ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ដើម្បីពង្រឹងគុណវុឌ្ឍិជំនាញទេសចរណ៍ នៅខេត្តសៀមរាប

17-03-2026 15:21

(សៀមរាប)៖ គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានបើកវគ្គបណ្តុះបណ្តាល «គ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា» កម្រិតវិញ្ញាបនបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ (C1) ដែលវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែមីនា ឆ្នាំ២០២៦ នៅសមាគមបំពេញសុបិនយុវជន ខេត្តសៀមរាប។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ក្រោមវត្តមានរបស់លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍, លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍។

ថ្លែងក្នុងឱកាសនោះ លោក ប៉ាក់ សុខុម មានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់បំផុត ប្រសិនបើបុគ្គលម្នាក់ៗខ្វះចំណេះដឹង នោះមិនត្រឹមតែខ្លួនឯងគ្មានអនាគតប៉ុណ្ណោះទេ សូម្បីតែគ្រួសារ និងប្រទេសជាតិ ក៏នឹងជួបការលំបាកក្នុងការអភិវឌ្ឍផងដែរ។ វគ្គបណ្តុះបណ្តាលនាពេលនេះ ដែលផ្ដោតលើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងស្របតាមស្ដង់ដារគុណវុឌ្ឍិជាតិ ដើម្បីធានាថា អ្នកជំនាញដែលបញ្ចេញទៅមានសមត្ថភាពពិតប្រាកដ។

លោកក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹង ដែលទទួលបានឱ្យអស់ពីសមត្ថភាព និងត្រូវមានភាពជឿជាក់លើខ្លួនឯង។ ពិតណាស់ ការរៀនសូត្រមិនត្រឹមតែនៅក្នុងថ្នាក់នោះទេ ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅកន្លែងការងារ គឺជាសាលារៀនដ៏ល្អបំផុតសម្រាប់អភិវឌ្ឍខ្លួនផងដែរ។

លោក ប៉ាក់ សុខុម ជឿជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងពលកម្មដ៏មានសក្ដានុពល ក្នុងការបម្រើសេវាកម្មទេសចរណ៍ ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានគុណភាព និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យមកកម្សាន្តកាន់តែច្រើនឡើង។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា ទោះបីជាខេត្តសៀមរាប ជាគោលដៅទេសចរណ៍លំដាប់ខ្ពស់ក៏ដោយ ប៉ុន្តែការអភិវឌ្ឍ ត្រូវតែដើរទន្ទឹមគ្នាជាមួយខេត្តដទៃទៀត។ លោកបន្តថា យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺការបង្កើតបណ្ដាញតភ្ជាប់ទេសចរណ៍ រវាងខេត្តសៀមរាបទៅកាន់ខេត្តបាត់ដំបង កំពង់ធំ ស្ទឹងត្រែង និងតំបន់អេកូទេសចរណ៍ផ្សេងៗទៀត។

លោកបានបន្តថា យើងមិនត្រូវប្រៀបធៀបខេត្តសៀមរាប ល្អជាងខេត្តដទៃនោះទេ ព្រោះខេត្តតូចៗក៏មានសេវាកម្ម និងអាហារដ្ឋានឆ្ងាញ់ៗ ដែលខេត្តធំៗមិនមានដូចគ្នា។ អ្វីដែលសំខាន់ ត្រូវរួមគ្នាលើកកម្ពស់សេវាកម្មទេសចរណ៍កម្ពុជា ឱ្យទទួលបានជោគជ័យ។

លោកបន្ថែមថា ទោះបីជាចំនួនភ្ញៀវមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាល តាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការមេឆ្នាំ ២០២១-២០៣៥ ដើម្បីតម្រង់ទិសការស្តារឡើងវិញ។ ក្នុងនោះ យើងត្រូវរួមគ្នាការជំរុញឱ្យសិក្ខាកាម ដែលបានរៀនសូត្រពីវគ្គបណ្តុះបណ្តាល ត្រូវហ៊ានបញ្ចេញសមត្ថភាព និងចែករំលែកចំណេះដឹងបន្តទៅកាន់យុវជនជំនាន់ក្រោយ។ ហើយក្រៅពីអាហារឆ្ងាញ់ កាយវិការ និងសម្តីសំដៅរបស់បុគ្គលិក ក៏ជាចំណុចទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។

លោក ង៉ូវ សេងកាក់ ក៏បានអំពាវនាវដល់ប្រតិបត្តិករទាំងអស់ បន្តកិច្ចសហការគ្នា ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ក្នុងគោលដៅធ្វើឱ្យខេត្តសៀមរាប នៅតែជាតំបន់ទេសចរណ៍ ដែលមានសុវត្ថិភាព និងមានគុណភាពសេវាកម្មល្អបំផុត សម្រាប់ភ្ញៀវគ្រប់មជ្ឈដ្ឋាន។

លោក ជួប រតនា បានឱ្យដឹងថា សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះ មានចំនួន ២៥រូប ដែលមានសមាសភាពជាគ្រូបង្គោលហូកា មកពីខេត្តគោលដៅគម្រោង គ្រូបង្រៀនមកពីគ្រឹះស្ថាន និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តំណាងសេវាកម្មសណ្ឋាគារ និងសមាគមឧស្សាហកម្មទេសចរណ៍។

ជាមួយនឹង លោកបញ្ជាក់ថា កន្លងមកដោយទទួលបានគាំទ្រពី ILO យើងក៏បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៣វគ្គ រួចមកហើយ ដោយមានសិក្ខាកាមសរុប ៩៦នាក់ផងដែរ៕