ទេសរដ្ឋមន្រ្តី ថោង ខុន ប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋមដល់លោកគ្រូ អ្នកគ្រូចំនួន ៥២នាក់ នៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ នៃខេត្តកំពង់ធំ
15-03-2026 14:32
(កំពង់ធំ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីប្រគល់វិញ្ញាបនបត្រកំព្យូទ័រថ្នាក់បឋមដល់លោកគ្រូ អ្នកគ្រូ នៅក្នុងស្រុកតាំងគោក និងស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក, លោកអភិបាលរងស្រុកបារាយណ៍ លោកប្រធានការិយាល័យអប់រំស្រុកតាំងគោក និងស្រុកបារាយណ៍ និងសិក្ខាកាមជាច្រើននាក់ទៀត។
នាឱកាសនោះ លោក ហុង សុខអឿន ប្រធានគ្រប់គ្រងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព័ត៌មានវិទ្យានៃស្រុកបារាយណ៍ បានរាយការណ៍ពីដំណើរការវគ្គសិក្សាកុំព្យូទ័រ ដែលបានចាប់ផ្តើមបើកវគ្គដំបូងនៅឆ្នាំ២០០៩ និងរហូតដល់បានសាងសង់អគារសិក្សា ១ខ្នង ០២ជាន់ កាលពីឆ្នាំ២០១៨ ដោយថវិការបស់សប្បុរសជនជាជនជាតិបារាំង លោក Édouard George ប្រធានក្រុមហ៊ុន Phoenix Voyages។ គិតមកដល់ឆ្នាំ២០២៦នេះ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈព័ត៌មាន និងទេសចរណ៍នេះ បានបណ្តុះបណ្តាលជំនាញកុំព្យូទ័របឋមបានចំនួន ៤១វគ្គ និងសិស្សបានបញ្ចប់ការសិក្សាចំនួន ១ ៦១១នាក់ហើយ។ សម្រាប់វគ្គសិក្សាទី៤១នេះ មានលោកគ្រូ អ្នកគ្រូ ៥២រូប មកពីស្រុកតាំងគោក និងស្រុកបារាយណ៍ និងបានសិក្សាចាប់ពីខែមីនា ដល់ខែធ្នូ ឆ្នាំ២០២៥ ដោយមានរយៈពេល ៨២ម៉ោង (សិក្សាតែថ្ងៃអាទិត្យ រយៈពេល ០២ម៉ោង)។
លោកបណ្ឌិត ថោង ខុន បានលើកឡើងពីសភាពការណ៍ថ្មីៗនៅក្នុងពិភពលោក ដែលបណ្តាលមកពីការប្រកួតប្រជែងរវាងមហាអំណាចធំៗ បញ្ហាសង្គ្រាមពាណិជ្ជកម្ម បច្ចេកវិទ្យា ហើយថ្មីៗនេះសង្គ្រាម រវាងអ៉ីស្រាអែល- អាមេរិក ជាមួយ អ៉ីរ៉ង់ និងសង្គ្រាមក្នុងតំបន់ផងនោះ។ លោកក៏បានលើកឡើងពីបញ្ហាសង្គ្រាមតាមព្រំដែនកម្ពុជា-ថៃ ដែលកើតឡើងពីការឈ្លានពានរបស់ថៃ ហើយដែលសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្សប្រជាជន បានដាក់ចេញយុទ្ធសាស្ត្រ «ស្ងាត់តែមិនស្ងៀម» និងធ្វើការដោះស្រាយជម្លោះដោយមានការថ្លឹងថ្លែងគ្រប់ជ្រុងជ្រោយ និងប្រកបដោការទទួលខុសត្រូវ។ កម្ពុជានៅតែបន្តស្វែងរកច្បាប់អន្តរជាតិ និងយន្តការផ្សេងៗ ដើម្បីដោះស្រាយ ដោយប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិ និងបូរណភាពដែនដីទាំងបច្ចុប្បន្ន និងអនាគត។
នាឱកាសនោះដែរ លោកបណ្ឌិត ថោង ខុន ក៏បានលើកបញ្ហាទាក់ទងនឹងការឆបោកតាមប្រព័នុធ បច្ចេកវិទ្យា (Scam Online ) និងបញ្ជាក់ថា នេះជាបញ្ហាសកល និងតំបន់ មិនមែនមានតែនៅកម្ពុជានោះទេ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តបង្ក្រាប និងបោសសំអាតឱ្យអស់មិនឱ្យមានទីតាំងឆបោក Scam Online នៅលើទឹកដីកម្ពុជានោះទេ និងបានបញ្ជាក់ថា សេដ្ឋកិច្ច Scam onlineនេះ ជាប្រភេទសេដ្ឋកិច្ចខ្មៅ មិនមានចំណូលចូលថវិការដ្ឋ និងជួយដល់សេដ្ឋកិច្ចជាតិនោះឡេីយ មានតែធ្វើឱ្យមុខមាត់ និងកិត្តិយសជាតិអាប់អោនតែប៉ុណ្ណោះ និងបានអំពាវនាវឱ្យទាំងអស់គ្នារួមគ្នាក្នុងទស្សន:មួយ និងសកម្មភាពតែមួយ ដើម្បីចូលរួមទប់ស្កាត់ និងបោសសំអាតមូលដ្ឋាន និងសកម្មភាពឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យាឱ្យអស់ពីទឹកដីកម្ពុជា។
លោកបណ្ឌិតក៏បានបញ្ជាក់ទៀតថា កាលពីថ្ងៃសុក្រ ទី១៣ ខែមីនា ឆ្នាំ២០២៦នេះ គណរដ្ឋមន្ត្រី ក៏បានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងនិងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារួចរាល់ហើយ ដើម្បីដាក់ជូនស្ថាប័ននិតិបញ្ញត្តិពិនិត្យ និងអនុម័តនៅពេលឆាប់ៗខាងមុខនេះ។
លោកបណ្ឌិត ថោង ខុន សុំឱ្យលោកគ្រូ អ្នកគ្រូ មន្ត្រីរាជការ និងប្រជាពលរដ្ឋមានជំនឿជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ, ពង្រឹងសាមគ្គីភាព រួបរួមកម្លាំងគ្នាជាធ្លុងមួយ, និងត្រូវយល់ដឹងពីប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងច្បាប់អន្តរជាតិនានា ដើម្បីការពារទឹកដីខ្មែរឱ្យនៅគង់វង្សជារៀងរហូត។ ព្រមជាមួយនោះ ត្រូវចេះរៀនរស់នៅក្នុងសភាពការណ៍ថ្មី (New Normal) ខិតខំបង្កើត និងលើកស្ទួយផលិតផលក្នុងស្រុក បង្កើតការងារថ្មី ដើម្បីស្ថិរភាពសេដ្ឋកិច្ចជាតិយើង។
លោកបណ្ឌិត ថោង ខុន ក៏បានបញ្ជាក់ពីការបន្តជួយឧបត្ថម្ភគាំទ្រដល់សាលាបណ្តុះបណ្តាលនេះទៅមុខទៀត ដើម្បីក្លាយជាថ្នាលបណ្តុះបណ្តាលជំនាញកំព្យូទ័រសម្រាប់គ្រូបង្រៀន សិស្ស និងយុវជនជំនាន់ក្រោយៗបន្តទៀត និងអបរសាទរដល់លោកគ្រូ អ្នកគ្រូទាំង ៥២នាក់ ដែលទើបបានបញ្ចប់វគ្គទី៤១នេះ និងសូមឱ្យលោកគ្រូ អ្នកគ្រូ យកចំណេះដឹងដែលបានរៀនសូត្រនេះ ទៅអនុវត្តក្នុងការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត និងសូមបន្តអភិវឌ្ឍន៍សមត្ថភាពជំនាញពត៌មានវិទ្យានេះនៅកម្រិតមធ្យម និងឧត្តមបន្ថែម។
ក្នុងឱកាសនោះដែរ លោក ថោង ខុន ក៏បានផ្តល់ជូនលោកគ្រូ អ្នកគ្រូ នូវសៀវភៅប្រវត្តិសាស្ត្រពិភពលោកពីសម័យបុរេប្រវត្តិមកដល់បច្ចុប្បន្ន ក្នុងម្នាក់ មួយក្បាល ដែលជាអំណោយរបស់លោក ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕































