លោក សរ សុពុត្រា៖ ដើម្បីរក្សាស្ថេរភាពថ្លៃកសិផល យើងបានណែនាំអ្នកលក់ និងអ្នកទិញក្នុងខេត្តស្ទឹងត្រែង ចាំបាច់ត្រូវមានភាពស្មោះត្រង់ទៅវិញទៅមក ជាពិសេសស្វែងរកការវិនិយោគនៅនឹងកន្លែង(Video inside)

18-03-2026 12:31

(ស្ទឹងត្រែង)៖ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា ដើម្បីរក្សាស្ថេរភាពថ្លៃកសិផល រដ្ឋបាលខេត្តបានណែនាំដល់អ្នកលក់ និងអ្នកទិញក្នុងខេត្តស្ទឹងត្រែង ចាំបាច់ត្រូវមានភាពស្មោះត្រង់ទៅវិញទៅមក ជាពិសេសស្វែងរកការវិនិយោគនៅនឹងកន្លែង។

ការថ្លែងរបស់លោកបែបនេះ បានធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ក្នុងកិច្ចសម្ភាសស្ដីពីសក្ដានុពល និងការអភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ដែលសហការរៀបចំជាមួយក្លឹបអ្នកកាសែតកម្ពុជា ដោយមានលោក ពុយ គា ជាអ្នកដឹនាំដោយផ្ទាល់។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន, លោកអភិបាលខេត្ត បានមានប្រសាសន៍ថា «ការរកទីផ្សារកសិផលក្នុងខេត្តស្ទឹងត្រែង ខ្ញុំតែណែនាំអ្នកលក់ និងអ្នកទិញ ត្រូវមានភាពស្មោះត្រង់ជាមួយគ្នា នោះថ្លៃកសិផលនឹងមានតម្លៃល្អ»

ជាមួយគ្នានេះ លោកក៏បានជួបជាមួយវិនិយោគិនមកពី ៤ក្រុមហ៊ុន ដើម្បីពិភាក្សាលើការវិនិយោគកសិផលក្នុងខេត្តស្ទឹងត្រែង ក្នុងទិសដៅកែច្នៃនៅនឹងកន្លែង បំពេញតម្លៃបន្ថែមជូនប្រជាកសិករក្នុងមូលដ្ឋានតែម្ដង ដោយ លោកបានបញ្ជាក់ថា «កន្លងទៅកសិផលរបស់យើងលក់ទៅប្រទេសទី២ ហើយប្រទេសទី២ លក់បន្តទៅប្រទេសទី៣ ឥឡូវនេះយើងហៅប្រទេសទី៣ ឱ្យមកទិញពីយើងផ្ទាល់តែម្ដង ហើយកែច្នៃនៅនឹងកន្លែងថែមទៀត។ នេះគឺជាការរក្សាស្ថេរភាពថ្លៃរបស់យើង»

សូមស្ដាប់ប្រសាសន៍របស់ លោកអភិបាលខេត្តស្ទឹងត្រែងដូចតទៅ៖