ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់៖ សហគមន៍ឥស្លាមកម្ពុជា ត្រូវរួមគ្នាការពារជាដាច់ខាត នូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា

16-03-2026 14:20

(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការគ្រប់គ្រងមជ្ឈមណ្ឌលឥស្លាមភ្នំពេញ បានលើកឡើងថា សហគមន៍ឥស្លាមកម្ពុជាត្រូវរួមគ្នាការពារជាដាច់ខាតនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលជាស្នូលនៃសន្តិភាព និងការអភិវឌ្ឍន៍ ហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកសាងសង្គមកម្ពុជា ជាសង្គមដែលគ្មានជម្លោះសាសនា រស់នៅប្រកបដោយភាពអត់ឱន អធ្យាស្រ័យ និងសន្តិសហវិជ្ជមាន។

លោកបានលើកឡើងយ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន ឆ្នាំ២០២៦ រៀបចំដោយមជ្ឍមណ្ឌលឥស្លាមភ្នំពេញ នាល្ងាចថ្ងៃ១៥ ខែមីនា ឆ្នាំ២០២៦ នៅវិហារឥស្លាមអាល់សាកាល់រាជធានីភ្នំពេញ ដោយមានដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំឥស្លាម ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ឯកអគ្គរាជទូត-រដ្ឋទូត សមាជិកអង្គការសហប្រតិបត្តិការឥស្លាម (OIC) រួមមាន៖ ម៉ាឡេស៊ី ព្រុយណេដារ៉ូសាឡាម ឥណ្ឌូណេស៊ី តួកគីយ៉េ និងប៉ាគីស្ថាន រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាជាន់ខ្ពស់ រដ្ឋសភា ទីប្រឹក្សារាជរដ្ឋាភិបាល អាជីវករ ពាណិជ្ជករ តំណាងសមាគម អង្គការឥស្លាម លោកគ្រូ អ្នកគ្រូ យុវជន និស្សិត បញ្ញវន្តចំនួន១៤០០នាក់។

ទេសរដ្ឋមន្ត្រីបានបន្តថា ការប្រតិបត្តិសាសនាប្រកបដោយភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដែលយើងមិនត្រូវមើលរំលង ព្រោះវាជាផ្នែកមួយចំណែក នៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិនៅក្នុងសង្គមសន្តិភាព។ លោកទេសរដ្ឋមន្ត្រីបានបន្ថែមថា នៅកម្ពុជាគ្មានទេជម្លោះសាសនា រវាងសាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និងបណ្ដាសាសនាដទៃទៀត។ នៅកម្ពុជា សាសនាព្រះពុទ្ធ គឺជាសាសនាធំទី១ មានជាង៩៣% ហើយសាសនាឥស្លាមជាសាសនាទី២ មានប្រមាណជាង៥% រីឯសាសនាផ្សេងៗក៏មានប្រមាណជិត ២%ផងដែរ។

លោកបានសង្កត់ធ្ងន់ថា ការប្រកាន់យកសាសនា ដើម្បីប្រតិបត្តិដោយអនុវត្តនិយមកណ្ដាល នឹងនាំមកនូវភាពសុខដុមរមនា សុខសន្តិភាព ប៉ុន្តែការដែលមើលរំលង ពីភាពសុខដុមបនីយកម្មក្នុងសាសនា មើលស្រាលមិនបានផ្ដល់តម្លៃដល់អ្នកខិតខំប្រឹងប្រែងគ្រប់គ្រងសាសនា អ្នកដែលបានខិតខំណែនាំឱ្យមនុស្សម្នាឱ្យដើរតាមគន្លងធម៌សាសនា ដ៏ល្អផូរផង់ត្រឹមត្រូវល្អនោះ គឺច្បាស់ណាស់ថានៅពេលណាមួយ ផ្នែកមួយនៃសុខសន្តិភាព ក៏នឹងអាចបាត់បង់ទៅវិញពុំខានឡើយ។ ដូច្នេះហើយបានជាប្រមុខដឹកនាំនៃរាជរដ្ឋាភិបាលនៃកម្ពុជា តាំងតែពីសម័យកាលដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ហើយបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី គឺតែងតែផ្តល់នូវគោលនយោបាយលើកកម្ពស់ ឱ្យគ្រប់សាសនាទទួលបានដោយភាពស្មើមុខ ស្មើមាត់ ដោយរក្សាការពារបានដាច់ខាត មិនឱ្យកើតមាននូវអំពើរើសអើងពូជសាសន៍ និងជម្លោះសាសនាបាននោះឡើយ។

ទេសរដ្ឋមន្ដ្រី អូស្មា ហាស្សាន់ បានបន្តថា សាសនិកឥស្លាម តែងតែមានមោទនភាពថា «យើងទាំងអស់គ្នា មានសំណាងណាស់ដែលបានកើតលើទឹកដីកម្ពុជាដ៏ស្រស់បវរ ដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ មានថ្នាក់ដឹកនាំកំពូលជាពុទ្ធសាសនិក តែបានយកចិត្តទុកដាក់លើគ្រប់សាសនាទាំងអស់ ពិសសទៅទៀតដល់សាសនិកឥស្លាម លើសពីបណ្តាប្រទេសមួយចំនួន» ដែលបណ្តាប្រទេសជាច្រើន ពិសេសអង្គការសហប្រតិបត្តិការឥស្លាម OIC ដែលមានរដ្ឋជាសមាជិក៥៧ប្រទេស ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN) បានកោតសរសើរថា កម្ពុជា គឺជាប្រទេសឈាននមុខគេ ក្នុងការធ្វើឱ្យមាននូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា៕