ទេសរដ្ឋមន្ត្រី អៀង មូលី ទទួលជួបពិភាក្សាការងារ ជាមួយអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា
18-03-2026 11:38
(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី Patricia Ongpin នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគ្នា លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះកម្ពុជាត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍។ ចូលរួមនៅក្នុងជំនួបនេះរួមមានលោកអនុប្រធាន, នាយកខុទ្ទកាល័យ និងប្រធានការិយាល័យសម្របសម្រួល នៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្តើម លោកទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវ Vladanka Andreeva ដែលបានត្រឡប់មកកម្ពុជាម្តងទៀត ក្នុងតួនាទីថ្មីនៅអង្គការសហប្រជាជាតិ។ លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជាមានការជឿជាក់លើប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជឿទុកចិត្តលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ លោកទេសរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់ លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះកម្ពុជាត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍។ បន្ថែមលើនេះ លោកទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ កាលពីឆ្នាំ២០២៤ ព្រមទាំងបានរៀបចំរបាយការណ៍ស្តីពីគោលនយោបាយនេះ ក្នុងឆ្នាំ២០២៥ កន្លងទៅ។
បន្ទាប់មកលោកស្រី Vladankar Endreeva បានបង្ហាញនូវក្តីសោមនស្សចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការត្រលប់មកកម្ពុជាជាថ្មី។ លោកស្រីបានថ្លែងការកោតសរសើរចំពោះកម្ពុជា ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថា ជាប្រទេសឈានមុខមួយ ប្រកបដោយការច្នៃប្រឌិត និងធ្វើឱ្យមានវឌ្ឍនភាព។ លោកស្រីបានអបអរសាទរ ចំពោះការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ សមាជិកភាពរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍ (PCB) និងទស្សនកិច្ចដោយជោគជ័យរបស់លោកស្រី Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ នៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។ លោកស្រីក៏បានសម្តែងនូវការអបអរសាទរ ដែលកម្ពុជានឹងទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ជាការឆ្លើយតប លោកទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីអបអរសាទរសមិទ្ធផលថ្មីៗដែលកម្ពុជាសម្រេចបាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំទស្សនកិច្ចរបស់លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច នៃអង្គការយូអិនអេដស៍មកកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។ លោកទេសរដ្ឋមន្រ្តីបានរំឭកថា ដោយជឿជាក់លើប្រព័ន្ធ កម្ពុជាបានចូលរួមថវិកាចំនួន ១០០,០០០ដុល្លារអាម៉េរិក ជាមួយអង្គការយូអិនអេដស៍ កាលពីឆ្នាំ២០២៥ កន្លងទៅ។
ជាទីបញ្ចប់លោកទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណ ចំពោះកិច្ចសហការដ៏ល្អនាពេលកន្លងមក និងសន្យាបន្តសហការជាមួយអង្គការសហប្រជាជាតិ ជាពិសេសអង្គការយូអិនអេដស៍បន្តទៅមុខទៀត ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា៕

















