រដ្ឋមន្រ្តីក្រសួងកិច្ចការនារី៖ ស្រ្តីមានតួនាទីចូលរួមជាដៃគូស្មើភាពជាមួយបុរស ក្នុងការពន្លឿនលើការកសាង ថែរក្សា និងស្តារឡើងវិញពេលដែលប្រទេសជាតិជួបវិបត្តិ
15-03-2026 15:28
(ភ្នំពេញ)៖ លោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានថ្លែងថា ស្រ្តីមានតួនាទីដូចបុរសធ្វើការងារជូនប្រទេសជាតិ ចូលរួមជាដៃគូរស្មើភាពជាមួយបុរស ដើម្បីចូលរួមលើកិច្ចអភិវឌ្ឍន កសាង ថែររក្សា និងស្តារឡើងវិញនៅពេលដែលប្រទេសជាតិជួបវិបត្តិ។
ការថ្លែងរបស់លោកស្រីកិត្តិបណ្ឌិត បានធ្វើឡើងនៅក្នុងព្រឹត្តិការណ៍ដើរ «ដើម្បីសន្តិភាពយូរអង្វែង សម្រាប់យើងទាំងអស់គ្នា» ក្នុងយុទ្ធនាការអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ដែលពិធីដើរចាប់ផ្តើមពីមុខវត្តបទុមវតី ឆ្ពោះទៅវត្តភ្នំ ក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមប្រមាណ ១,៧០០នាក់ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានបន្តថា «កំឡុងពេលមានបញ្ហានៅតាមបណ្តាយព្រំដែន ស្រ្តីបានចូលរួមនៅជួរមុខ ជាកងទ័ព ជានគរបាល ជាកងរាជអាវុធហត្ថ ហើយបានចូលរួមនៅជួរក្រោយដែរ ជាកងទ័ពអាវសក្នុងការព្យាបាលអ្នករងរបួស និងចូលរួមនាំយកសម្ភារៈ ស្បៀងអាហារជូនកងទ័ពជួរមុខ និងជនភៀសសឹកផងដែរ។ ដូចនេះ តួនាទីរបស់ស្រ្តីមិនមែនត្រឹមតែទទួលផលទេ តែស្រ្តីមានតួនាទីដូចបុរសធ្វើការងារជូនប្រទេសជាតិ ចូលរួមជាដៃគូស្មើភាពជាមួយបុរស ដើម្បីចូលរួមលើកិច្ចអភិវឌ្ឍ កសាង ថែររក្សា និងស្តារឡើងវិញនៅពេលដែលប្រទេសជាតិជួបវិបត្តិ»។
លោកស្រីកិត្តិបណ្ឌិត បន្តទៀតថា ការផ្តល់សិទ្ធជូនស្រ្តីឱ្យស្មើភាពនឹងបុរស មិនមែនជាការបង្អាក់តម្លៃ ឬមិនផ្តល់តម្លៃទៅកាន់បុរសនោះទេ តែបុរសត្រូវបានចាត់ទុកថាគឺជាដៃគូរដ៏សំខាន់សម្រាប់ស្រ្តី ដែលគោរពគ្នាទៅវិញទៅមក ជួយកិច្ចការគ្នាទៅវិញទៅមកដោយសន្តិភាពនៅក្នុងសង្គមជាតិ ជាពិសេសនៅក្នុងសង្គមគ្រួសារ។
ទន្ទឹមនឹងនេះលោកស្រីកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានអំពាវនាវដល់ក្រុមគ្រួសារ ជាពិសេសស្វាមី និងដៃគូបុរសទាំងអស់ជួយគាំទ្រ និងបង្កលក្ខណៈអំណោយផលឱ្យស្រ្តីអាចចូលរួមចំណែកជាមួយនឹងបុរសដែរ ក្នុងការបំពេញការងារប្រកបដោយជោគជ័យ ហើយស្ត្រីខ្លួនឯងត្រូវមានជំនឿជាក់លើខ្លួនឯង និងត្រូវពង្រឹងសមត្ថភាពខ្លួនឯងឱ្យមានភាពរឹងមាំ ថ្លៃថ្នូរ ដើម្បីធ្វើដំណើរទៅមុខដោយស្មើភាពជាមួយនឹងបុរស៕




