អ្នកនាំពាក្យក្រសួងកសិកម្ម៖ បើទោះបីជាកម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ​ តែហុចផលជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០លានដុល្លារ នៅក្នុងឆ្នាំ២០២៥

17-03-2026 12:14

(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានលើកឡើងថា បើទោះបីជាឆ្នាំ២០២៥ កម្ពុជានាំចេញចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារក៏ដោយ​ តែផល​សេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥។

ការលើកឡើងរបស់ លោក ឃឹម ហ្វីណង់ ឆ្លើយតបនឹងការចុះ​ផ្សាយព័ត៌មានកាលពីពេលថ្មីៗនេះ ថា កម្ពុជាបាននាំចូលជីនិងថ្នាំកសិកម្មក្នុងទំហំទឹកប្រាក់ ៦៣៦លានដុល្លារ ក្នុងឆ្នាំ២០២៥ ដែលបានធ្វើឱ្យសាធារណៈជនមួយចំនួនមានការភ្ញាក់ផ្អើលចំពោះតួលេខនេះ។

លោកបានគូសបញ្ជាក់ថា «ផលសេដ្ឋកិច្ចទទួលបានពីការប្រើប្រាស់ធាតុចូលកសិកម្មទាំងនេះ បង្កើតជាតម្លៃសេដ្ឋកិច្ចរហូតដល់ ៩៧៧០ លានដុល្លារ នៅក្នុងឆ្នាំ២០២៥ ដោយមិនត្រឹមតែបានធានាសន្តិសុខស្បៀងប៉ុណ្ណោះទេ តែថែមទាំងអនុញ្ញាតឱ្យកម្ពុជាទាញយកចំណូលពីការនាំចេញកសិផលរហូតដល់ទៅ ៥៦២៥ លានដុល្លារ ផងដែរ»

លោកបន្ថែមថា តាមរយៈរូបភាពបង្ហាញខាងក្រោមនេះនឹងជួយពន្យល់ពីភាពចាំបាច់ដែលកម្ពុជាត្រូវការនាំចូលធាតុចូលកសិកម្ម ដើម្បីធានាបាននូវទិន្នផលខ្ពស់ និងការពារដំណាំពីសត្វល្អិតចង្រៃឬជំងឺផ្សេងៗ បន្ថែមពីលើអ្វីដែលយើងមានសមត្ថភាពផលិតបាននៅក្នុងស្រុកដោយខ្លួនឯង​៕