លោក លៀង ពេជ្រ នាំយកថវិកា និងស្បៀងអាហារ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះគ្រួសារសពឧបាសិកា ចាន់ ឡឹង និងសពលោកអនុសេនីយ៍ត្រី ម៉ៅចាន់ សុម៉ាឡា នៅក្រុងពោធិ៍សាត់

18-03-2026 10:36

(ពោធិ៍សាត់)៖ ក្នុងស្មារតីសាមគ្គីធម៌ និងការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក៏ដូចជាវីរកងទ័ពដែលបានលះបង់ដើម្បីជាតិមាតុភូមិ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ លោក លៀង ពេជ្រ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សាខាខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានដឹកនាំសហការីចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១,៤០០,០០០រៀល រួមជាមួយអង្ករចំនួន ៥០០គីឡូក្រាម ដើម្បីចូលរួមក្នុងពិធីបុណ្យសពឧបាសិកា ចាន់ ឡឹង និងបុត្រា។

សូមបញ្ជាក់ថា ឧបាសិកា ចាន់ ឡឹង បានទទួលមរណភាព នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ៧២ឆ្នាំ ដោយជំងឺគាំងបេះដូង ដែលត្រូវជាមាតាបង្កើតរបស់ សពលោកអនុសេនីយ៍ត្រី ម៉ៅចាន់ សុម៉ាឡា វីរកងទ័ពជួរមុខដែលកំពុងបំពេញបេសកកម្មយោធាប្រចាំការនៅទិសឧត្តរមានជ័យ ហើយបានទទួលមរណភាព កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៣១ឆ្នាំ។ បច្ចុប្បន្ន សពទាំងមាតា និងបុត្រ ត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាននៃសព ស្ថិតក្នុងភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងឱកាសដ៏សង្វេគនោះ លោក លៀង ពេជ្រ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតពីសំណាក់ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា ជូនចំពោះក្រុមគ្រួសារសពទាំងអស់។

លោកបានបញ្ជាក់ថា ការបាត់បង់រូបកាយរបស់ឧបាសិកា ចាន់ ឡឹង និងលោកអនុសេនីយ៍ត្រី ម៉ៅចាន់ សុម៉ាឡា គឺជាការបាត់បង់នូវមាតាដ៏មានគុណូបការៈ និងជាការបាត់បង់នូវធនធានវីរកងទ័ពដ៏ក្លាហាន ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី។

លោក លៀង ពេជ្រ បានជម្រាបជូនថា លោកអភិបាលខេត្ត និងលោកប្រធានសមាគម តែងតែយកចិត្តទុកដាក់ និងមិនបំភ្លេចឡើយនូវគុណបំណាច់របស់វីរយុទ្ធជន និងគ្រួសារមន្ត្រី ដែលបានខិតខំបំពេញភារកិច្ចជូនជាតិ។

លោកបានសង្កត់ធ្ងន់ពីតម្លៃនៃ "សាមគ្គីធម៌ និងការចែករំលែក" ក្នុងគ្រាលំបាក។ ការចុះមកផ្ទាល់នាពេលនេះ មិនត្រឹមតែជាការផ្តល់ជាសម្ភារថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់នូវកម្លាំងចិត្ត ដល់ក្រុមគ្រួសារដែលនៅរស់រានមានជីវិត ឱ្យខិតខំតស៊ូជម្នះនូវការលំបាក ខ្វះខាត និងសេចក្តីទុក្ខសោកនេះ។ លោក លៀង ពេជ្រ បានបួងសួងសូមឱ្យដួងវិញ្ញាណក្ខន្ធសពទាំងពីរ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាកិច្ចឆ្លើយតប តំណាងក្រុមគ្រួសារសព បានសម្តែងនូវសេចក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកអភិបាលខេត្ត លោកប្រធានសមាគម និងលោក លៀង ពេជ្រ ដែលតែងតែផ្តល់ក្តីសន្តោសមេត្តា និងមិនបោះបង់បងប្អូនមន្ត្រី និងប្រជាពលរដ្ឋក្នុងគ្រាដែលមានទុក្ខលំបាកបែបនេះឡើយ៕