Fresh Exclusive: អ៊ីរ៉ង់និងច្រកហ័រមូស៖ បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ តើអំណាចកំណត់ ស្ថិតនៅក្នុងដៃអ្នកណា?
17-03-2026 16:26
(ភ្នំពេញ)៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស់ អារ៉ាក់ឈី Abbas Araghchi បានអះអាងថា អ៊ីរ៉ង់អាចគ្រប់គ្រងច្រក Hormuz តាមអំណាចរបស់ខ្លួន ដោយប្រើសម្តីថា «បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ»។ សម្តីនេះបានបង្កើតសំណួរដ៏ធំមួយចំពោះពិភពលោក៖ តើច្រកអន្តរជាតិដ៏សំខាន់នេះ នឹងនៅតែជាទ្រព្យសម្បត្តិសកល ឬកំពុងក្លាយជាឧបករណ៍អំណាចនយោបាយ?
Fresh Exclusive មានអត្ថបទវិភាគស៊ីជម្រៅជុំវិញបញ្ហានេះ…
សម្តីរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi ដែលអះអាងថាច្រក Hormuz «បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ» កំពុងតែបង្ហាញថា អ៊ីរ៉ង់មិនបានបិទលំហូរថាមពលពិភពលោកទាំងស្រុងទេ ប៉ុន្តែប្រើការគ្រប់គ្រង និងជ្រើសរើសភាគីដើម្បីជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រ ក្នុងបរិបទសង្គ្រាមអាមេរិក-អ៊ីស្រាអែល។ ប៉ុន្តែសំណួរដ៏បន្ទាន់មួយបានលេចឡើងថា តើច្រកនេះនៅតែជាទ្រព្យសម្បត្តិសកល សម្រាប់មនុស្សគ្រប់គ្នា ឬកំពុងក្លាយជាឧបករណ៍អំណាចរបស់ប្រទេសមួយ? ហើយតើអ្នកណាពិតប្រាកដ ដែលមានសិទ្ធិកំណត់អំណាចលើច្រកសមុទ្រដ៏សំខាន់បំផុតមួយនេះ?
ប្រទេសអ៊ីរ៉ង់ កំពុងព្យាយាមបម្លែងច្រក Hormuz មិនត្រឹមតែជាច្រកដឹកប្រេងទេ ប៉ុន្តែជាឧបករណ៍នយោបាយ និងយុទ្ធសាស្ត្រសេដ្ឋកិច្ច។ ការប្រកាស «បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ» បានកើតឡើង នៅពេលដែលកិច្ចប្រឹងប្រែងបង្កើតសម្ព័ន្ធនាវាចម្បាំងអន្តរជាតិ ដើម្បីធានាសុវត្ថិភាពនៃការដឹកជញ្ជូនប្រេងតាមច្រក Hormuz កំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា។ ប្រទេសមួយចំនួន បានបដិសេធ ឬមិនបង្ហាញចំណង់ចំណូលចិត្តច្បាស់លាស់ក្នុងការចូលរួម ដែលធ្វើឱ្យការឆ្លើយតបអន្តរជាតិខ្វះភាពរួមគ្នា។ ក្នុងបរិបទនេះ អ៊ីរ៉ង់មិនត្រឹមតែប្រើទីតាំងភូមិសាស្ត្ររបស់ខ្លួនជាអំណាចទេ ប៉ុន្តែក៏កំពុងប្រើប្រាស់ភាពបែកបាក់របស់សម្ព័ន្ធអន្តរជាតិ ដើម្បីពង្រីកឥទ្ធិពល និងបំលែងច្រក Hormuz ទៅជាឧបករណ៍សម្ពាធយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាពកាន់តែខ្លាំង។
* Hormuz មិនមែនជាច្រកធម្មតា ប៉ុន្តែជាចំណុចស្នូលសេដ្ឋកិច្ចពិភពលោក
ច្រក Hormuz មិនមែនជាច្រកសមុទ្រធម្មតាទេ ប៉ុន្តែជាខ្សែឈាមសេដ្ឋកិច្ចពិភពលោក ដែលប្រហែល ១ភាគ៥ នៃលំហូរប្រេងសរុប ត្រូវឆ្លងកាត់តាមច្រកនេះ។ ទោះបីមានទទឹងសរុបប្រមាណជាង ៣០ គីឡូម៉ែត្រក៏ដោយក៏ផ្លូវនាវាចរណ៍ ដែលអាចប្រើបានពិតប្រាកដ មានទទឹងត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយទិស ដែលធ្វើឱ្យវាក្លាយជាចំណុចងាយរងគ្រោះយ៉ាងខ្លាំង។ ប្រទេសដែលពឹងផ្អែកខ្លាំងលើច្រកនេះ រួមមានប្រទេសចិន, ឥណ្ឌា ជប៉ុន និងសេដ្ឋកិច្ចអាស៊ីជាច្រើនផ្សេងទៀត ដែលត្រូវការថាមពលសម្រាប់ការផលិត និងកំណើន។ ដូច្នេះការរំខានត្រឹមតែបន្តិចនៅ Hormuz អាចបង្កើតភាពរញ្ជួយទៅលើតម្លៃប្រេង ខ្សែផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុជាសកល។
សម្រាប់ប្រទេសតូចៗដូចជាកម្ពុជា ដែលពឹងផ្អែកលើការនាំចូលប្រេង និងមានសមត្ថភាពបម្រុងមានកម្រិត ការរំខាននេះមិនមែនជាបញ្ហាឆ្ងាយទេ ប៉ុន្តែជាហានិភ័យផ្ទាល់លើថ្លៃជីវភាព ការដឹកជញ្ជូន និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ នៅក្នុងបរិបទនេះ Hormuz មិនមែនត្រឹមជាច្រកដឹកជញ្ជូនទេ ប៉ុន្តែជាចំណុចកំណត់ស្ថិរភាពសេដ្ឋកិច្ចពិភពលោក ដែលអាចធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចដំណើរការបានរលូន ឬរអិលចូលទៅក្នុងវិបត្តិ។
* បើកសម្រាប់មិត្ត បិទសម្រាប់សត្រូវ៖ យុទ្ធសាស្ត្រសម្ពាធ មិនមែនការបិទពេញលេញ
សម្តីអះអាងរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araghchi មិនមែនជាការបិទច្រក Hormuz ទាំងស្រុងនោះទេ ប៉ុន្តែជាការបង្ហាញយុទ្ធសាស្ត្រដែលមានការគណនាច្បាស់លាស់៖ ជៀសវាងការបង្កសង្គ្រាមពេញទំហឹង ខណៈពេលដែលនៅតែរក្សាសមត្ថភាពសម្ពាធ លើគូប្រជែង។ នេះមិនមែនជាការប្រើកម្លាំងដោយផ្ទាល់ទេ ប៉ុន្តែជាការប្រើទីតាំងភូមិសាស្ត្រ ជាឧបករណ៍អំណាចមានន័យថាបម្លែងច្រកភូមិសាស្ត្រ Hormuz ទៅជាឧបករណ៍បង្កសម្ពាធសេដ្ឋកិច្ច និងនយោបាយក្នុងពេលតែមួយ។
ទោះជាយ៉ាងណា តាមគោលការណ៍ច្បាប់អន្តរជាតិ ច្រកសមុទ្រអន្តរជាតិគួរត្រូវបានបើកសម្រាប់គ្រប់ប្រទេស ដោយគ្មានការរើសអើង។ ដូច្នេះគោលការណ៍ «ជ្រើសរើសអ្នកឆ្លង» នេះ គឺជាការគ្រប់គ្រងខុសពីធម្មតាផង និងអាចត្រូវបានមើលថា ជាការប៉ះពាល់ដោយផ្ទាល់លើសេរីភាពនាវាចរណ៍ និងសណ្តាប់ធ្នាប់សមុទ្រសកល ដែលអាស្រ័យលើច្បាប់ មិនមែនលើអំណាចរបស់ប្រទេសណាមួយឡើយ។ នៅចំណុចនេះ Hormuz មិនមែនត្រឹមជាច្រកដឹកប្រេងទេ ប៉ុន្តែកំពុងក្លាយជាវេទិកាដែលបង្ហាញការប្រកួតប្រជែងរវាងគោលការណ៍ច្បាប់អន្តរជាតិ និងការអនុវត្តអំណាចជាក់ស្តែង។
* សម្ព័ន្ធអន្តរជាតិ៖ ពេលភាពមិនរួមគ្នា មិនអាចបង្កើតឱកាសអំណាច
សម្រាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត ការគ្រប់គ្រងជ្រើសរើសបែបអ៊ីរ៉ង់ លើច្រក Hormuz មិនអាចទទួលយកបានទេ ព្រោះវាប៉ះពាល់ដោយផ្ទាល់ដល់សេរីភាពនាវាចរណ៍ និងស្ថិរភាពថាមពលពិភពលោក។ ប៉ុន្តែការពិតនៅលើទីតាំងបង្ហាញថា កិច្ចប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើតសម្ព័ន្ធនាវាចម្បាំងអន្តរជាតិ ដើម្បីអមដំណើរនាវាដឹកប្រេង និងធានាសុវត្ថិភាពនៅ Hormuz មិនទាន់ទទួលបានការគាំទ្រដែលគ្រប់គ្រាន់ឡើយ។ ប្រទេសអឺរ៉ុបមួយចំនួនបង្ហាញជំហរប្រុងប្រយ័ត្ន ទោះបីគាំទ្រការពារសេរីភាពនាវាចរណ៍ ប៉ុន្តែមិនចង់ចូលរួមក្នុងប្រតិបត្តិការដែលអាចនាំទៅរកការប៉ះទង្គិចយោធាដោយផ្ទាល់ជាមួយអ៊ីរ៉ង់ឡើយ។ ប្រទេសផ្សេងទៀតនៅអឺរ៉ុប និងតំបន់អាស៊ី ក៏នៅតែស្ទាក់ស្ទើរ ដោយបារម្ភពីហានិភ័យនៃការរីករាលដាលសង្គ្រាម និងផលប៉ះពាល់សេដ្ឋកិច្ចក្នុងស្រុក។
ជំហរនេះត្រូវបានបញ្ជាក់ដោយមន្ត្រីការទូតកំពូលរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas ដែលបាននិយាយកាលពីថ្ងៃចន្ទទី១៦មីនា នៅក្នុងក្រុងប្រុចសែលថា៖ «នេះមិនមែនជាសង្គ្រាមរបស់អឺរ៉ុបទេ ប៉ុន្តែផលប្រយោជន៍របស់អឺរ៉ុប ស្ថិតនៅក្នុងហានិភ័យដោយផ្ទាល់»។
ក្នុងពេលដូចគ្នា សហភាពអឺរ៉ុប ក៏បានលើកឡើងជុំវិញការពង្រឹងតួនាទីការពាររបស់ខ្លួនតាមរយៈប្រតិបត្តិការ Aspides ដែលជាប្រតិបត្តិការទ័ពជើងទឹកមានបេសកកម្មការពារនាវាចរណ៍នៅតំបន់សមុទ្រក្រហម ឈូងសមុទ្រអាដែន និងផ្លូវដឹកជញ្ជូនសំខាន់ជុំវិញមជ្ឈិមបូព៌ា។ តាមរយៈសម្តីមន្ត្រីការទូតអឺរ៉ុបនោះ បានបង្ហាញថា អឺរ៉ុបមិនអវត្តមាន លើការការពារសន្តិសុខទេ ប៉ុន្តែកំពុងជ្រើសរើសការចូលរួមរបស់ខ្លួនក្នុងកម្រិតដែលអាចគ្រប់គ្រងហានិភ័យបាន មិនមែនជាការចូលរួមសង្គ្រាមដោយផ្ទាល់ឡើយ។ ភាពមិនសម្របសម្រួលនេះ បង្ហាញពីការប្រែប្រួលសំខាន់មួយក្នុងសម្ព័ន្ធអន្តរជាតិ ដែលមិនអាចប្រតិបត្តិបានក្នុងការរួមគ្នាដូចមុនទៀតឡើយ។ ក្នុងបរិបទនេះ អ៊ីរ៉ង់មិនត្រឹមតែប្រើទីតាំងភូមិសាស្ត្ររបស់ខ្លួនទេ ប៉ុន្តែក៏កំពុងប្រើប្រាស់ភាពបែកបាក់នៃសម្ព័ន្ធអន្តរជាតិ ជាឧបករណ៍ពង្រីកអំណាចយុទ្ធសាស្ត្ររបស់ខ្លួន។
* ពីច្បាប់ទៅអំណាច៖ ពិភពលោកកំពុងផ្លាស់ទិស?
ស្ថានភាពនៅច្រក Hormuz កំពុងបង្ហាញសញ្ញាដ៏ច្បាស់មួយនៃការផ្លាស់ប្តូរសណ្តាប់ធ្នាប់ពិភពលោក ពីប្រព័ន្ធដែលផ្អែកលើច្បាប់ (rules-based order) ទៅកាន់ការគ្រប់គ្រងដែលផ្អែកលើអំណាច (power-based control)។ មានន័យថា នៅពេលដែលប្រទេសមួយអាចសម្រេចថា «អ្នកណាអាចឆ្លងបាន ឬ អ្នកណាមិនអាចឆ្លងបាន» នោះមានន័យថា ច្បាប់អន្តរជាតិមិនមែនជាគោលការណ៍ដឹកនាំទៀតទេ ប៉ុន្តែអំណាចនយោបាយ និងយោធា កំពុងក្លាយជាអ្នកកំណត់លទ្ធផលដ៏ពិតប្រាកដ។
ក្នុងបរិបទនេះ ច្រក Hormuz លែងក្លាយជាច្រកសមុទ្ទដឹកជញ្ជួនធម្មតាដែលគោរពសណ្តាប់ ច្បាប់ពិភពលោកទៀតហើយ។ ច្រក Hormuz កំពុងក្លាយជាសញ្ញានៃការប្រកួតប្រជែងរវាង «ច្បាប់» និង «អំណាច» សញ្ញាដែលមិនទាន់អាចកំណត់ទិសដៅនៃសណ្តាប់ធ្នាប់ពិភពលោកនាអនាគតដ៏ច្បាស់លាស់ឡើយ។
* ក្នុងសេចក្តីសន្និដ្ឋាន
នាពេលនេះ ច្រក Hormuz មិនត្រឹមតែបាត់បង់តួនាទីជាច្រកដឹកជញ្ជូនធម្មតាប៉ុណ្ណោះទេ ប៉ុន្តែកំពុងក្លាយជាវេទិកាប្រកួតប្រជែងរវាង «ច្បាប់» និង «អំណាច»។ ការប្រកាសរបស់អ៊ីរ៉ង់ថា «បើកសម្រាប់មិត្ត និងបិទសម្រាប់សត្រូវ» មិនមែនត្រឹមជាសារគំរាមយោធាទេ ប៉ុន្តែជាសញ្ញាបង្ហាញថា អ្នកណាដែលមានសមត្ថភាពគ្រប់គ្រង អ្នកនោះនឹងអាចកំណត់ច្បាប់បាន។
ដូច្នេះសំណួរដែលនៅសល់ចុងក្រោយ មិនមែនត្រឹមតែសម្រាប់សហរដ្ឋអាមេរិកតែមួយនោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល៖ តើសហគមន៍អន្តរជាតិ នឹងអនុញ្ញាតឱ្យច្រកអន្តរជាតិដ៏សំខាន់នេះ ក្លាយជាអាវុធនយោបាយ ឬនឹងត្រូវរួមគ្នាដើម្បីការពារវា ជាទ្រព្យសម្បត្តិសកលដែលគ្រប់ប្រទេស ត្រូវមានសិទ្ធិប្រើប្រាស់ស្មើៗគ្នា?














