វិភាគអន្តរជាតិ៖ ហេតុអ្វីក្រុមហ៊ូទីមិនចូលជួយអ៉ីរ៉ង់?

16-03-2026 20:54

(សាណា យេម៉ែន)៖ សង្រ្គាមរបស់សហរដ្ឋអាមេរិក និងអ៉ីស្រាអែលប្រឆាំងនឹងអ៉ីរ៉ង់បានចូលដល់សប្ដាហ៍ទី៣ហើយ។ សង្រ្គាមនេះដំបូងឡើយផ្ទុះនៅទីក្រុងតេហេរ៉ង់ បានរាលដាលទៅដល់ទីក្រុង ជាច្រើនផ្សេងទៀតនៃបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ឈូងសមុទ្រពែក្សរួមមានអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កូវ៉ែត បារ៉ែន កាតា និងទីក្រុងបេរូតនៃប្រទេសលីបង់។ ក៏ប៉ុន្តែខណៈសម័្ពន្ធមិត្តរបស់ អ៉ីរ៉ង់ដូចជាហេសបូឡានៅលីបង់ និងក្រុមប្រដាប់អាវុធស៊ីអ៉ីតក្នុងប្រទេសអ៉ីរ៉ាក់លូកដៃចូលជួយអ៉ីរ៉ង់ សម្ព័ន្ធមិត្តដ៏សំខាន់មួយទៀតរបស់តេហេរ៉ង់ដែរនោះ គឺក្រុមហ៊ូទីមានមូលដ្ឋាននៅយេម៉ែន បែរជារក្សាភាពស្ងៀមស្ងាត់ទៅវិញ។

ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៉ីស្រាអែលបើកការវាយប្រហារលើអ៉ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈមក ក្រុមហ៊ូទីបានផ្ដល់ការគាំទ្រដល់អ៉ីរ៉ង់ត្រឹមតែរយៈការចេញសេចក្ដីថ្លែងការណ៍ថ្កោលទោស និងប្រមូលផ្ដុំធ្វើបាតុកម្មប្រឆាំងនឹងការវាយប្រហាររបស់ប្រទេសទាំង២លើទីក្រុងតេហេរ៉ង់តែប៉ុណ្ណោះ។ ថាតើក្រុមហ៊ូទីនឹងបន្តរក្សាភាពស្ងប់ស្ងាត់បន្តទៅទៀតឬក៏យ៉ាងណា គេមិនទាន់ច្បាស់ នោះទេ? តែទោះជាយ៉ាងណា ក្រុមអ្នកវិភាគមួយចំនួនយល់ថាលទ្ធភាពនៃការចូលរួមរបស់ក្រុមហ៊ូទីក្នុងសង្រ្គាមនៅតែមានដដែល ហើយភាពស្ងៀមស្ងាត់របស់ពួកគេ ក្នុងពេលនេះក៏ទំនងជាផ្នែក មួយនៃយុទ្ធសាស្ត្រនៃការអត់ធ្មត់ផងដែរ។

លោក Luca Nevola ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់អំពីយេម៉ែន និងតំបន់ឈូងសមុទ្រពែក្ស មកពីស្ថាប័នតាមដានជម្លោះ ACLED បាននិយាយថាលទ្ធភាពនៃការធ្វើអន្តាគមន៍របស់ក្រុមហ៊ូទី នៅតែមាន ហើយវាអាចនឹងត្រូវធ្វើឡើងជាដំណាក់កាលៗ។ តែក្នុងស្ថានការណ៍បច្ចុប្បន្ន អាទិភាពរបស់ក្រុមហ៊ូទីនៅតែជាការចៀសវាងការសងសឹកដោយផ្ទាល់ពីអាមេរិក និងអ៉ីស្រាអែល។ កាលពីខែសីហា ឆ្នាំ២០២៥ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើទីក្រុងសាណា បានសម្លាប់សមាជិកជាន់ខ្ពស់របស់ក្រុមហ៊ូទីយ៉ាងហោច ១២នាក់ ក្នុងនោះរួមមានទាំង នាយករដ្ឋមន្ត្រី លោក Ahmed al-Rahawi និងប្រធានខុទ្ទការល័យ លោក Mohammed al-Ghumari។ ការស្លាប់របស់អ្នកទាំង២ជាការបាត់បង់ដ៏ធំមួយសម្រាប់ក្រុមហ៊ូទី អំឡុងការប្រឈមមុខរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល ហើយវាក៏ជាមូលហេតុមួយធ្វើឱ្យមេដឹកនាំហ៊ូទីមានការប្រុងប្រយ័ត្នខ្ពស់ និងបារម្ភខ្លាចការសងសឹកលើតំបន់ដែលខ្លួនកំពុង គ្រប់គ្រងនៅក្នុងប្រទេសយេម៉ែន។ «ក្រុមហ៊ូទីទំនងជាភ័យខ្លាចចារកម្មរបស់អ៉ីស្រាអែល និងលទ្ធភាពនៃថ្នាក់ដឹកនាំរបស់ខ្លួនអាចត្រូវបានធ្វើឃាត»។ នេះជាការលើកឡើងរបស់លោក Nevola។

ក៏ប៉ុន្តែ ការវាយប្រហាររបស់អ៉ីស្រាអែលកាលពីឆ្នាំមុន មិនបានធ្វើឱ្យហ៊ូទីបាត់បង់សមត្ថភាពតដៃទាំងស្រុងនោះទេ។ លោក Nevola បានពន្យល់ថាក្រុមហ៊ូទីទំនងជានឹងចាប់ផ្ដើមការវាយប្រហារ ឡើងវិញ ប្រសិនបើពួកគេត្រូវអូសចូលក្នុងជម្លោះដោយផ្ទាល់ដោយសារតែការវាយប្រហារណាមួយរបស់សហរដ្ឋអាមេរិក ឬអ៉ីស្រាអែល ឬក៏មានចលនាប្រឆាំងនឹងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែន ងើបឡើងបះបោរ។ ប្រមុខក្រុមហ៊ូទី លោក Abdel-Malik al-Houthi កាលពីសប្ដាហ៍មុនបាននិយាយថាយេម៉ែនឈរប្រកៀកស្មាយ៉ាងច្បាស់ជាមួយសាធារណរដ្ឋអ៉ីស្លាមអ៉ីរ៉ង់ និងប្រជាជនមូស្លីមអ៉ីរ៉ង់។ មេដឹកនាំរូបនេះក៏បានព្រលយដែរថាក្រុមរបស់ខ្លួនត្រៀមកេះកៃកាំភ្លើងជានិច្ច ហើយថាការចូលរួមរបស់ហ៊ូទីក្នុងសង្រ្គាមអាចនឹងកើតឡើងគ្រប់ពេលអាស្រ័យលើ ស្ថានការណ៍វិវត្តន៍ជាក់ស្ដែង។

បើតាមលោក Sadam al-Huraibi ជាអ្នកអត្ថាធិប្បាយនយោបាយម្នាក់របស់យេម៉ែន ក្រុមហ៊ូទីនឹងចូលរួមក្នុងសង្រ្គាម ប្រសិនបើមានការស្នើសុំពីអ៉ីរ៉ង់។ លោកបានពន្យល់ថា «អ៉ីរ៉ង់មិនចង់ ប្រើប្រាស់សន្លឹកបៀរទាំងអស់ក្នុងពេលតែមួយនោះទេ ហើយមានបំណងរក្សាទុកក្រុមហ៊ូទីសម្រាប់សង្រ្គាមក្នុងដំណាក់កាលសំខាន់។ និយាយជារួមការចូលរួមរបស់ក្រុមហ៊ូទីក្នុងសង្រ្គាម គឺអាស្រ័យលើពេលវេលាតែប៉ុណ្ណោះ។ លោក Huraibi បន្តថាក្រុមហ៊ូទីនៅតែមានសមត្ថភាពក្នុងការវាយប្រហារ និងបង្កចលាចលក្នុងតំបន់សមុទ្រក្រហមជាទីដែលពួកគេធ្លាប់បាន បើកការវាយប្រហារជាច្រើនលើកលើកប៉ាល់ដឹកទំនិញកាលពីឆ្នាំមុន។

លោក Nevola ក៏យល់ស្របចំពោះការលើកឡើងរបស់លោក Huraibi ដែរ ដោយនិយាយថាបច្ចុប្បន្ន ចលនាប្រដាប់អាវុធគាំទ្រអ៉ីរ៉ង់ទាំងអស់ ឬ Axis of Resistance លើកតែ ក្រុមហ៊ូទីមួយចេញបានចុះខ្សោយកម្លាំងយ៉ាងខ្លាំង ដោយសារតែការវាយប្រហាររបស់អ៉ីស្រាអែលកាលពីឆ្នាំ២០២៥ ដូច្នេះដើម្បីអាចបន្តធ្វើសង្រ្គាមរយៈពេលយូរ អ៉ីរ៉ង់ត្រូវតែរក្សាទុកកម្លាំង របស់ក្រុមហ៊ូទី និងប្រើប្រាស់យេម៉ែនជាមូលដ្ឋានក្នុងដំណាក់កាលដ៏សំខាន់ណាមួយនៃសង្រ្គាមជាមួយសហរដ្ឋអាមេរិក និងអ៉ីស្រាអែល។

ក៏ប៉ុន្តែ លោក Adel Dashela ជាអ្នកស្រាវជា្រវម្នាក់មកពីស្ថាប័ន Mesa Global Academy បាននិយាយថាក្រុមហ៊ូទីមិនចង់ប្រកាសសង្រ្គាមជាផ្លូវការក្នុងកាលៈទេសៈសព្វថ្ងៃឡើយ ដើម្បី បង្ហាញថាខ្លួនឯងមានឯករាជ្យភាព មិនមែនធ្វើតែតាមបង្គាប់បញ្ជារបស់អ៉ីរ៉ង់នោះទេ។ តាមអ្នកជំនាញរូបនេះ មេដឹកនាំក្រុមហ៊ូទីនឹងរង់ចាំមើលថាតើស្ថានការណ៍នឹងសង្រ្គាមរបស់អាមេរិក និងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់នឹងវិវត្តន៍ទៅយ៉ាងដូចម្ដេច? ព្រោះពួកគេមិនចង់ប្រញាប់ប្រញាល់ធ្វើការសម្រេចចិត្តពេកនោះទេ៕