បណ្ឌិត ខែក វីរៈ៖ មជ្ឈឹមបូព៌ា ទីលានប្រយុទ្ធភូមិសាស្ត្រនយោបាយរបស់មហាអំណាច
15-03-2026 19:42
(ភ្នំពេញ)៖ ពេលនិយាយអំពីតំបន់មជ្ឈឹមបូព៌ា មនុស្សជាច្រើនតែងតែគិតដល់តំបន់ដែលមានធនធានប្រេង និងឧស្ម័នធម្មជាតិដ៏សម្បូរបែប និងជាមជ្ឈមណ្ឌលថាមពលសំខាន់បំផុតមួយរបស់ពិភពលោក។ តំបន់នេះក៏ត្រូវបានគេចាត់ទុកថា ជាតំបន់ដែលមានប្រជាជនភាគច្រើនជាមូស្លីម និងជាទឹកដីនៃប្រទេសអារ៉ាប់ជាច្រើនផងដែរ។ ប៉ុន្តែបន្ថែមពីលើសារៈសំខាន់ផ្នែកថាមពល មជ្ឈឹមបូព៌ាក៏ត្រូវបានគេស្គាល់ថាជាតំបន់ដែលមានជម្លោះ និងវិបត្តិនយោបាយយូរអង្វែងជាច្រើនទសវត្សរ៍។
ពីជ្រុងនៃទិដ្ឋភាពភូមិសាស្ត្រ មជ្ឈឹមបូព៌ាគឺជាតំបន់ប្រសព្វរវាងទ្វីបបី គឺ អាស៊ី អឺរ៉ុប និងអាហ្វ្រិក។ ទីតាំងយុទ្ធសាស្ត្រនេះបានធ្វើឱ្យតំបន់នេះក្លាយជាចំណុចសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក ព្រោះផ្លូវដឹកជញ្ជូន សមុទ្រសំខាន់ៗជាច្រើនត្រូវឆ្លងកាត់តំបន់នេះ ដើម្បីភ្ជាប់ទីផ្សាររវាងទ្វីបនានា។ រាល់ថ្ងៃ នាវាដឹកទំនិញ និងនាវាដឹកប្រេងរាប់សិបគ្រឿងបានធ្វើចរាចរណ៍ឆ្លងកាត់ផ្លូវសមុទ្រនៅតំបន់នេះ ដែលធ្វើឱ្យមជ្ឈឹមបូព៌ាមាន សារៈសំខាន់យ៉ាងខ្លាំងសម្រាប់សេដ្ឋកិច្ចពិភពលោក។
សក្តានុពលភូមិសាស្ត្រ និងធនធានថាមពលដ៏សម្បូរបែបនេះ បានធ្វើឱ្យតំបន់មជ្ឈឹមបូព៌ាក្លាយជាដែនដីដ៏ទាក់ទាញសម្រាប់អំណាចនយោបាយ និងសេដ្ឋកិច្ចរបស់ពិភពលោក។ ក៏ប៉ុន្តែភាពទាក់ទាញនេះ ក៏បាននាំមកនូវបញ្ហាស្មុគស្មាញ និងជម្លោះជាច្រើនផងដែរ។ នៅពេលនិយាយអំពីវិបត្តិនៅមជ្ឈឹមបូព៌ា មនុស្សជាច្រើនអាចនឹងនឹកឃើញសង្គ្រាម និងព្រឹត្តិការណ៍សំខាន់ៗ ដូចជា សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល សង្គ្រាម Yom Kippur សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ សង្គ្រាមឈូងសមុទ្រពែក្ស ការកើនឡើងនៃក្រុមអាយស៊ីស (ISIS) និងចលនាបដិវត្តអារ៉ាប់ស្ព្រីង (Arab Spring)ជាដើម។
តាមរយៈបណ្ដាញព័ត៌មាន Fresh News អ្នកតាមដាននយោបាយអន្តរជាតិ លោកបណ្ឌិត ខែក វីរៈ នឹងបង្ហាញជូនមិត្តអ្នកអាននូវប្រធានបទ៖ «មជ្ឈឹមបូព៌ា ទីលានប្រយុទ្ធភូមិសាស្ត្រនយោបាយរបស់មហាអំណាច» ដែលមានខ្លឹមសារដូចតទៅ៖
* តើមជ្ឈឹមបូព៌ាធ្លាប់មានសង្គ្រាមប៉ុន្មានដងហើយ?
ដើម្បីឆ្លើយតបនឹងសំណួរនេះ អត្ថបទនេះនឹងវិភាគវិវត្តន៍នៃវិបត្តិនៅមជ្ឈឹមបូព៌ាតាមបីដំណាក់កាលសំខាន់ៗ ដែលក្នុងនោះរួមមាន៖
- មជ្ឈឹមបូព៌ាក្នុងសម័យសង្គ្រាមត្រជាក់
- មជ្ឈឹមបូព៌ាក្នុងសម័យឯកប៉ូលក្រោយសង្គ្រាមត្រជាក់
- មជ្ឈឹមបូព៌ាក្នុងយុគសម័យពហុប៉ូលនៃភូមិសាស្ត្រនយោបាយសតវត្សទី២១។
១. មជ្ឈឹមបូព៌ាក្នុងសម័យសង្គ្រាមត្រជាក់
បន្ទាប់ពីសង្គ្រាមលោកលើកទី២បានបិតបញ្ចប់ ពិភពលោកបានចូលទៅក្នុងយុគសម័យសង្គ្រាមត្រជាក់ ដែលជាការប្រកួតប្រជែងអំណាចរវាង សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ក្នុងបរិបទនេះ តំបន់មជ្ឈឹមបូព៌ាបានក្លាយជាវាលប្រកួតប្រជែងភូមិសាស្ត្រនយោបាយដ៏សំខាន់មួយសម្រាប់មហាអំណាចទាំងពីរ។
មូលហេតុសំខាន់ដែលធ្វើឱ្យតំបន់នេះមានសារៈសំខាន់គឺ ធនធានប្រេងដ៏សម្បូរបែប និងទីតាំងយុទ្ធសាស្ត្រនៃផ្លូវពាណិជ្ជកម្មសមុទ្រ។ សម្រាប់សហរដ្ឋអាមេរិក ការរក្សាស្ថិរភាពនៃតំបន់នេះមានសារៈសំខាន់យ៉ាងខ្លាំង ដើម្បីធានាថាការផ្គត់ផ្គង់ថាមពលទៅកាន់ប្រទេសឧស្សាហកម្មនៅលោកខាងលិចមិនត្រូវបានរំខាន ឬរារាំងនោះឡើយ។ ខណៈពេលដូចគ្នា សហភាពសូវៀតក៏បានព្យាយាមពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួនក្នុងតំបន់នេះ ដើម្បីប្រកួតប្រជែងជាមួយឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
ក្នុងអំឡុងសម័យសង្គ្រាមត្រជាក់នោះ ប្រទេសជាច្រើននៅមជ្ឈឹមបូព៌ាបានក្លាយជាសម្ព័ន្ធមិត្តរបស់មហាអំណាចផ្សេងៗគ្នា។ ឧទាហរណ៍៖ សហរដ្ឋអាមេរិកបានគាំទ្រប្រទេសដូចជា អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក្នុងសម័យស្តេច Shah។ ផ្ទុយពីអាមេរិក សហភាពសូវៀតឯណោះវិញ បានគាំទ្រប្រទេសអារ៉ាប់មួយចំនួន ដូចជា អេហ្ស៊ីប ស៊ីរី និង អ៊ីរ៉ាក់ ដោយផ្តល់ជំនួយយោធា និងការគាំទ្រនយោបាយ។
ការប្រកួតប្រជែងនេះបានធ្វើឱ្យជម្លោះក្នុងតំបន់មជ្ឈឹមបូព៌ាមានលក្ខណៈលើសពីជម្លោះក្នុងតំបន់ធម្មតា ព្រោះវាត្រូវបានភ្ជាប់ជាមួយនឹងការប្រកួតប្រជែងអំណាចនៅកម្រិតពិភពលោក។ ឧទាហរណ៍៖ សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល មិនត្រឹមតែជាជម្លោះរវាងប្រទេសក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏បានក្លាយជាកន្លែងដែលមហាអំណាចទាំងពីរបង្ហាញឥទ្ធិពលរបស់ខ្លួនផងដែរ។
ជម្លោះជាច្រើននៅមជ្ឈឹមបូព៌ាមិនមែនជាសង្គ្រាមក្នុងតំបន់តែប៉ុណ្ណោះទេ ប៉ុន្តែជាការប្រកួតប្រជែងអំណាចរបស់មហាអំណាចដែលកើតឡើងនៅលើដែនដីរបស់ប្រទេសតូចៗ។ នេះគឺជាមូលដ្ឋាននៃទ្រឹស្តី Proxy War ក្នុងភូមិសាស្ត្រនយោបាយ។ ជាក់ស្តែងក្នុងអំឡុងសង្គ្រាមត្រជាក់ មជ្ឈឹមបូព៌ាបានជួបប្រទះសង្គ្រាម និងវិបត្តិជាច្រើនដែលបានប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ និងលើឆាកអន្តរជាតិ។ មួយក្នុងចំណោមជម្លោះសំខាន់បំផុតគឺ សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ដែលបានកើតឡើងជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៤៨។ សង្គ្រាមទាំងនេះ រួមមានសង្គ្រាមឆ្នាំ១៩៤៨ សង្គ្រាមឆ្នាំ១៩៦៧ និងសង្គ្រាម Yom Kippur ឆ្នាំ១៩៧៣ បានបង្កើតការប្រឈមមុខគ្នារវាងប្រទេសអារ៉ាប់ និងអ៊ីស្រាអែល ហើយក៏បានទាក់ទាញការចូលរួមផ្នែកនយោបាយ និងយោធាពីមហាអំណាចផងដែរ។
ជាពិសេសសង្គ្រាម Yom Kippur ឆ្នាំ១៩៧៣ ហាក់បានបង្ហាញយ៉ាងច្បាស់ពីការចូលរួមរបស់មហាអំណាចក្នុងវិបត្តិនៅមជ្ឈឹមបូព៌ា។ ក្នុងពេលដែលប្រទេសអារ៉ាប់ទទួលបានការគាំទ្រពីសហភាពសូវៀត សហរដ្ឋអាម៉េរិកបានផ្តល់ជំនួយយោធាយ៉ាងសំខាន់ដល់អ៊ីស្រាអែល។ ជម្លោះនេះបានធ្វើឱ្យស្ថានការណ៍សន្តិសុខពិភពលោកកើនឡើងដល់កម្រិតគ្រោះថ្នាក់ និងបង្ហាញពីការភ្ជាប់រវាងជម្លោះក្នុងតំបន់ និងការប្រកួតប្រជែងអំណាចកម្រិតពិភពលោក។
លើសពីនេះសង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់ (១៩៨០-១៩៨៨) ក៏ត្រូវបានគេចាត់ទុកថាជាជម្លោះដែលមានការចូលរួមដោយអំណាចក្រៅតំបន់ផងដែរ។ ប្រទេសមហាអំណាច និងប្រទេសនៅក្នុងតំបន់ជាច្រើនបានផ្តល់ការគាំទ្រដល់ភាគីផ្សេងៗ ដើម្បីរក្សាតុល្យភាពអំណាច និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ សង្គ្រាមនេះបានកើតឡើងបន្ទាប់ពីបដិវត្តអ៊ីស្លាមនៅអ៊ីរ៉ង់ក្នុងឆ្នាំ១៩៧៩ ដែលបានផ្លាស់ប្តូររបបនយោបាយរបស់ប្រទេសនេះ និងបង្កើតភាពតានតឹងជាមួយប្រទេសជិតខាង។ វាបានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងនៅឈូងសមុទ្រពែក្ស ដែលជាចំណុចសំខាន់សម្រាប់ថាមពលពិភពលោក។
សរុបមក ក្នុងសម័យសង្គ្រាមត្រជាក់ តំបន់មជ្ឈឹមបូព៌ាបានក្លាយជាវាលប្រកួតប្រជែងយុទ្ធសាស្ត្ររវាង សហរដ្ឋអាមេរិក និងសហភាពសូវៀត។ ជម្លោះក្នុងតំបន់ជាច្រើនមិនអាចយល់បានពេញលេញឡើយ ប្រសិនបើយើងមិនបានស្វែងយល់ពីតួនាទី និងឥទ្ធិពលរបស់មហាអំណាចទាំងពីរនៅពីក្រោយឆាកនយោបាយទេនោះ។
២. មជ្ឈឹមបូព៌ាក្នុងសម័យឯកប៉ូល
ការដួលរលំរបស់សហភាពសូវៀតនៅឆ្នាំ១៩៩១ បានបញ្ចប់សង្គ្រាមត្រជាក់ និងនាំឱ្យប្រព័ន្ធអន្តរជាតិផ្លាស់ប្តូរទៅជាប្រព័ន្ធឯកប៉ូល (Unipolar System) ដែលសហរដ្ឋអាមេរិកក្លាយជាមហាអំណាចដឹកនាំតែមួយនៅលើឆាកពិភពលោក។ ក្នុងបរិបទនេះ តំបន់មជ្ឈឹមបូព៌ានៅតែបន្តមានសារៈសំខាន់ខ្លាំងសម្រាប់យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដូចបារៀបរាប់ខាងលើតំបន់នេះមានទាំងធនធានថាមពលដ៏សម្បូរបែប និងទីតាំងយុទ្ធសាស្ត្រសម្រាប់ពាណិជ្ជកម្ម និងសន្តិសុខពិភពលោក។
វិបត្តិធំដំបូងដែលបង្ហាញពីតួនាទីដឹកនាំរបស់សហរដ្ឋអាម៉េរិកក្នុងតំបន់នេះគឺ សង្គ្រាមឈូងសមុទ្រពែក្ស (Gulf War) ឆ្នាំ១៩៩១។ សង្គ្រាមនេះបានកើតឡើងបន្ទាប់ពីអ៊ីរ៉ាក់ក្រោមការដឹកនាំរបស់សាដាម ហ៊ូសេន បានលុកលុយប្រទេសគុយវែតក្នុងឆ្នាំ១៩៩០។ ដើម្បីការពារអធិបតេយ្យភាពរបស់គុយវែត និងធានាសុវត្ថិភាពនៃការផ្គត់ផ្គង់ប្រេងពីតំបន់ឈូងសមុទ្រពែក្ស សហរដ្ឋអាមេរិកបានដឹកនាំកងកម្លាំងអន្តរជាតិមួយ ដើម្បីវាយប្រហារបណ្តេញកងទ័ពអ៊ីរ៉ាក់ចេញពីគុយវែត។ សង្គ្រាមនេះបានបង្ហាញយ៉ាងច្បាស់ពីសមត្ថភាពយោធា និងឥទ្ធិពលនយោបាយរបស់សហរដ្ឋអាមេរិកក្នុងសម័យឯកប៉ូល។
បន្ទាប់ពីព្រឹត្តិការណ៍វាយប្រហារភេរវកម្មនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ សហរដ្ឋអាមេរិកបានចាប់ផ្តើមយុទ្ធនាការសង្គ្រាមប្រឆាំងភេរវកម្ម ឬ “War on Terror” ដែលបានបង្កើតការផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងភូមិសាស្ត្រនយោបាយនៃតំបន់មជ្ឈឹមបូព៌ា។ ក្នុងឆ្នាំ២០០១ សហរដ្ឋអាម៉េរិកបានវាយប្រហារប្រទេសអាហ្វហ្គានីស្ថាន ដើម្បីបំបាត់បណ្តាញភេរវកម្ម Al-Qaeda និងបណ្តេញរដ្ឋាភិបាលតាលីបង់។
បន្តមកទៀតនៅឆ្នាំ២០០៣ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានវាយប្រហារប្រទេសអ៊ីរ៉ាក់ ដោយអះអាងថារដ្ឋាភិបាលរបស់សាដាម ហ៊ូសេន កំពុងអភិវឌ្ឍអាវុធប្រល័យលោក (Weapons of Mass Destruction) និងគាំទ្រក្រុមភេរវកម្មអន្តរជាតិ។ ទោះបីជាយ៉ាងណាក៏ដោយ ការលុកលុយនេះបានបង្កើតភាពអស្ថិរភាពយូរអង្វែងក្នុងប្រទេសអ៊ីរ៉ាក់ និងបានបើកផ្លូវឱ្យមានការកើនឡើងនៃក្រុមប្រដាប់អាវុធនិងអង្គការភេរវកម្មថ្មីៗ។
គេយល់ថា មួយក្នុងចំណោមបាតុភូតសំខាន់ៗដែលកើតឡើងក្រោយសង្គ្រាមអ៊ីរ៉ាក់ នោះគឺការកើនឡើងនៃអង្គការភេរវកម្ម ISIS (Islamic State) ដែលបានគ្រប់គ្រងដែនដីធំមួយនៅក្នុងអ៊ីរ៉ាក់ និងស៊ីរីក្នុងឆ្នាំ២០១៤។ ការកើនឡើងនៃក្រុមនេះបានបង្ហាញពីភាពផុយស្រួយនៃស្ថិរភាពនយោបាយក្នុងតំបន់ និងបានធ្វើឱ្យសហគមន៍អន្តរជាតិបង្កើតសម្ព័ន្ធមិត្តយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមនេះ។
លើសពីនេះ ការផ្ទុះឡើងនៃចលនាបដិវត្តអារ៉ាប់ ឬ Arab Spring ក្នុងឆ្នាំ២០១១ ក៏បានផ្លាស់ប្តូរទិដ្ឋភាពនយោបាយនៅមជ្ឈឹមបូព៌ាយ៉ាងខ្លាំងផងដែរ។ ចលនាបាតុកម្មប្រជាពលរដ្ឋនៅក្នុងប្រទេសជាច្រើន ដូចជា ទុយនេស៊ី អេហ្ស៊ីប លីប៊ី និងស៊ីរី បានបណ្តាលឱ្យមានការផ្លាស់ប្តូររបបនយោបាយ និងជម្លោះស៊ីវិលជាច្រើន។ ចលនាបដិវត្តអារ៉ាប់បានបង្ហាញថា បញ្ហានយោបាយក្នុងតំបន់មិនត្រឹមតែបណ្តាលមកពីការប្រកួតប្រជែងរបស់មហាអំណាចប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធនឹងកត្តាសង្គម សេដ្ឋកិច្ច និងការគ្រប់គ្រងនយោបាយក្នុងប្រទេសផងដែរ។
ដូច្នេះក្នុងសម័យឯកប៉ូល មជ្ឈឹមបូព៌ាបានក្លាយជាកន្លែងដែលសហរដ្ឋអាមេរិកប្រើប្រាស់ឥទ្ធិពលយោធា និងនយោបាយយ៉ាងសកម្ម ដើម្បីរក្សាស្ថិរភាពនយោបាយ និងការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។ ទោះជាយ៉ាងណា ការចូលរួមយោធាជាបន្តបន្ទាប់ក៏បានបង្កើតបញ្ហាថ្មីៗ និងការប្រែប្រួលយ៉ាងស្មុគស្មាញក្នុងភូមិសាស្ត្រនយោបាយនៃតំបន់នេះផងដែរ។
៣. មជ្ឈឹមបូព៌ាក្នុងយុគសម័យពហុប៉ូល
ចាប់តាំងពីដើមសតវត្សទី២១ ប្រព័ន្ធអន្តរជាតិបានចាប់ផ្តើមផ្លាស់ប្តូរពីរចនាសម្ព័ន្ធឯកប៉ូលទៅរកយុគសម័យពហុប៉ូល (multipolar order) ដែលមហាអំណាចជាច្រើនកំពុងប្រកួតប្រជែងគ្នាដើម្បីពង្រីកឥទ្ធិពលនៅក្នុងតំបន់យុទ្ធសាស្ត្រផ្សេងៗ។ ក្នុងបរិបទនេះ មជ្ឈឹមបូព៌ាបានក្លាយជាតំបន់មួយដែលបង្ហាញយ៉ាងច្បាស់ពីការប្រកួតប្រជែងរវាងមហាអំណាចដូចជា សហរដ្ឋអាមេរិក រុស្ស៊ី និងចិន។
គេមើលឃើញថា បន្ទាប់ពីការចូលរួមយោធារបស់រុស្ស៊ីនៅក្នុងសង្គ្រាមស៊ីរីក្នុងឆ្នាំ២០១៥ តំបន់មជ្ឈឹមបូព៌ាបានឃើញការត្រឡប់មកវិញនៃឥទ្ធិពលរបស់រុស្ស៊ីក្នុងកម្រិតខ្ពស់។ ការចូលរួមនេះបានអនុញ្ញាតឱ្យ រុស្ស៊ីបង្កើនវត្តមានយោធា និងការចូលរួមនយោបាយក្នុងតំបន់ ខណៈពេលដែលសហរដ្ឋអាមេរិកកំពុងព្យាយាមកាត់បន្ថយការចូលរួមយោធារបស់ខ្លួននៅក្នុងសង្គ្រាមយូរអង្វែងក្នុងតំបន់។
ទន្ទឹមនឹងនេះ ប្រទេសចិនក៏បានបង្កើនឥទ្ធិពលសេដ្ឋកិច្ច និងការទូតក្នុងតំបន់មជ្ឈឹមបូព៌ា ដោយផ្តោតលើការធានាសុវត្ថិភាពថាមពល និងការពង្រីកគម្រោងខ្សែក្រវាត់និងផ្លូវ ឬ Belt and Road Initiative (BRI)។ ការចូលរួមរបស់ចិនបានបង្ហាញថា មជ្ឈឹមបូព៌ាមិនមែនជាដែនដីប្រកួតប្រជែងរបស់សហរដ្ឋអាម៉េរិកតែមួយទៀតទេ ប៉ុន្តែទីនេះហាក់កំពុងក្លាយជាតំបន់ដែលមានផលប្រយោជន៍យុទ្ធសាស្ត្រដល់មហាអំណាចជាច្រើន។
ក្នុងបរិបទការណ៍នេះ ភាពតានតឹងរវាង អ៊ីរ៉ង់ និងអ៊ីស្រាអែល បានក្លាយជាចំណុចសំខាន់មួយនៃភូមិសាស្ត្រនយោបាយក្នុងតំបន់។ អ៊ីរ៉ង់ត្រូវបានចាត់ទុកថាជាអំណាចតំបន់ដែលមានឥទ្ធិពលកើនឡើង តាមរយៈបណ្តាញសម្ព័ន្ធមិត្ត និងក្រុមប្រដាប់អាវុធនៅក្នុងប្រទេសជាច្រើន ដូចជា លីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែន។ ខណៈពេលដូចគ្នា អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានចាត់ទុកកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ថា ជាការគំរាមកំហែងដល់សន្តិសុខក្នុងតំបន់។
ភាពតានតឹងនេះបានកើនឡើងជាបន្តបន្ទាប់ និងបាននាំឱ្យមានការប្រឈមមុខគ្នាយោធាជាច្រើន។ នាចុងខែកុម្ភៈឆ្នាំ២០២៦ ស្ថានការណ៍បានឈានដល់កម្រិតថ្មីមួយ នៅពេលដែលការវាយប្រហាររវាងអ៊ីរ៉ង់ ទល់នឹងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក។ ជម្លោះនេះបានបង្កើតការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថិរភាពក្នុងតំបន់ និងអាចមានផលប៉ះពាល់ធំលើទីផ្សារថាមពល និងសន្តិសុខសេដ្ឋកិច្ចពិភពលោក។
ដូចដែលយើងបានបញ្ជាក់ខាងលើរួចមកហើយ តំបន់មជ្ឈឹមបូព៌ាគឺជាកន្លែងដែលមានផ្លូវដឹកជញ្ជូនប្រេងសំខាន់ៗ ដូចជា Strait of Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងសំខាន់បំផុតមួយក្នុងពិភពលោក។ ប្រសិនបើមានការរាំងស្ទះនៅក្នុងផ្លូវសមុទ្រនេះ វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ថាមពល និងសេដ្ឋកិច្ចពិភពលោក។
សរុបមក ក្នុងយុគសម័យពហុប៉ូល មជ្ឈឹមបូព៌ាកំពុងក្លាយជាតំបន់ដែលមានការប្រកួតប្រជែងអំណាចកាន់តែស្មុគស្មាញ។ មិនត្រឹមតែមានជម្លោះក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានការប្រកួតប្រជែងរវាងមហាអំណាចពិភពលោក ដែលធ្វើឱ្យវិបត្តិនៅក្នុងតំបន់នេះអាចមានផលប៉ះពាល់យ៉ាងធំលើសន្តិសុខ និងសេដ្ឋកិច្ចអន្តរជាតិ។
* សេចក្តីសន្និដ្ឋាន
តាមរយៈការវិភាគវិវត្តន៍នៃវិបត្តិ និងសង្គ្រាមនៅក្នុងតំបន់មជ្ឈឹមបូព៌ា អាចមើលឃើញយ៉ាងច្បាស់ថា តំបន់នេះមិនមែនទើបតែប្រឈមនឹងសង្គ្រាមធំៗក្នុងសម័យបច្ចុប្បន្ននោះទេ។ ផ្ទុយទៅវិញ ផ្អែកតាមប្រវត្តិសាស្ត្ររយៈពេលជាច្រើនទសវត្សរ៍បានបង្ហាញថា មជ្ឈឹមបូព៌ាគឺជាតំបន់ដែលបានឆ្លងកាត់ជម្លោះ និងសង្គ្រាមជាបន្តបន្ទាប់ចាប់តាំងពីសម័យ សង្គ្រាមត្រជាក់រហូតមកដល់បច្ចុប្បន្ន។ សង្គ្រាមអារ៉ាប់-អ៊ីស្រាអែល, សង្គ្រាមអ៊ីរ៉ាក់-អ៊ីរ៉ង់, សង្គ្រាមឈូងសមុទ្រពែក្ស ក៏ដូចជាសង្គ្រាមបន្ទាប់ពីឆ្នាំ២០០១ បានបង្ហាញថា វិបត្តិនៅក្នុងតំបន់នេះមិនមែនជាព្រឹត្តិការណ៍ដាច់ដោយឡែកទេ ប៉ុន្តែជាផ្នែកមួយនៃដំណើរប្រកួតប្រជែងអំណាចយូរអង្វែងនៅលើឆាកអន្តរជាតិ។
មូលហេតុសំខាន់មួយដែលធ្វើឱ្យមជ្ឈឹមបូព៌ាក្លាយជាតំបន់មានជម្លោះជាញឹកញាប់ គឺទីតាំងភូមិសាស្ត្រយុទ្ធសាស្ត្រ និងធនធានថាមពលដ៏សម្បូរបែប។ តំបន់នេះមិនត្រឹមតែជាមជ្ឈមណ្ឌលផលិតប្រេង និងឧស្ម័នធម្មជាតិសំខាន់បំផុតមួយរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាចំណុចសំខាន់សម្រាប់ផ្លូវពាណិជ្ជកម្ម និងការដឹកជញ្ជូនថាមពលពិភពលោកផងដែរ។ ដោយសារហេតុនេះ មហាអំណាចពិភពលោកបានព្យាយាមបង្កើនឥទ្ធិពល និងការចូលរួមនយោបាយនៅក្នុងតំបន់នេះ ដើម្បីការពារផលប្រយោជន៍យុទ្ធសាស្ត្ររបស់ខ្លួន។
ក្នុងបរិបទនេះ ប្រទេសនៅមជ្ឈឹមបូព៌ាជាច្រើនត្រូវបានគេមើលឃើញថា បានក្លាយជាសមរភូមិប្រយុទ្ធនៃ សង្គ្រាមប្រូកស៊ី (Proxy Wars) របស់មហាអំណាច។ ចាប់តាំងពីសម័យសង្គ្រាមត្រជាក់ មហាអំណាចដូចជា សហរដ្ឋអាមេរិក និងសហភាពសូវៀត បានគាំទ្រភាគីផ្សេងៗក្នុងតំបន់ ដើម្បីពង្រីកឥទ្ធិពលនយោបាយ និងយោធារបស់ខ្លួន។ បន្ទាប់ពី សង្គ្រាមត្រជាក់ ទោះបីជាប្រព័ន្ធអន្តរជាតិបានផ្លាស់ប្តូរទៅជាសម័យឯកប៉ូលក៏ដោយ ក៏តំបន់មជ្ឈឹមបូព៌ានៅតែបន្តជាសមរភូមិប្រកួតប្រជែងយុទ្ធសាស្ត្ររបស់មហាអំណាច។
នៅក្នុងសតវត្សទី២១ ជាពិសេសនៅក្នុងបរិបទនៃយុគសម័យពហុប៉ូល ការប្រកួតប្រជែងនេះកាន់តែស្មុគស្មាញ។ មិនត្រឹមតែមានការប្រកួតប្រជែងរវាងសហរដ្ឋអាមេរិក និងរុស្ស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏មានការកើនឡើងនៃឥទ្ធិពលរបស់ចិន និងអំណាចតំបន់ដូចជា អ៊ីរ៉ង់ តួកគី និងអារ៉ាប៊ីសាអូឌីតផងដែរ។ ស្ថានការណ៍នេះបានធ្វើឱ្យវិបត្តិនៅមជ្ឈឹមបូព៌ាមានលក្ខណៈភ្ជាប់យ៉ាងជិតស្និទ្ធជាមួយនឹងសន្តិសុខ និងសេដ្ឋកិច្ចពិភពលោក។
ដូច្នេះប្រសិនបើយើងសង្កេតមើលពីទស្សនៈភូមិសាស្ត្រនយោបាយ អាចនិយាយបានថា មជ្ឈឹមបូព៌ាមិនត្រឹមតែជាតំបន់ដែលមានជម្លោះក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទីលានប្រកួតប្រជែងអំណាចរបស់មហាអំណាចពិភពលោកផងដែរ។ សង្គ្រាម និងវិបត្តិដែលកើតឡើងនៅទីនេះជាច្រើនលើក បានបង្ហាញថា មជ្ឈឹមបូព៌ាគឺជាតំបន់ដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ស្ថិរភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ពិភពលោក។
ក្នុងន័យនេះ មជ្ឈឹមបូព៌ាអាចត្រូវបានមើលឃើញថា ជាតំបន់ដែលសង្គ្រាមក្នុងតំបន់ជាច្រើនត្រូវបានបម្លែងទៅជាសង្គ្រាមប្រូកស៊ីរបស់មហាអំណាច ដែលបានបន្តពីសម័យសង្គ្រាមត្រជាក់ រហូតមកដល់យុគសម័យភូមិសាស្ត្រនយោបាយសតវត្សទី២១៕













