លោកស្រី អាំង សុជាតា ខូយរីដា អញ្ជើញសំណេះសំណាល និងលើកទឹកចិត្តដល់ស្ត្រីក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ក្នុងឱកាសខួបទី១១៥ ទិវាអន្តរជាតិនារី ៨មីនា

18-03-2026 14:08

(ពោធិ៍សាត់)៖ នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ស្ត្រីគ្រប់ស្រទាប់វណ្ណៈ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយបានការចូលរួម ពីលោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខយ៉ាងជិតស្និទ្ធ ជាមួយមន្ត្រីអនុរក្សពន្ធនាគារជាស្ត្រី ស្ត្រីជាប់ឃុំ និងទណ្ឌិតដែលមានកូនតូចតាមខ្លួន នៅក្នុងពន្ធនាគារខេត្តពោធិ៍សាត់ ក្នុងឱកាសអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ក្រោមប្រធានបទដ៏មានសារៈសំខាន់៖ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ និងលោកស្រី ប៉ុក ណាឌី អភិបាលរងនៃគណៈអភិបាលខេត្ត បានលើកឡើងថា ដោយបានការយកចិត្តទុកដាក់ពីលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នោះ សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានចាត់ប្រតិភូជួបសំណេះសំណាល សួរសុខទុក្ខដល់មន្ត្រីអនុរក្សពន្ធនាគារជាស្ត្រី ស្ត្រីជាប់ឃុំ និងទណ្ឌិតដែលមានកូនតូចតាមខ្លួន នៅក្នុងពន្ធនាគារខេត្ត ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨មីនា។

ទិវានេះក្នុងគោលបំណងរំលេចពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ ដែលជាបុរេលក្ខខណ្ឌដ៏ចម្បង បានរស់នៅជួបជុំប្រកបដោយសុភមង្គល សុខដុមរមនា សុខុមាលភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ជាមួយគ្នានោះដែរធ្វើឱ្យយើង បានរស់នៅជាមួយគ្នាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿ សាសនា ទំនៀមទំលាប់ ប្រពៃណីដោយសេរី និងទទួលបាននូវកិច្ចគាំពារសង្គមដ៏ទូលំទូលាយនិងស្មើភាពគ្នា។

នៅក្នុងឱកាសនោះដែរ លោកស្រីទាំង២ ក៏បានជម្រាបជូនបងប្អូនជាស្ត្រីទាំងអស់ថា មនុស្សយើងម្នាក់ៗមិនអាចចៀសផុតពីកំហុសឆ្គងបានទេ គ្រាន់តែតិចឬច្រើន ប៉ុន្តែអ្វីដែលសំខាន់នោះ គឺខុសហើយចេះកែប្រែ និងកុំឱ្យអស់សង្ឃឹមចំពោះជីវិត។ ពន្ធនាគារមិនមែនជាទីបញ្ចប់នៃជីវិតទេ គឺជាទីកន្លែងកែប្រែជីវិត ដោយឆ្លុះបញ្ចាំងពីកំហុសអតីតកាល ពោលគឺអ្នកដែលខុសហើយចេះកែខ្លួន គឺជាមនុស្សមានតម្លៃបំផុត។

លោកស្រីសូមឱ្យបងប្អូនស្ត្រីទាំងអស់ ត្រូវពង្រឹងសមត្ថភាព និងសិក្សាជំនាញវិជ្ជាជីវៈ ដែលពន្ធនាគារផ្តល់ជូន ដើម្បីទៅថ្ងៃអនាគត និងចេញត្រឡប់ទៅលំនៅឋានវិញ មានមុខរបរច្បាស់លាស់ សម្រាប់ចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងសង្គមគ្រួសារ និងសង្គមជាតិ។ ជាមួយគ្នានោះត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសុខភាព និងសាមគ្គីភាព ត្រូវតាំងចិត្តក្នុងការពង្រឹងផ្លូវចិត្ត ផ្លូវកាយឱ្យរឹងមាំ ត្រូវចេះជួយគ្នា ចេះស្រឡាញ់គ្នា ជួយគ្នាទៅវិញទៅមក កុំបង្កបញ្ហា គោរពបទបញ្ជាផ្ទៃក្នុង កាលណាគោរពវិន័យបានល្អ ជួយឱ្យបងប្អូនទទួលបានការបន្ធូបន្ថយទោស ឬលើកលែងទោសតាមច្បាប់កំណត់។

ស្របពេលនោះដែរ លោកស្រី អាំង សុជាតា ខូយរីដា និងលោកស្រី ប៉ុក ណាឌី ក៏បានផ្តាំផ្ញើដល់បងប្អូនជាស្ត្រីទាំងអស់កុំឱ្យអស់សង្ឃឹមចំពោះជីវិត, ត្រូវពង្រឹងជំនាញវិជ្ជាជីវៈ ត្រូវថែទាំសុខភាព និងសាមគ្គីភាព និងត្រូវគោរពបទបញ្ជាផ្ទៃក្នុង ព្រមទាំងបាននាំមកនូវគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន មកចែកជូនជាការលើកទឹកចិត្ត និងជូនពរដល់បងប្អូនស្ត្រីជាប់ឃុំ ឱ្យមានកម្លាំងចិត្តរឹងមាំ សុខភាពល្អ និងឆាប់បានវិលត្រឡប់ទៅជួបជុំគ្រួសារវិញ៕