* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខ និងនាំយកដំណោះស្រាយ ជូនប្រជាពលរដ្ឋក្នុងសហគមន៍រាំងខ្វាវ ស្រុកភ្នំក្រវាញ

17-03-2026 19:21

(ពោធិ៍សាត់)៖ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត, លោកអភិបាលស្រុកភ្នំក្រវាញ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ប្រមាណ៩៥គ្រួសារ ដែលកំពុងរស់នៅក្នុងសហគមន៍រាំងខ្វាវ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោក ខូយ រីដា បានសម្តែងនូវក្តីអាណិតស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដោយលោកបានកត់សម្គាល់ថា ទីតាំងសហគមន៍នេះស្ថិតនៅតំបន់ដាច់ស្រយាល "ចុងកាត់មាត់ញក" ដែលធ្វើឱ្យការរស់នៅរបស់បងប្អូននៅមានការខ្វះខាតច្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសាលារៀន មណ្ឌលសុខភាព ផ្លូវគមនាគមន៍ និងសេវាទូរគមនាគមន៍។ល។

ដើម្បីលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង លោកអភិបាលខេត្ត បានប្តេជ្ញាចិត្តជួយជ្រោមជ្រែងតំបន់ដាច់ស្រយាល ឱមានពន្លឺជ្រះថ្លាដូចគេឯង ដោយបានស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមផ្តល់ព័ត៌មានអំពីជនចំណូលស្រុក ដែលមកកាប់ទន្ទ្រានដីព្រៃ និងត្រូវរួមគ្នាទប់ស្កាត់ការរំលោភយកដីព្រៃ ធ្វើជាកម្មសិទ្ធិខុសច្បាប់។ ជំរុញឱ្យប្រជាពលរដ្ឋខិតខំដាំដុះ ជាពិសេសដំណាំយុទ្ធសាស្ត្រដែលផ្តល់ចំណូលបានវិលជុំ ដើម្បីពង្រឹងសេដ្ឋកិច្ចគ្រួសារ។ លើកទឹកចិត្តឱ្យមានចលនាភូមិឋានស្អាត គ្មានសំរាមតាមដងផ្លូវ និងក្នុងផ្ទះសម្បែង។

ជាមួយគ្នានោះ លោកបានសន្យានៅចំពោះមុខប្រជាពលរដ្ឋ ថានឹងអញ្ជើញមកជាលើកទី២ ដោយនាំយកពូជបន្លែមកចែកជូន ហើយនឹងមានកាដូពិសេសលើកទឹកចិត្ត សម្រាប់ភូមិណាដែលមានអនាម័យស្អាតជាងគេ។

លោកអភិបាលខេត្ត បានលើកឡើងដោយមោទនភាពថា ចំពោះការតភ្ជាប់បណ្តាញអគ្គិសនី ខាងអគ្គិសនីគឺបានត្រៀមរួចរាល់សម្រាប់តភ្ជាប់ជូនបងប្អូនប្រើប្រាស់។ ដោយឡែកសម្រាប់សេវាទូរស័ព្ទដែលនៅខ្វះខាត លោកនឹងជំរុញដោយផ្ទាល់ ទៅលោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីដំឡើងបង្គោលអង់តែនជូនក្នុងពេលឆាប់ៗខាងមុខ។ ចំពោះផ្លូវក្នុងភូមិដែលពិបាកធ្វើដំណើរ លោកបានបំផុសចលនាឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាជួសជុល ដោយក្នុងនោះលោកនឹងចូលរួមជាថវិកាបដិភាគបន្ថែម។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានចុះពិនិត្យសកម្មភាពបង្រៀន របស់លោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សាសាមគ្គីគិរីរាំងខ្វាវ​ ដោយបានណែនាំដល់គណៈគ្រប់គ្រងសាលា និងបុគ្គលិកអប់រំទាំងអស់ ត្រូវបន្តផ្តល់នូវចំណេះដឹង និងការអប់រំប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ព្រោះលោកគ្រូអ្នកគ្រូនេះហើយ គឺជាអ្នកបណ្តុះគ្រាប់ពូជបញ្ញវន្តសម្រាប់ជាតិ។ គណៈប្រតិភូក៏បានបន្តចុះពិនិត្យទីតាំង ប្រព័ន្ធទឹកស្អាតសហគមន៍រាំងខ្វាវ ដែលជាសមិទ្ធផលដ៏សំខាន់មានតម្លៃជាង១០ម៉ឺនដុល្លារ ជាជំនួយឥតសំណងពីប្រទេសជប៉ុន (KUSANONE) តាមរយៈអង្គការជីវិតថ្លៃថ្នូរ ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ ដើម្បីបម្រើសេចក្តីត្រូវការទឹកស្អាត របស់ប្រជាពលរដ្ឋក្នុងតំបន់នេះ៕