បណ្ឌិត ញិល រដ្ឋា៖ ល្បិចនាគចិន ក្នុងការជួយតោព្យែក ដែលរបួសដោយសារឥន្ទ្រីយ៍ចំណាស់

15-03-2026 17:04

(ភ្នំពេញ)៖ នៅក្នុងកម្តៅសង្គ្រាមឆ្នាំ២០២៦ សម្រាប់លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច បានមើលឃើញថា ចិនមិនមែនគ្រាន់តែជាអ្នកឈរមើលដោយអសកម្មនោះទេ ប៉ុន្តែជា «ការប្រយុទ្ធដើម្បីរស់» របស់សេដ្ឋកិច្ចចិនផ្ទាល់តែម្តង។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មកកាន់បណ្ដាញព័ត៌មាន Fresh News។

អ្នកជំនាញខាងលើ បានបន្តទៀតថា នៅពេលដែលច្រកសមុទ្រម៉ាឡាកា, ច្រករបៀងនៅប៉ាគីស្ថាន និងមីយ៉ាន់ម៉ា មិនអាចផ្តល់ទំនុកចិត្តបាន ទីក្រុងប៉េកាំងបានប្រើប្រាស់វិបត្តិអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ដើម្បីថែរក្សា និងពង្រឹងឥទ្ធិពលសកលរបស់ខ្លួនតាមរយៈទិដ្ឋភាពស្នូលចំនួន៥ ដែលមានដូចជា៖ ភូមិសាស្រ្តនយោបាយ, មនោគមវិជ្ជា ប្រឆាំងនឹងឯកប៉ូល, ការទូត (BRICS & SCO) ដែលជាកំពែងការពារពហុភាគី, សមត្ថភាពយោធា (ស្រមោលបច្ចេកវិទ្យាដែលមើលមិនឃើញ) និងសេដ្ឋកិច្ច ជោគជ័យលើគំនរវិបត្តិ។

១. ភូមិសាស្ត្រនយោបាយ

ក្នុងពិភពដែលថាមពលគឺជា «ឈាម» ចិនបានដើរតួជា «សរសៃឈាមយុទ្ធសាស្ត្រ» ដើម្បីទម្លុះការឡោមព័ទ្ធរបស់អាមេរិក។ ការសម្រេចចិត្តចេញមុខការពារអ៊ីរ៉ង់ក្នុងឆ្នាំ២០២៦នេះ មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាគឺជាការឆ្លើយតបទៅនឹងភាពបរាជ័យនៃខ្សែច្រវាក់យុទ្ធសាស្ត្រ នៅតំបន់ផ្សេងៗ៖

- ការទម្លុះការបិទខ្ទប់៖ ខណៈអាមេរិកប្រើកម្លាំងបាយបិទច្រក Hormuz ចិនបានប្រើប្រាស់ឥទ្ធិពលមហាអំណាចរបស់ខ្លួន ដើម្បីបន្តនាំចូលប្រេងពីអ៊ីរ៉ង់ដោយមិនខ្លាចញញើត។ នេះគឺជាការប្រកាសថា «តំបន់អភ័យឯកសិទ្ធិ» របស់ចិន មិនស្ថិតក្រោមច្បាប់អាមេរិកឡើយ។

- កំពង់ផែ Jask ច្រកដង្ហើមចុងក្រោយ៖ ការវិនិយោគលើកំពង់ផែ Jask (ស្ថិតនៅខាងក្រៅច្រក Hormuz) គឺជាយុទ្ធសាស្ត្រវាងផ្លូវឡោមព័ទ្ធ (Bypass Strategy) ដ៏ឆ្លាតវៃបំផុត។ វាអនុញ្ញាតឱ្យនាវាចិនអាចផ្ទេរប្រេងបានដោយផ្ទាល់ ទោះបីជាច្រកសមុទ្រ Hormuz ត្រូវបានបិទជិតដោយកងទ័ពជើងទឹកអាមេរិកក៏ដោយ។

នៅពេលដែលប៉ាគីស្ថាន និងមីយ៉ាន់ម៉ាដែលជា «ផែនការ A» បរាជ័យ អ៊ីរ៉ង់បានក្លាយជា «ផែនការ B ដ៏រឹងមាំតែមួយគត់»។ ការការពារអ៊ីរ៉ង់ គឺជាការការពារ «សរសៃឈាមចុងក្រោយ» នៃសន្តិសុខថាមពលជាតិចិន។

២. មនោគមវិជ្ជា៖ ការប្រឆាំងនឹងឯកប៉ូល (Anti-Hegemony)

ចិនមិនត្រឹមតែជួយអ៊ីរ៉ង់ផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់ទំនាក់ទំនងនេះជាអាវុធមនោគមវិជ្ជា ដើម្បីបំបែកឥទ្ធិពលសេរីនិយមរបស់លោកខាងលិច និងសរសេរច្បាប់សណ្តាប់ធ្នាប់ពិភពលោកឡើងវិញ៖

- ប្លុកខាងកើតដ៏រឹងមាំ (The New Eastern Bloc)៖ តាមរយៈការរឹតចំណងមិត្តភាពជាមួយអ៊ីរ៉ង់ និងរុស្ស៊ី ចិនបានបង្ហាញឱ្យពិភពលោកឃើញថា យុទ្ធសាស្ត្រ «ការដាក់ទណ្ឌកម្មអតិបរមា» និងការបំបែកឯកោពីសំណាក់សហរដ្ឋអាមេរិក គឺជាអាវុធដែលអស់សិទ្ធិភាព។ ការរួមគ្នានេះបានក្លាយជា «ជញ្ជាំងដែក» ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ។

- អ្នករក្សាសន្តិភាព ទល់នឹងអ្នកបង្កជម្លោះ៖ ក្នុងសង្រ្គាមព័ត៌មាន ចិនបានវាយបកយ៉ាងខ្លាំងក្លាដោយបង្ហាញថា អាមេរិកគឺជាមហាអំណាចដែលចូលចិត្តប្រើកម្លាំងបាយ និងបង្កើតភាពវឹកវរ (Chaos) ដើម្បីផលប្រយោជន៍ខ្លួន។ ផ្ទុយទៅវិញ ចិនដាក់ខ្លួនជា «មហាអំណាចប្រកបដោយការទទួលខុសត្រូវ» ដែលនាំមកនូវសន្តិភាពតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច និងការគោរពអធិបតេយ្យភាព។

យុទ្ធសាស្ត្រមនោគមវិជ្ជារបស់ចិន គឺធ្វើឱ្យអាមេរិកមើលទៅដូចជា «ប៉ូលីសសកលដែលចូលនិវត្តន៍» រីឯចិនគឺជា «អ្នកសម្របសម្រួលសករាជថ្មី»។ នេះគឺជាជ័យជម្នះផ្នែកស្មារតី ដែលធ្វើឱ្យសម្ព័ន្ធមិត្តរបស់អាមេរិកជាច្រើន ចាប់ផ្តើមរង្គោះរង្គើ និងងាកមកពិចារណាពីទំនាក់ទំនងជាមួយចិនឡើងវិញ។ឮ

៣. ការទូត (BRICS & SCO)៖ កំពែងការពារពហុភាគី

នៅក្នុងសិល្បៈសឹក សត្រូវដែលពិបាកប្រយុទ្ធជាមួយបំផុត គឺសត្រូវដែលមានសម្ព័ន្ធមិត្តច្រើន។ ចិនបានអនុវត្តយុទ្ធសាស្ត្រ «ខ្ចីដៃអ្នកដទៃការពារមិត្ត» យ៉ាងស្ទាត់ជំនាញបំផុត ដោយបំប្លែងជម្លោះទ្វេភាគី ឱ្យទៅជាការប្រឈមមុខគ្នារវាងអាមេរិក និងប្លុកមហាអំណាចសេដ្ឋកិច្ចថ្មី៖

- ខែលការទូត (The Diplomatic Shield)៖ តាមរយៈការជម្រុញឱ្យអ៊ីរ៉ង់ក្លាយជាសមាជិកពេញសិទ្ធិនៃ BRICS+ និងអង្គការសហប្រតិបត្តិការស៊ាងហៃ (SCO) ចិនបានសាងសង់កំពែងការពារដ៏រឹងមាំមួយ។ រាល់ការបាញ់មីស៊ីល ឬការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើក្រុងតេអេរ៉ង់ លែងជារឿងបុគ្គលទៀតហើយ ប៉ុន្តែវាគឺជាការប៉ះពាល់ដល់ផលប្រយោជន៍រួមនៃក្រុមប្រទេសដែលមានប្រជាជនពាក់កណ្តាលពិភពលោក និងមានទំហំសេដ្ឋកិច្ចមហិមា។

- ការបំបែកភាពឯកោ និងការដាក់សម្ពាធត្រឡប់៖ ចិនជោគជ័យក្នុងការប្រែក្លាយសង្គ្រាមនេះ ឱ្យទៅជាជម្លោះរវាង «អាមេរិក និងប្លុកប្រទេសមិនមែនបច្ចឹមលោក»។ នៅពេលដែលអាមេរិកចង់វាយប្រហារអ៊ីរ៉ង់ ពួកគេត្រូវគិតគូរពីផលប៉ះពាល់ដល់ទំនាក់ទំនងជាមួយឥណ្ឌា ប្រេស៊ីល អាហ្វ្រិកខាងត្បូង និងអារ៉ាប៊ីសាអូឌីត (សមាជិក BRICS ថ្មី) ដែលមិនចង់ឃើញអស្ថិរភាពក្នុងតំបន់។

ចិនបានបង្រៀនឱ្យពិភពលោកឃើញថា ក្នុងសតវត្សទី២១ «សម្ព័ន្ធភាពសេដ្ឋកិច្ច» អាចមានអំណាចការពារស្មើនឹង «សម្ព័ន្ធភាពយោធា»។ ការដែលចិនគ្រាន់តែឈរពីក្រោយឆាក ហើយរុញច្រានឱ្យ BRICS និង SCO ចេញមុខការពារគោលការណ៍ច្បាប់អន្តរជាតិ គឺជាការទម្លាក់អាមេរិកឱ្យទៅជា «អ្នករំលោភច្បាប់» នៅក្នុងក្រសែភ្នែកពិភពលោក។

៤. សមត្ថភាពយោធា៖ ស្រមោលបច្ចេកវិទ្យាដែលមើលមិនឃើញ

ទោះបីជាចិនតែងតែបដិសេធជាផ្លូវការនូវការផ្តល់អាវុធមហាប្រល័យ ប៉ុន្តែ «ស្នាមមេដៃ» បច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង បានក្លាយជាឆ្អឹងខ្នងនៃយុទ្ធសាស្ត្រការពារខ្លួនរបស់អ៊ីរ៉ង់ ក្នុងសមរភូមិឆ្នាំ២០២៦៖

- អន្ទាក់នៃការចំណាយ (The Spending Trap)៖ ចិនបានផ្គត់ផ្គង់អ៊ីរ៉ង់នូវបច្ចេកវិទ្យា «រូបភាពបោកបញ្ឆោត» (High-fidelity Decoys) ដែលមានសមត្ថភាពជះកាំរស្មីរ៉ាដា និងកម្ដៅដូចអាវុធពិតៗ។ នៅពេលអាមេរិកបាញ់មីស៊ីលតម្លៃរាប់លានដុល្លារ ដើម្បីកម្ទេច «រូបភាពបំភាន់» តម្លៃត្រឹមរាប់ពាន់ដុល្លារ វាមិនត្រឹមតែជាការខាតបង់គ្រាប់រំសេវប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការវាយប្រហារលើផ្លូវចិត្ត និងសេដ្ឋកិច្ចយោធារបស់អាមេរិកផ្ទាល់។

- ខែលឌីជីថល និងភ្នែកទិព្វ Beidou៖ ការចែករំលែកទិន្នន័យពីប្រព័ន្ធផ្កាយរណប Beidou របស់ចិន បានផ្តល់ឱ្យអ៊ីរ៉ង់នូវសមត្ថភាពមើលឃើញសមរភូមិក្នុងកម្រិតជាក់ស្តែង (Real-time data)។ នេះអនុញ្ញាតឱ្យអ៊ីរ៉ង់អាចដឹងមុននូវចលនាទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់អាមេរិក ជាហេតុធ្វើឱ្យយុទ្ធសាស្ត្រវាយឆ្មក់របស់លោក Trump ជួបការលំបាក។

នៅក្នុងសមរភូមិនេះ ចិនជួយអ៊ីរ៉ង់ប្រយុទ្ធដោយ «ពន្លឺ និងព័ត៌មាន» ជាជាង «ដែក និងភ្លើង»។ យុទ្ធសាស្ត្រ «ស្រមោលបច្ចេកវិទ្យា» នេះ មិនត្រឹមតែការពារអ៊ីរ៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការសាកល្បងសមត្ថភាពអាវុធរបស់ចិន ប្រឈមមុខនឹងបច្ចេកវិទ្យាអាមេរិកនៅក្នុងសមរភូមិជាក់ស្តែងទៀតផង។

៥. សេដ្ឋកិច្ច៖ ជោគជ័យលើគំនរវិបត្តិ

នៅក្នុងយុទ្ធសាស្ត្រ «អ្នកបញ្ជាពីក្រោយឆាក» ចិនបានបង្ហាញឱ្យឃើញថា សង្រ្គាមមជ្ឈិមបូព៌ាមិនមែនជាមហន្តរាយសម្រាប់ខ្លួននោះទេ ប៉ុន្តែវាគឺជា «កាតាលីករ» សម្រាប់ជម្រុញមហិច្ឆតាសេដ្ឋកិច្ចសកល។ ខណៈដែលពិភពលោកកំពុងញាប់ញ័រដោយសារតម្លៃថាមពលហក់ឡើងខ្ពស់ ចិនបានកសាងនូវ «កោះសន្តិសុខសេដ្ឋកិច្ច» ដ៏រឹងមាំមួយ៖

- យុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងគ្រាអាសន្ន៖ ចិនបានទាញយកផលចំណេញពីស្ថានភាព «គ្មានជម្រើស» របស់អ៊ីរ៉ង់ ដោយបន្តទិញប្រេងក្នុងតម្លៃបញ្ចុះយ៉ាងគំហុក (Discounted Rates ក្នុងខណៈដែលតម្លៃទីផ្សារសកលហក់ដល់១២០ដុល្លារ)។ ស្ថិរភាពនេះអនុញ្ញាតឱ្យចិនអាចស្តុកទុកប្រេងបម្រុងបានដល់ទៅ ១១៥ ថ្ងៃ ធានាឱ្យរោងចក្រ និងសេដ្ឋកិច្ចរបស់ខ្លួនដំណើរការយ៉ាងរលូន ទោះបីជាពិភពលោកជួបវិបត្តិផ្គត់ផ្គង់ក៏ដោយ។

- អាវុធ «យន់» (De-dollarization)៖ ការទូទាត់ថ្លៃប្រេងជាមួយអ៊ីរ៉ង់តាមរយៈប្រព័ន្ធ CIPS និងរូបិយបណ្ណយន់ គឺជាការវាយប្រហារចំចំណុចខ្សោយនៃអនុត្តរភាពដុល្លារ។ សង្គ្រាមកាន់តែអូសបន្លាយ ចិនកាន់តែមានឱកាសបង្ហាញថា «យន់» គឺជាជម្រកហិរញ្ញវត្ថុដ៏មានសុវត្ថិភាពជាងដុល្លារដែលអាមេរិកប្រើជាអាវុធដាក់ទណ្ឌកម្ម។

តាមរយៈការបញ្ជាឱ្យបញ្ឈប់ការនាំចេញប្រេងឥន្ធនៈក្នុងស្រុកភ្លាមៗក្នុងខែមីនា ឆ្នាំ២០២៦ ចិនបានធានាថាប្រជាជន និងអាជីវកម្មរបស់ខ្លួនមានប្រេងប្រើប្រាស់ក្នុងតម្លៃថេរ។ ស្ថិរភាពតម្លៃទំនិញក្នុងស្រុករបស់ចិន ក្នុងពេលដែលបច្ចឹមលោកជួបវិបត្តិអតិផរណា នឹងធ្វើឱ្យវិនិយោគិនបរទេសកាន់តែមានទំនុកចិត្តលើទីផ្សារចិន។

* សេចក្តីសន្និដ្ឋានរួម៖

ចិនមិនត្រឹមតែការពារអ៊ីរ៉ង់ឱ្យរស់រានដើម្បីរក្សា «សរសៃឈាមយុទ្ធសាស្ត្រ» ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើប្រាស់វិបត្តិនេះដើម្បី៖
១. បង្ហាញពីការបរាជ័យនៃអំណាចដាច់មុខរបស់អាមេរិក។
២. ពង្រឹងប្លុក BRICS/SCO ឱ្យក្លាយជាមហាអំណាចថ្មី។
៣. គ្រប់គ្រងទីផ្សារថាមពល និងហិរញ្ញវត្ថុសកលតាមរបៀបថ្មី។

សម្រាប់ទីក្រុងប៉េកាំង ជ័យជម្នះពិតប្រាកដមិនមែនស្ថិតនៅលើសមរភូមិបាញ់បោះឡើយ ប៉ុន្តែស្ថិតនៅលើការគ្រប់គ្រង «ខ្សែច្រវាក់ផ្គត់ផ្គង់ ថាមពល និងបច្ចេកវិទ្យា» ដែលជាអំណាចពិតប្រាកដនៃសតវត្សទី ២១។

ផ្អែកលើស្ថានភាពឆ្នាំ២០២៦ ខាងមុខនេះគឺជាជំហានយុទ្ធសាស្ត្រដែលចិនអាចនឹងអនុវត្ត៖

១. ការពង្រឹង «អធិបតេយ្យភាពបច្ចេកវិទ្យា» នៅមជ្ឈិមបូព៌ា៖ ចិននឹងមិនត្រឹមតែលក់ទំនិញធម្មតាឡើយ ប៉ុន្តែនឹងក្លាយជាអ្នកសាងសង់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល (5G, AI, និងប្រព័ន្ធផ្កាយរណប) សម្រាប់ប្រទេសក្នុងតំបន់។ គោលដៅគឺធ្វើឱ្យបណ្តាប្រទេសមជ្ឈិមបូព៌ា "ដកខ្លួនមិនរួច" ពីបច្ចេកវិទ្យាចិន ដែលជាខែលការពារពួកគេពីការឃ្លាំមើល និងការដាក់ទណ្ឌកម្មរបស់បច្ចឹមលោក។

២. ការជំរុញ «ប្រព័ន្ធហិរញ្ញវត្ថុស្របគ្នា»៖ ចិននឹងឆ្លៀតឱកាសដែលពិភពលោកកំពុងបារម្ភពីស្ថិរភាពដុល្លារ ដើម្បីពង្រីកការប្រើប្រាស់ e-CNY (យន់ឌីជីថល) ក្នុងពាណិជ្ជកម្មថាមពលខ្នាតធំ។ យើងអាចនឹងឃើញការបង្កើត «ទីផ្សារថាមពល BRICS» ដែលទូទាត់តែរូបិយបណ្ណក្នុងស្រុក ធ្វើឱ្យ SWIFT លែងជាឧបករណ៍ផ្តាច់មុខរបស់អាមេរិក។

៣. យុទ្ធសាស្ត្រ «ស្ងប់ស្ងាត់នៅមជ្ឈិមបូព៌ា ដើម្បីក្តៅនៅអាស៊ី»៖ ចិននឹងព្យាយាមអូសបន្លាយឱ្យសហរដ្ឋអាមេរិក «ជាប់ផុង» កម្លាំងយោធា និងធនធានហិរញ្ញវត្ថុនៅអ៊ីរ៉ង់ ឱ្យបានយូរបំផុតតាមដែលអាចធ្វើទៅបាន។ នៅពេលដែលឥន្ទ្រីយ៍ចំណាស់កំពុងរវល់នៅសមុទ្រ Hormuz នាគចិននឹងឆ្លៀតឱកាស «ពង្រីកឥទ្ធិពលកាន់តែខ្លាំងនៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់» ដោយដឹងថាអាមេរិកមិនមានលទ្ធភាពបើកសមរភូមិធំពីរក្នុងពេលតែមួយឡើយ។

៤. ការក្លាយជា «អ្នកសម្របសម្រួលសន្តិភាព»៖ ក្រោយពេលអាមេរិកចំណាយអស់ទាំងលុយ និងកិត្តិយសក្នុងសង្គ្រាម ចិននឹងចេញមុខមកដោះស្រាយវិបត្តិដោយសន្តិវិធីតាមរយៈវេទិកា BRICS+ ឬ SCO។ នេះគឺជាល្បិច «ឱ្យគេវាយគ្នាឱ្យអស់កម្លាំង រួចខ្លួនដើរចូលមកបំបែក» ដើម្បីដណ្តើមយកតំណែងជា «មេដឹកនាំសីលធម៌» របស់ពិភពលោក៕