ប្រកាសតែងតាំងជាអគ្គនាយកថ្មី របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ, លោក អ៊ិន សាកាន ជំនួសលោក ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍

16-03-2026 15:35

(ភ្នំពេញ)​៖ លោក អ៊ិន សាកាន អគ្គនាយករងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ បានឡើងកាន់ដំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ជំនួសលោក ឡុង ណារ៉ូ ដែលត្រូវចូលនិវត្តន៍​។

ពិធីផ្ទេរ និងតែងតាំងមុខមុខតំណែង អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានរៀបចំឡើងនារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះ ក្រោម អធិបតីភាពលោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ឡុង​ ណារ៉ូ​ ត្រូវបានតែងតាំងជា​ រដ្ឋលេខាធិការ​ក្រសួងឧស្សាហកម្ម។

សូមជម្រាបផងដែរថា លោក ឡុង ណារ៉ូ បានឡើងកាន់តំណែងជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កាលឆ្នាំ២០២១ មកពេលចូលនិវត្តន៍នេះ សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងវិស័យទឹកស្អាតនៅរាជធានីភ្នំពេញ។

គិតត្រឹមដំណាច់ឆ្នាំ២០២៥ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានពង្រីកបណ្តាញទឹកស្អាតបន្ថែមចំនួន ៣៩៩ គីឡូម៉ែត្រ បង្កើនសមត្ថភាពផលិតដល់ជាង ១លានម៉ែត្រគូបក្នុងមួយថ្ងៃ និងពង្រីកសេវាគ្របដណ្តប់ដល់ ៨៨៧ ភូមិ ស្មើនឹង ៩២% នៃតំបន់សេវាក្រោមអាជ្ញាបណ្ណរបស់ខ្លួន។

បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងផ្តល់សេវាទឹកស្អាតជូនអតិថិជនជាង ៥៣ម៉ឺនតំណ ដែលមានប្រជាពលរដ្ឋជិត ៣លាននាក់ក្នុងរាជធានីភ្នំពេញ និងតំបន់ជុំវិញ៕