សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភអាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង តាមរយៈលោក ភឺន ផល្លា
17-03-2026 12:23
(កណ្តាល)៖ លោម ភឺន ផល្លា ជំនួយការផ្ទាល់ និងតំណាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា និងបុកគ្រឹះសាងសង់អាគារសិក្សាមួយខ្នង កម្ពស់៣ជាន់ មានចំនួន១៨បន្ទប់ នៅវិទ្យាល័យហ៊ុនសែន ព្រែកលួង ដែលជាអំណោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ពិធីដ៏ឱឡារិក មានវត្តមានអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ លោកអភិបាលរង មន្ត្រីរាជការនៃរដ្ឋបាលក្រុងអរិយក្សត្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិកម្ពុជា បងប្អូនប្រជាពលរដ្ឋ ការនិមន្តចូលរួមពីសំណាក់ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ សរុបប្រមាណ ១៥០អង្គ-នាក់។
លោក ភឺន ផល្លា បានសម្តែងការអបអរសាទរ ដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀត ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍវិស័យអប់រំ ក៏ដូចជាការអភិវឌ្ឍមូលដ្ឋាន ក្នុងប្រទេសកម្ពុជា និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
លោកបានគូសបញ្ជាក់អំពីការអភិវឌ្ឍ និងការរីកចម្រើននានាលើគ្រប់វិស័យ ក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព នានីតិកាលកន្លងមក ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្នុងនាមជាជំនួយការផ្ទាល់របស់សម្តេចតេជោ លោកបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យមានការរីកចម្រើនក្នុងសន្ទុះយ៉ាងលឿន តាមយុទ្ធសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕













