លោកបណ្ឌិត ជា មុនីឫទ្ធិ៖ ហៃណាន ពីគោលដៅទេសចរណ៍ ទៅវេទិកាសេដ្ឋកិច្ចសកល
18-03-2026 15:22
(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ហៃណាន ដែលមានប្រជាជនចិនរស់នៅ ១០.៦លាននាក់ បានផ្លាស់ប្តូរពីកោះទេសចរណ៍ធម្មតា ទៅជាគន្លងសេដ្ឋកិច្ចសំខាន់មួយរបស់ប្រទេសចិន ដែលមានតួនាទីភ្ជាប់ជាមួយសេដ្ឋកិច្ចពិភពលោក។ ការផ្លាស់ប្តូរនេះពាក់ព័ន្ធយ៉ាងខ្លាំង នឹងការបង្កើត «តំបន់គយពិសេសហៃណាន» (Hainan Free Trade Port) នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដែលផ្តោតលើសេរីភាពពាណិជ្ជកម្ម ការវិនិយោគ និងការចល័តទ្រព្យធន។
ការផ្លាស់ប្តូរ នឹងការបង្កើត «តំបន់គយពិសេសហៃណាន» (Hainan Free Trade Port) បានធ្វើឲ្យតំបន់នេះក្លាយជាគំរូថ្មីមុនដំបូងគេសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចបើកចំហ របស់ពិភពលោកក្នុងសតវត្សរ៍ទី២១។ នេះបើតាមការបញ្ជាក់ពីលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ថ្លែងមកកាន់បណ្ដាញព័ត៌មាន Fresh News។
លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ទៀតថាជាទឡ្ហីករណ៍បែបគរុសភា ក្នុងឆ្នាំ២០២៥ នៅហៃណាន GDP ជាមធ្យមសម្រាប់មនុស្សម្នាក់ប្រមាណ ៧៧,១១៧យ៉ន់ប្រាក់ចិន ក្នុងពេលដែលGDPសរុបរបស់ហៃណានស្មើនឹង ៨១០.៨៨៥ ប៊ីលានយ៉ន់ចិន ដែលនឹងជំរុញតំបន់គយពិសេសនេះកើនឡើងយ៉ាងឆាប់រហ័សនៃសកម្មភាពពាណិជ្ជកម្មអន្តរជាតិ។ ពាណិជ្ជកម្មសរុបរបស់ហៃណាន បានកើនឡើងយ៉ាងច្បាស់លាស់ បន្ទាប់ពីការអនុវត្តគោលនយោបាយបើកចំហ ហើយដៃគូសំខាន់បំផុតមួយគឺតំបន់ អាស៊ីអាគ្នេយ៍។ ប្រទេសជាសមាជិកអាស៊ាន មានភាគរយប្រមាណ ៣០%ទៅ៤០% នៃពាណិជ្ជកម្មសរុបរបស់ហៃណាន ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់តំបន់នេះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តំបន់។
សម្រាប់លោកបណ្ឌិត ជា មុនីឫទ្ធិ ក្នុងចំណោមដៃគូទាំងនេះ ប្រទេសកម្ពុជា ក៏កំពុងកើនឡើងតួនាទីផងដែរ។ ពាណិជ្ជកម្មរវាងហៃណាន និងកម្ពុជា កើនឡើងជាបន្តបន្ទាប់ ជាពិសេសក្នុងវិស័យកសិកម្ម និងផលិតផលធម្មជាតិ។ កម្ពុជានាំចេញផលិតផលដូចជា ស្រូវ អង្ករ ផ្លែឈើត្រូពិច (ដូង ស្វាយ ធុរេន ស្វាយចន្ទី សំបុកត្រចៀកកាំ…) ទៅដល់ទីផ្សារហៃណាន ខណៈដែលហៃណាននាំចេញសម្ភារៈឧស្សាហកម្ម បច្ចេកវិទ្យា និងផលិតផលប្រើប្រាស់មកកាន់កម្ពុជា។ ទោះបីជាទំហំពាណិជ្ជកម្មមិនទាន់ធំដូចប្រទេសដទៃទៀតក្នុងអាស៊ាន ក៏ដោយក៏វាមាននិន្នាការកើនឡើងយ៉ាងលឿន ជាពិសេសក្រោយការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការតភ្ជាប់តំបន់។
ជាប្រត្យក្សភាព កិច្ចសហការយ៉ាងជិតស្និទ្ធរវាងកម្ពុជានិងចិន ជាពិសេសតាមច្រកហៃណាន ក៏កំពុងពង្រីកដោយផ្តោតលើវិស័យទេសចរណ៍ និងវិនិយោគផងដែរ។ ក្រុមហ៊ុនចិនពីហៃណាន បានចូលវិនិយោគក្នុងវិស័យសណ្ឋាគារ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ខណៈដែលភ្ញៀវទេសចរពីហៃណានក៏កំពុងចាប់អារម្មណ៍លើគោលដៅទេសចរណ៍នៅកម្ពុជា។ នេះបង្ហាញពីការតភ្ជាប់សេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងភាគីទាំងពីរ។
ជាមួយគ្នានេះ ហៃណាន ក៏បានក្លាយជាម្ចាស់ផ្ទះនៃវេទិកាអាស៊ីប៉អាវ ដែលជាវេទិកាសេដ្ឋកិច្ចសំខាន់មួយនៅក្នុងតំបន់។ វេទិកានេះទាក់ទាញមេដឹកនាំ និងអ្នកវិនិយោគពីទូទាំងពិភពលោក រួមទាំងតំណាងពីកម្ពុជាផងដែរ។ ការចូលរួមនេះជួយបង្កើនឱកាសសហប្រតិបត្តិការ ពង្រីកបណ្តាញវិនិយោគ និងលើកកម្ពស់ភាពយល់ដឹងអំពីសេដ្ឋកិច្ចតំបន់។ នេះបើតាមការបញ្ជាក់លម្អិតពីលោកបណ្ឌិត ជា មុនីឫទ្ធិ។
ក្នុងន័យនេះ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន រំពឹងថា កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីតំបន់គយពិសេសរបស់ហៃណាន ដូចជា៖
១. កំណើនពាណិជ្ជកម្ម
២. ការវិនិយោគទំនិញ និងបច្ចេកវិទ្យា
៣. ការអភិវឌ្ឍទេសចរណ៍ និងវប្បធម៌
៤. ការតភ្ជាប់អន្តរជាតិ និងការចែករំលែកចំណេះដឹង
៥. ការចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់អាស៊ី
ជារួម ពីកោះតូចមួយ ហៃណាន បានក្លាយជាគន្លងសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក តាមរយៈតំបន់គយពិសេស និងជោគជ័យនៃវេទិកាអាស៊ីប៉អាវ។ ជាមួយនឹងការកើនឡើងនៃពាណិជ្ជកម្មជាមួយ អាស៊ីអាគ្នេយ៍ ជាពិសេសកម្ពុជា ហៃណានកំពុងបន្តពង្រឹងតួនាទីរបស់ខ្លួនជាវេទិកាសេដ្ឋកិច្ចសកល និងជាគំរូសម្រាប់ការអភិវឌ្ឍបើកចំហចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥មក៕













