អភិបាលខេត្តស្ទឹងត្រែង ទទួលស្គាល់ថា តាមច្បាប់អន្តរជាតិ យើងមិនអាចហាមឃាត់ទំនិញថៃមិនឱ្យចូលបានមែន តែពលរដ្ឋកម្ពុជា មានសិទ្ធិធ្វើពហិការមិនប្រើ យូរទៅគង់តែគ្មានទំនិញថៃដោយឯកឯង (Video inside)

18-03-2026 12:10

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ បានគូសបញ្ជាក់ថា កម្ពុជាមិនអាចហាមឃាត់ទំនិញថៃមិនឱ្យចូលបាននោះទេ តែយើងមានសិទ្ធិធ្វើពហិការមិនប្រើ យូរទៅគង់តែគ្មានទំនិញថៃដោយឯកឯង។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹនាំដោយផ្ទាល់។

លោក សរ សុពុត្រា បានមានប្រសាសន៍ថា ជាការពិតដែលទំនិញថៃមួយចំនួននៅបន្តហូរចូលតាមច្រកទ្វារអន្តរជាតិកម្ពុជា-ឡាវ ពិព្រោះថាយើងមិនអាចហាមឃាត់ទំនិញទាំងអស់នោះមិនឱ្យហូរចូលមកកម្ពុជាបាននោះទេ ហើយរដ្ឋាភិបាលក៏មិនអាចចេញសេចក្ដីសម្រេចណាមួយដាក់បម្រាមឱ្យទំនិញថៃនាំចូលមកកម្ពុជាទាំងស្រុងបានដែរ។

«ត្រង់ចំណុចនេះ គឺកម្ពុជា ជាសមាជិករបស់អង្គការពាណិជ្ជកម្មពិភពលោក ដូច្នេះកម្ពុជាមិនអាចបដិសេធទំនិញណាមួយរបស់ប្រទេសជាសមាជិកនោះទេ ប្រសិនជាយើងហ៊ានធ្វើបែបនេះ យើងនឹងទទួលទណ្ឌកម្ម»។ នេះបើតាមការបញ្ជាក់របស់លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង។

លោកអភិបាល បានគូសបញ្ជាក់ថា «រាល់ទំនិញរបស់ថៃ ដែលចូលមកតាមច្រកទ្វារអន្តរជាតិ គឺជាទំនិញស្របច្បាប់ដែលត្រូវបង់ពន្ធចូលរដ្ឋ បើហ៊ាននាំចូលខុសច្បាប់ ខ្ញុំចាប់បាននឹងកម្ទេចចោលទាំងអស់តែម្ដង»

ជាមួយគ្នានេះ លោកអភិបាលខេត្តស្ទឹងត្រែងរូបនេះ បានសង្កត់ធ្ងន់យ៉ាងច្បាស់ថា «អាវុធតែមួយគត់តែយើងត្រូវបន្តធ្វើ គឺពហិការមិនប្រើប្រាស់»៕

សូមស្ដាប់ប្រសាសន៍លោក សរ សុពុត្រា ដូចតទៅ៖