បណ្ឌិត ជា មុនីឫទ្ធិ៖ មានហេតុផលរាប់ពាន់ក្នុងការពង្រឹងទំនាក់ទំនងរវាង ចិននិងសហរដ្ឋអាមេរិក ដើម្បីថែរក្សាសណ្តាប់ធ្នាប់អន្តរជាតិ និងសន្តិសុខថាមពលសកល

17-03-2026 13:32

(ភ្នំពេញ)៖ ក្នុងសតវត្សរ៍ទី២១ ស្ថានការណ៍នយោបាយ និងសន្តិសុខអន្តរជាតិកំពុងឆ្លងកាត់ការប្រែប្រួលយ៉ាងស្មុគស្មាញ។ ជម្លោះនិងសង្គ្រាម ដែលកំពុងបន្តកើតមាននៅតំបន់មជ្ឈិមបូព៌ា បានបង្ហាញយ៉ាងច្បាស់ថា ស្ថិរភាពពិភពលោកមិនអាចពឹងផ្អែកតែទៅលើប្រទេសណាមួយតែមួយបានឡើយ ប៉ុន្តែត្រូវការកិច្ចសហការរវាងអំណាចធំៗ។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន មកកាន់បណ្ដាញព័ត៌មាន Fresh News។

អ្នកស្រាវជ្រាវពីវឌ្ឍនភាពកម្ពុជា-ចិន ខាងលើបានបញ្ជាក់ថា ក្នុងបរិបទនេះទំនាក់ទំនងរវាង ចិននិងសហរដ្ឋអាមេរិក ត្រូវបានគេចាត់ទុកថាមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ការរក្សាសណ្តាប់ធ្នាប់អន្តរជាតិ ការអភិវឌ្ឍសេដ្ឋកិច្ចសកល និងសន្តិសុខថាមពលពិភពលោក។ ជាក់ស្តែងប្រទេសទាំងពីរគឺជាអំណាចសេដ្ឋកិច្ច និងនយោបាយធំបំផុតពីរនៅលើពិភពលោក ដែលមានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ ការវិនិយោគ និងការអភិវឌ្ឍបច្ចេកវិទ្យា។

ដូច្នេះការរក្សាទំនាក់ទំនងប្រកបដោយស្ថិរភាព និងការគ្រប់គ្រងភាពខុសគ្នាដោយសន្តិវិធីរវាងប្រទេសទាំងពីរ មិនត្រឹមតែមានសារៈសំខាន់សម្រាប់ផលប្រយោជន៍ជាតិរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកត្តាសំខាន់សម្រាប់ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយពិភពលោកផងដែរ។ នេះជាការបញ្ជាក់បន្ថែមពីលោកបណ្ឌិត។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា បញ្ហាសន្តិសុខថាមពលសកល គឺជាវិស័យមួយដែលបង្ហាញយ៉ាងច្បាស់ពីសារៈសំខាន់នៃកិច្ចសហការរវាងប្រទេសទាំងពីរ។ ជាពិសេស នៅពេលដែលស្ថានការណ៍សង្គ្រាម និងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានបង្កការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ថាមពលពិភពលោក។ ក្នុងនោះ Strait of Hormuz ត្រូវបានគេចាត់ទុកថាជាច្រកសមុទ្រយុទ្ធសាស្ត្រសំខាន់បំផុតមួយសម្រាប់ពាណិជ្ជកម្មថាមពលពិភពលោក។ តាមការប៉ាន់ប្រមាណរបស់អង្គការថាមពលអន្តរជាតិ ប្រហែល ២០ ទៅ ២១ លានបារ៉ែលប្រេងក្នុងមួយថ្ងៃ ត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រនេះ ដែលស្មើប្រហែល២០%នៃការប្រើប្រាស់ប្រេងសកល។ ទិន្នន័យនេះបង្ហាញថា ប្រសិនបើការដឹកជញ្ជូនតាមច្រកនេះត្រូវបានរំខាន នោះវាអាចបង្កការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទីផ្សារថាមពល និងសេដ្ឋកិច្ចពិភពលោក។

សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ បានបន្តថា ក្នុងបរិបទនេះសហរដ្ឋអាមេរិក ថ្មីៗបានធ្លាប់ស្នើឱ្យចិន ចូលរួមកាន់តែសកម្មក្នុងការថែរក្សាសុវត្ថិភាពនាវាចរណ៍នៅ Strait of Hormuz។ សំណើនេះបង្ហាញពីទស្សនៈមួយថា សន្តិសុខផ្លូវសមុទ្រអន្តរជាតិគឺជាការទទួលខុសត្រូវរួមរបស់សហគមន៍អន្តរជាតិ មិនមែនជាបន្ទុករបស់ប្រទេសណាមួយតែមួយនោះទេ។ ក្នុងនាមជាប្រទេសនាំចូលប្រេងធំបំផុតមួយនៅលើពិភពលោក ចិនក៏មានផលប្រយោជន៍ផ្ទាល់ក្នុងការធានាឱ្យមានសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនថាមពលសំខាន់នេះផងដែរ។

នៅក្នុងបរិបទនយោបាយអន្តរជាតិ ការរៀបចំជំនួបកំពូលរវាង Donald Trump និង Xi Jinping ក៏ត្រូវបានគេចាត់ទុកថាជាឱកាសសំខាន់មួយក្នុងការពិភាក្សាអំពីបញ្ហាសន្តិសុខសកល រួមទាំងសន្តិសុខថាមពល និងស្ថិរភាពតំបន់មជ្ឈិមបូព៌ា។ ជំនួបបែបនេះអាចជួយបង្កើនការយល់ចិត្តគ្នា កាត់បន្ថយភាពតានតឹង និងបង្កើតមូលដ្ឋានសម្រាប់កិច្ចសហការយុទ្ធសាស្ត្រនាពេលអនាគត។

ជារួមការពង្រឹងទំនាក់ទំនងរវាង ចិន និង សហរដ្ឋអាមេរិក គឺជាកត្តាសំខាន់មួយសម្រាប់សន្តិភាព និងស្ថិរភាពពិភពលោក។ តាមរយៈការគោរពគ្នា ការសន្ទនា និងការសហការដែលផ្អែកលើផលប្រយោជន៍រួម ប្រទេសទាំងពីរអាចរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលមានស្ថិរភាព និងជំរុញការអភិវឌ្ឍសកលឱ្យមានចីរភាពក្នុងរយៈពេលវែង៕