លោកបណ្ឌិត ញិល រដ្ឋា៖ គុណតម្លៃប្រជាធិបតេយ្យ និងល្បែងអុកដែលគ្មានគុណធម៌ ពីបទពិសោធអ៊ុយក្រែន និងអនាគតនេប៉ាល់

15-03-2026 17:08

(ភ្នំពេញ)៖ ក្នុងនាមជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ញិល រដ្ឋា បានបង្ហាញមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ក្នុងពិភពនយោបាយទំនើប ការដឹកនាំរដ្ឋប្រៀបបាននឹងការលេងអុកដ៏ស្មុគស្មាញមួយ។ ប៉ុន្តែនៅពេល «អ្នកលេង» ប្រើប្រាស់តែល្បិចកលដើម្បីជ័យជម្នះ ដោយបោះបង់ចោលនូវសីលធម៌ និងគុណតម្លៃវិន័យ នោះល្បែងអុកនឹងក្លាយជាអាវុធដែលបំផ្លាញសង្គមជាតិទៅវិញ។
ក្នុងន័យនេះលោកបណ្ឌិត ញិល រដ្ឋា បានបញ្ជាក់អំពី គុណតម្លៃប្រជាធិបតេយ្យ និងល្បែងអុកដែលគ្មានគុណធម៌ ពីបទពិសោធប្រទេសអ៊ុយក្រែន និងអនាគតនៃប្រទេសនេប៉ាល់ ដូចតទៅ៖

១. និវត្តន៍នៃប្រជាធិបតេយ្យ៖ ពីសម្លេងរាស្ត្រទៅជាអំណាចពិត

ប្រជាធិបតេយ្យមានឫសគល់តាំងពីសម័យក្រិកបុរាណ (អាថែន) ដែលផ្តល់សិទ្ធិឱ្យពលរដ្ឋចូលរួមសម្រេចវាសនាប្រទេស។ គោលការណ៍គ្រឹះគឺ «អំណាចជារបស់រាស្ត្រ ដោយសាររាស្ត្រ និងដើម្បីរាស្ត្រ»។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំមកនេះ វាបានវិវត្តទៅតាមបរិបទភូមិសាស្ត្រនយោបាយខុសៗគ្នា៖

- ប្រជាធិបតេយ្យលោកខាងលិច (Western Democracy)៖ ផ្តោតលើ «សេរីភាពបុគ្គល» និងការបែងចែកអំណាចដាច់ពីគ្នា (នីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ) ដើម្បីធានាតុល្យភាព និងការការពារសិទ្ធិមនុស្សជាចម្បង។

- ប្រជាធិបតេយ្យលោកខាងកើត (Eastern/Asian Democracy)៖ ផ្សារភ្ជាប់នឹង «គុណតម្លៃគ្រួសារ និងសហគមន៍»។ ជារឿយៗ វាសង្កត់ធ្ងន់លើស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ច ដោយជឿថាជីវភាពរស់នៅដ៏សមរម្យ គឺជាគ្រឹះនៃសេរីភាពនយោបាយ។

- ប្រជាធិបតេយ្យអឺរ៉ាស៊ី (Eurasian Democracy)៖ ជាទម្រង់ «ប្រជាធិបតេយ្យដឹកនាំដោយអំណាចកណ្តាល» (Sovereign Democracy) ដែលសង្កត់ធ្ងន់លើអធិបតេយ្យភាពជាតិ និងមេដឹកនាំខ្លាំងពូកែ ដើម្បីរក្សាឯកភាពជាតិក្នុងចំណោមជាតិសាសន៍ចម្រុះ។

២. រ៉េប ប្រដាល់ និងការកំប្លែង៖ ស្មារតីចលាចល និងហានិភ័យបង្កប់
សិល្បៈ និងកីឡាឆ្លុះបញ្ចាំងពីចរិតលក្ខណៈមនុស្ស ប៉ុន្តែវាក៏បង្កប់នូវអាវុធមុខពីរដែលយើងត្រូវប្រុងប្រយ័ត្ន៖

- រ៉េប (Rap)៖ និមិត្តរូបនៃភាពហ៊ាននិយាយការពិត (Truth-telling) តាមរយៈការស្មូត។
ចំណុចខ្សោយ៖ អាចក្លាយជាឧបករណ៍នៃ «វប្បធម៌ប្រឆាំង» បែបជ្រុលនិយម បង្កប់ដោយពាក្យអសុរស និងការជំរុញឱ្យមានការបះបោរដោយគ្មានមូលដ្ឋានហេតុផលត្រឹមត្រូវ។

- ប្រដាល់ (Boxing)៖ សិល្បៈនៃវិន័យ និងការទទួលស្គាល់ការចាញ់-ឈ្នះ។
ចំណុចខ្សោយ៖ បង្កប់នូវសភាវគតិហិង្សា។ បើខ្វះការគ្រប់គ្រងផ្លូវចិត្ត (សមាធិ) វានឹងក្លាយជាចរិតអ្នកលេងដែលនិយមប្រើកម្លាំងបាយដោះស្រាយបញ្ហា ជាជាងការប្រើបញ្ញា និងសន្តិវិធី។

- ការកំប្លែង (Comedy)៖ កញ្ចក់ឆ្លុះបញ្ចាំងសង្គម និងការដាក់ខ្លួនតាមរយៈសំណើចមហាជន។
ចំណុចខ្សោយ៖ ងាយធ្លាក់ក្នុងអន្ទាក់នៃ «ការចំអកឡកឡើយ» បំផ្លាញសេចក្តីថ្លៃថ្នូរអ្នកដទៃ ឬយកបញ្ហាសង្គមដ៏ធ្ងន់ធ្ងរមកធ្វើជារឿងលេងសើច ដែលនាំឱ្យមហាជនលែងខ្វល់ខ្វាយពីដំណោះស្រាយពិត(មិនខ្វល់ស្ថានភាពជាក់ស្តែង)។

៤. ជម្រើស Gen-Z៖ ប្រជាធិបតេយ្យបែប «វៃឆ្លាត និងគុណធម៌»
សម្រាប់យុវជនជំនាន់ក្រោយ ប្រជាធិបតេយ្យត្រូវតែមានភាព «ស្មោះត្រង់ និងតម្លាភាព»។ ជម្រើសដ៏ប្រសើរគឺមេដឹកនាំដែល៖
- គោរពច្បាប់ល្បែង៖ លេងអុកដោយមានគុណធម៌ មិនប្រើល្បិចកខ្វក់ ឬរំលោភសិទ្ធិអ្នកដទៃដើម្បីតែអំណាច។
- ការទទួលខុសត្រូវ៖ ហ៊ានទទួលស្គាល់ការពិត កែកំហុស និងមិនសម្តែងធ្វើជាជនរងគ្រោះដើម្បីទាញយកការអាណិត។
- ចក្ខុវិស័យជាក់ស្តែង៖ ប្រើប្រាស់បច្ចេកវិទ្យា និងទិន្នន័យ (ទុកចិត្តបាន) ដើម្បីដោះស្រាយបញ្ហាជារួម (សម្លឹងព្រៃ មិនដើមឈើ) ជាជាងការប្រើវោហារសាស្ត្រទទេស្អាតលើឆាកសម្តែង។

*សន្និដ្ឋាន៖ ល្បែងអុកនយោបាយ ដែលគ្មានគុណធម៌ គឺគ្រាន់តែជាល្បែងដណ្តើមអំណាចដ៏គ្រោះថ្នាក់មួយ។ ប្រជាធិបតេយ្យដែលរស់រវើក និងរឹងមាំ អាស្រ័យលើពលរដ្ឋដែលចេះវិភាគ មិនលង់ជឿលើ «ពន្លឺនៃតារាសម្តែង» ប៉ុន្តែសម្លឹងមើលទៅលើ «ខ្លឹមសារនៃសកម្មភាព» និងគុណធម៌ពិតប្រាកដនៃការដឹកនាំ។ ការសម្រេចចិត្តរបស់អ្នកត្រូវមើលពណ៌សម្បុរ (សរ លឿង ខ្មៅ) ភាសា វប្បធម៌ និងភូមិសាស្ត្រដែលកំពុងរស់នៅដើម្បីភាពធន់នៃសង្គម៕