មន្រ្តីបរិស្ថាន និងអាជ្ញាធរ ឲ្យម្ចាស់អាជីវកម្មកែច្នៃកម្ទេចឈើធ្វើធ្យូងអនាម័យ នៅឃុំបុសខ្នុរ ស្រុកចំការលើ ផ្អាកសកម្មភាពជាបណ្តោះអាសន្ន ក្រោយកិនកម្ទេចឈើហុយធូលីប៉ះពាល់ប្រជាពលរដ្ឋ (Video inside)
17-03-2026 15:17
(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ចុះត្រួតពិនិត្យអាជីវកម្ម កែច្នៃកម្ទេចឈើធ្វើជាធ្យូងអនាម័យ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅ ភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ដែលពលរដ្ឋបានប្តឹងថា ធូលីកម្ទេចឈើបានហុយប៉ះពាល់ដល់ពួកគាត់រាល់ថ្ងៃ។
ការចុះពិនិត្យនេះមានការចូលរួមពីលោកជំទប់ទី១ ក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ១០មករា និងមេភូមិសាមគ្គី នៃឃុំបុសខ្នុរ ក្រោមការណែនាំរបស់អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដែលគាត់ទទួលបានសំណូមពររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតំបន់នោះ។
ពេលចុះទៅដល់កន្លែងអាជីវកម្ម ក្រុមការងារ និងអាជ្ញាធរ បានរកឃើញបញ្ហាដូចខាងក្រោម៖
*ទី១៖ មានបង្កឲ្យហុយធូលី (កម្ទេចឈើកិន) នៅពេលមានចរន្តខ្យល់បក់
*ទី២៖ ចំពោះបំពង់ផ្សែងទាំង២ ជាឡសម្ងួតកម្ទេចឈើ មិនមានធូលីដែលបញ្ចេញតាមបំពង់ផ្សែងដែលនាំឲ្យមានផលប៉ះពាលធ្ងន់ធ្ងរនោះទេ (មានតែផ្សែង)
*ទី៣៖ ម៉ាស៊ីនដើរដោយកម្លាំងម៉ូទ័រអាចបង្កសម្លេងរំខាន នៅពេលយប់ (ក្នុងរោងម៉ាស៉ីន ពេលថ្ងៃមានកម្រិតសម្លេង៥៥db) ហើយសិប្បកម្មកិនរហូតដល់ម៉ោង១០យប់ ធ្វើប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន២គ្រួសារ រស់នៅក្បែរនោះ ក្រៅពីនោះប៉ះពាល់ដោយប្រយោល។
ក្រោយការពិនិត្យជាក់ស្តែង និងជួបដោះស្រាយគ្នារួចមក ក្រុមការងារសម្រេច៖
*ទី១៖ ឲ្យម្ចាស់អាជីវកម្ម ផ្អាកសកម្មភាពជាបណ្តោះអាសន្ន និងឲ្យធ្វើការកែប្រែចំណុចខ្វះខាតដែលធ្វើឲ្យធូលីហុយនៅពេលមានខ្យល់បក់ ទៅប៉ះពាល់ផ្ទះផ្ទះប្រជាពលរដ្ឋ។ ទុករយៈពេល១សប្តាហ៍ក្រុមការងារ នឹងចុះពិនិត្យម្តងទៀតតមុននឹងឲ្យដំណើរការវិញ
*ទី២៖ បញ្ឈប់សកម្មភាពប្រើប្រាស់ម៉ាស៊ីនដើរដោយកម្លាំងម៉ូទ័រកិនកម្ទេចឈើនៅពេលយប់ចាប់ពីម៉ោង ១៩រហូតដល់ម៉ោង ៧ព្រឹក ចៀសវាងការរំខាននៅពេលយប់។
សម្រាប់ដំណោះស្រាយនេះ ម្ចាស់អាជីវកម្មបានឯកភាពយល់ព្រម និងផ្តិតស្នាមមេដៃលើកំណត់ហេតុរបស់ក្រុមការងារផងដែរ៕













