បណ្ឌិត ជា មុនីឫទ្ធិ៖ ចិន និងសណ្តាប់ធ្នាប់អន្តរជាតិ៖ តួនាទីមហាអំណាចក្នុងការគ្រប់គ្រងការប្រកួតប្រជែង និងការពង្រឹងសហប្រតិបត្តិការសកល
16-03-2026 18:16
(ភ្នំពេញ)៖ ក្នុងសតវត្សរ៍ទី២១ ប្រព័ន្ធអន្តរជាតិកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ។ កំណើនសេដ្ឋកិច្ច និងឥទ្ធិពលនយោបាយរបស់ប្រទេសចិនបានធ្វើឱ្យប្រទេសនេះក្លាយជាតួអង្គសំខាន់មួយក្នុងការកំណត់ទិសដៅនៃសណ្តាប់ធ្នាប់ពិភពលោក។ ខណៈពេលដែលពិភពលោកកំពុងចង់ផ្លាស់ពីពហុប៉ូលអំណាចទៅកាន់ឯកប៉ូលអំណាច នោះប្រទេសចិនបង្កើនកម្លាំងសហគមន៍អន្តរជាតិក្នុងកិច្ចគាំទ្របន្តនិន្នាការពហុប៉ូល ដែលជាគន្លឹះសំខាន់សម្រាប់ការរក្សាសន្តិភាព និងស្ថិរភាពអន្តរជាតិ។
ក្នុងបរិបទនេះ លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News ថា ជំនួបកម្រិតខ្ពស់រវាងលោកប្រធានរដ្ឋចិន និងលោកប្រធានាធិបតីអាមេរិក ជាកូនសោរគន្លឹះនៃសន្តិភាពសកល ដែលត្រូវបានពិភពលោករង់ចាំយ៉ាងខ្លាំងថា ជាឱកាសកម្រដ៏សំខាន់និងចាំបាច់ជាអាទិភាពបំផុត សម្រាប់ការគ្រប់គ្រងការប្រកួតប្រជែង និងការបង្កើតក្របខណ្ឌសហប្រតិបត្តិការថ្មី ដែលមានភាពរលូននិងប្រសើរឡើងវិញរវាងមហាអំណាចទាំង២។
ក្នុងស្ថានភាពនេះ សំណួរមួយដែលកំពុងពេញនិយមត្រូវបានយកមកពិភាក្សាយ៉ាងទូលំទូលាយ នៅតាមគ្រប់វេទិកាវិទ្យាសាស្ត្រនោះគឺ៖ តើប្រទេសចិន គួរដើរតួនាទីបែបណា ក្នុងការរួមចំណែកថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ?
នៅក្នុងនាមប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន លោកបណ្ឌិត ជា មុនីឫទ្ធិ បានបង្ហាញទស្សនៈចំនួន៥ ឆ្លើយតបសំណួរខាងលើនេះដូចតទៅ៖
១. ចិនជាកម្លាំងសម្រាប់សន្តិភាព និងការគ្រប់គ្រងជម្លោះ៖ នៅពេលដែលជម្លោះតំបន់នៅតែបន្តកើតមាន ជាពិសេសសង្គ្រាមនៅដើមបូព៌ា មហាអំណាចដែលមានឥទ្ធិពលអន្តរជាតិត្រូវបានរំពឹងថានឹងចូលរួមជំរុញការសន្ទនាដោយសន្តិវិធី។ ក្នុងនាមជាប្រទេស ដែលមានទំនាក់ទំនងជាមួយភាគីជាច្រើននៅលើពិភពលោក ចិនអាចដើរតួនាទីជាអន្តរការីក្នុងការដោះស្រាយជម្លោះ និងជំរុញការសម្របសម្រួលតាមរយៈការចរចា។ ការបង្កើនតួនាទីជាអ្នកសម្របសម្រួលនេះអាចជួយបង្កើនភាពជឿជាក់របស់ចិនក្នុងនាមជាកម្លាំងស្ថិរភាពសម្រាប់ប្រព័ន្ធអន្តរជាតិ។
២. ការពង្រឹងពហុភាគីនិយម និងស្ថាប័នអន្តរជាតិ៖ ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងជាប្រទេសទី១ ដែលបានចុះហត្ថាលេខាលើធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រទេសចិនមានតួនាទីសំខាន់ក្នុងការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ។ ការគាំទ្រពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ ប្រទេសចិនអាចជួយរក្សាគុណតម្លៃប្រព័ន្ធអន្តរជាតិដែលមានតុល្យភាព និងផ្តល់ឱកាសឱ្យប្រទេសទាំងអស់មានសមភាព ដូចមាននៅក្នុងខ្លឹមសារនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលបានផ្តួចផ្តើមដោយប្រទេសចិនកាលពីដើមខែកញ្ញា ឆ្នាំ២០២៥។
៣. ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងសកល៖ ការផ្លាស់ប្តូរនៃសេដ្ឋកិច្ច និងនយោបាយពិភពលោកបានបង្ហាញថា ប្រព័ន្ធគ្រប់គ្រងសកលត្រូវធានាដោយប្រព័ន្ធច្បាប់អន្តរជាតិ និងតួនាទីដ៏ប្រសើររបស់អង្គការសហប្រជាជាតិ។ ក្នុងនាមជាប្រទេសធំមួយក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍដោយបានបង្កើនការសហប្រតិបត្តិការជាមួយប្រទេសទាំងនេះតាមរយៈការវិនិយោគ ការជួយអភិវឌ្ឍន៍ និងការផ្លាស់ប្តូរបច្ចេកវិទ្យា ប្រទេសចិនអាចជំរុញការកែទម្រង់ប្រព័ន្ធគ្រប់គ្រងសកល ដើម្បីបង្កើនសម្លេង និងតួនាទីរបស់ប្រទេសនៅក្នុងតំបន់អាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ដែលជាផ្នែកសំខាន់នៃកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ។
៤. កម្លាំងស្ថិរភាពសម្រាប់សេដ្ឋកិច្ចពិភពលោក៖ ជាមួយនឹងកម្លាំងសេដ្ឋកិច្ចលំដាប់ធំជាងគេទីពីរនៅលើពិភពលោក ប្រទេសចិនមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចសកល។ ការរីកចម្រើននៃពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិបានធ្វើឱ្យប្រទេសនេះក្លាយជាម៉ាស៊ីនជំរុញសំខាន់មួយសម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក។
៥. គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ និង ការតភ្ជាប់សេដ្ឋកិច្ចសកលដែលត្រូវបានលើកឡើងដោយលោកប្រធានរដ្ឋចិន មានគោលបំណងបង្កើនការតភ្ជាប់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធរវាងតំបន់នានានៃពិភពលោក។ តាមរយៈគម្រោងផ្លូវដែក កំពង់ផែ ផ្លូវល្បឿនលឿន និងថាមពល គំនិតផ្តួចផ្តើមនេះអាចជួយជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍនៅក្នុងប្រទេសកំពុងអភិវឌ្ឍជាច្រើន។ ក្នុងបរិបទនេះ គំនិតផ្ដួចផ្ដើម «ខ្សែក្រវាត់និងផ្លូវ» អាចត្រូវបានមើលថា ជាវេទិកាសំខាន់សម្រាប់ការពង្រឹងសហប្រតិបត្តិការអន្តរជាតិ និងការបង្កើតការអភិវឌ្ឍរួម។
ជារួមក្នុងសតវត្សរ៍ទី២១ ការថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិមិនមែនពឹងផ្អែកលើមហាអំណាចតែមួយនោះទេ វាត្រូវការការសហប្រតិបត្តិការរវាងប្រទេសទាំងអស់ ទាំងធំនិងទាំងតូច ដើម្បីរួមគ្នាដោះស្រាយបញ្ហាសកល ព្រោះពិភពលោកជាផ្ទះរួមរបស់យើងទាំងអស់គ្នា ស្របនឹងចរន្តពហុប៉ូល ដែលស្នើឲ្យប្រទេសទាំងអស់ជ្រោងទង់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ។ ក្នុងបរិបទនេះ ពិភពលោកលើកទឹកចិត្តប្រទេសចិនក្នុងការដើរតួនាទីជាកម្លាំងសកលធានាស្ថិរភាពសម្រាប់សន្តិភាព ការអភិវឌ្ឍ និងការសហប្រតិបត្តិការឈ្ន-ឈ្នះ៕







