបាលកិច្ច និងការពង្រឹងអត្តសញ្ញាណអរិយធម៌។ គំនិតនេះត្រូវបានភ្ជាប់ជាមួយគំនិតផ្តួចផ្តើមសកលសំខាន់ៗ រួមទាំងគំនិតផ្តួចផ្តើមអរិយធម៌សកល និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលមានគោលបំណងកសាងពិភពលោកជាសហគមន៍ដែលមានជោគវាសនារួមសម្រាប់មនុស្សជាតិ។

ជាសរុបបទពិសោធន៍ជាងមួយសតវត្សរ៍របស់បក្សកុម្មុយនិស្តចិន បង្ហាញពីគំរូអភិវឌ្ឍដែលភ្ជាប់សូចនាករសេដ្ឋកិច្ច សង្គម បរិស្ថាន វប្បធម៌ និងមនុស្សជាតិជាអង្គភាពរួមតែមួយ។ ទោះបីបរិបទនយោបាយ និងប្រវត្តិសាស្ត្ររបស់ប្រទេសនីមួយៗខុសគ្នាក៏ដោយ មេរៀនសកលដែលបក្សនយោបាយអាចយកជាគន្ថនិទ្ទេសបាន គឺការកំណត់យកប្រជាជនជាមជ្ឈមណ្ឌល ការធ្វើផែនការយូរអង្វែងផ្អែកលើទិន្នន័យវិទ្យាសាស្ត្រ និងការវាស់វែងលទ្ធផលអភិវឌ្ឍតាមសូចនាករជាក់ស្តែង៕