អង្គការ ហាន់ឆាន់ខាំ នាំអំណោយប្រគល់ជូនដល់មណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី
17-03-2026 21:59
(បន្ទាយមានជ័យ)៖ អង្គការ ហាន់ឆាន់ខាំ បាននាំយកអំណោយមានអង្ករ នំ និងសម្ភារៈមួយចំនួនប្រគល់ជូនដល់កុមារៗដែលកំពុងស្នាក់នៅមណ្ឌលសង្គ្រោះជនអស់សង្ឃឹមទី២ នៅស្រុកមង្គលបូរី សម្រាប់ចាត់ចែងប្រេីប្រាស់តាមតម្រូវការក្នុងមណ្ឌល។
ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ព្រមទាំងក្រុមការងារ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
លោក គីម យ៉ុងអ៊ុក ក៏បានបង្ហាញអំពីក្តីសប្បាយរីករាយនៅពេលដែលឃើញកុមារៗ មានភាពរួសរាយរាក់ទាក់បង្ហាញអំពីក្ដីស្រឡាញ់ចំពោះរូបលោក ក៏ដូចជាក្រុមការងារ ហេីយលោកក៏បានអរគុណចំពោះរដ្ឋបាលខេត្ត ដែលតែងជួយសម្របសម្រួលបង្កភាពងាយស្រួលដល់ក្រុមការងាររបស់លោក ដើម្បីចូលរួមចំណែកលើកកម្ពស់ធនធានមនុស្ស ក៏ដូចជាជួយដល់កុមារនៅក្នុងខេត្តបន្ទាយមានជ័យ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រេបយកចំណេះដឹង។
នាឱកាសនោះលោក អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះលោក គីម យ៉ុងអ៊ុក ប្រធានអង្គការហាឆាន់ខាំ និងភរិយា ដែលបាននាំយកនូវអំណោយមានអង្ករ និងសម្ភារៈផ្តល់ជូនដល់មណ្ឌលសម្រាប់ប្រើប្រាស់ ដេីម្បីចូលរួមចំណែកជាមួយរដ្ឋបាលខេត្តក្នុងកិច្ចការងារសង្គម។
លោកក៏បានបញ្ជាក់ថា ជានិច្ចកាលអង្គការ តែងតែចូលរួមចំណែកគ្រប់សម្មភាពជាមួយរដ្ឋបាលខេត្ត ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយៈវិស័យអប់រំនៅក្នុងខេត្តបន្ទាយមានជ័យជាដេីម។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានណែនាំទៅដល់ក្មួយៗ កុមារៗ ដែលកំពុងស្នាក់នៅមណ្ឌលត្រូវខិតខំរៀនសូត្រ ក្រេបយកចំណេះដឹង ដេីម្បីក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ និងត្រូវស្ដាប់ដំបូន្មានចាស់ទុំ លោកគ្រូ-អ្នកគ្រូ ក៏ដូចជារាមច្បងនៅក្នុងមណ្ឌល មួយវិញទៀតត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
ចំពោះអំណោយដែលផ្តល់ជូនរួមមានអង្ករ១តោន, នំកញ្ចប់៣០០កញ្ចប់, នំប៉ុង២០០នំ សម្លៀកបំពាក់៤កេសធំ រួមនឹងថវិកាមួយចំនួន៕






















