និយ័តករបរធនបាលកិច្ច និងគណៈមេធាវីនៃកម្ពុជា ចុះកិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច

18-03-2026 15:17

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី កិច្ចសហការលើកកម្ពស់ការយល់ដឹង និងការអនុវត្តច្បាប់ក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់ លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោកមេធាវី សាំង វណ្ណៈ ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅសណ្ឋាគារ ភ្នំពេញ។

ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងផ្សព្វផ្សាយអំពីច្បាប់ និងបទប្បញ្ញត្តិឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់កិច្ចសហការចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ក៏ដូចជាជំរុញការអនុវត្តច្បាប់ពាក់ព័ន្ធនឹងវិស័យបរធនបាលកិច្ចទៅដល់សមាជិក-សមាជិកាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងសាធារណជន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទ អ.ស.ហ., ថ្នាក់ដឹកនាំ សមាជិក-សមាជិកាក្រុមប្រឹក្សា និងបុគ្គលិកនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, លោកទីប្រឹក្សា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា, ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈមេធាវី, សមាគមបរធនបាលកម្ពុជា, និងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃ និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច ព្រមទាំងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច៕