គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ វាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការគ្រប់គ្រង និងឆ្លើយតបគ្រោះមហន្តរាយបានទាន់ពេលវេលា
16-03-2026 16:03
(ស្ទឹងត្រែង)៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តស្ទឹងត្រែង លោក គឹម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.) តំណាងលោកកិត្តិសង្គហបណ្ឌិត គន់ គីម បានថ្លែងនូវការកោតសរសើរ យ៉ាងស្មោះស្ម័គ្រចំពោះរដ្ឋបាលខេត្តស្ទឹងត្រែង ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការគ្រប់គ្រង និងអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ថ្លែងក្នុងឱកាសនោះ លោកបានបញ្ជាក់ថា លទ្ធផលការងារពេញមួយឆ្នាំ២០២៥ កន្លងទៅ បានបង្ហាញឱ្យឃើញពីសមត្ថភាព និងភាពម្ចាស់ការរបស់គណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ក្នុងការយកចិត្តទុកដាក់ ត្រៀមបង្ការ និងឆ្លើយតបសង្គ្រោះបានទាន់ពេលវេលាបំផុត។
យោងតាមរបាយការណ៍ស្វាគមន៍របស់ លោក យឹម ផែន អភិបាលរងខេត្តស្ទឹងត្រែង បើទោះបីជាក្នុងឆ្នាំ២០២៥ កន្លងទៅ ខេត្តបានរងគ្រោះដោយជំនន់ទឹកភ្លៀង និងខ្យល់កន្ត្រាក់ ក្នុងក្របខណ្ឌ ៣០ឃុំ-សង្កាត់ បង្កផលប៉ះពាល់ដល់លំនៅដ្ឋាន ១,៨០៩ខ្នង ផ្ទៃដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានជាច្រើនកន្លែងក៏ដោយ ប៉ុន្តែតាមរយៈកិច្ចសហការគ្នា យ៉ាងស្អិតរមួតរបស់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បានធ្វើការជម្លៀសប្រជាពលរដ្ឋចំនួន ១៥៩គ្រួសារ ទៅកាន់ទីទួលសុវត្ថិភាពយ៉ាងមានប្រសិទ្ធភាព និងគ្មានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ដើម្បីបន្តពង្រឹងយន្តការការងារឱ្យកាន់តែទំនើប និងមានប្រសិទ្ធភាពទ្វេដងសម្រាប់ឆ្នាំ២០២៦ លោក គឹម វីរៈ បានផ្តល់អនុសាសន៍ និងជំរុញឱ្យអាជ្ញាធរខេត្ត បន្តពង្រឹងសមត្ថភាពមន្ត្រីក្រោម ឱវាទលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល រួមមាន៖ ប្រព័ន្ធព្រីស្ស៊ឹម (PRISM) និងប្រព័ន្ធផ្តល់ដំណឹងជាមុន ១២៩៤។
លោកក៏បានពន្យល់ថា ការប្រើប្រាស់ប្រព័ន្ធឌីជីថលទាំងនេះ នឹងក្លាយជាឧបករណ៍ជំនួយ ដ៏មានសារៈសំខាន់សម្រាប់អាជ្ញាធរខេត្ត ក្នុងការប្រមូលទិន្នន័យផលប៉ះពាល់បានកាន់តែរហ័ស និងច្បាស់លាស់បំផុត ដើម្បីឱ្យរាជរដ្ឋាភិបាលអាចសម្រេចចិត្ត ដាក់ចេញនូវគោលនយោបាយគាំពារសង្គម និងការឆ្លើយតបគ្រោះអាសន្នបានចំគោលដៅ និងទាន់ចិត្តប្រជាពលរដ្ឋ។
កិច្ចប្រជុំបានបញ្ចប់ទៅក្រោមស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋ ព្រមទាំងត្រៀមលក្ខណៈ សម្បត្តិគ្រប់បែបយ៉ាង ដើម្បីបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឱ្យបានជាអតិបរមា ស្របតាមយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា៕




















