អគ្គនាយក ARDB ជំនួបពិភាក្សាជាមួយប្រធានក្រុមហ៊ុន Ecly Ltd ជំរុញការពង្រីកទីផ្សារផលិតផលកម្ពុជា និងកសិផលខ្មែរ នៅប្រទេសនូវែលហ្សេឡង់
18-03-2026 17:19
(នូវែលហ្សេឡង់)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) រួមជាមួយសហការី នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Erik Ly ប្រធានក្រុមហ៊ុន Ecly Ltd នៅទីក្រុងអូក្លិន ប្រទេសនូវែលហ្សេឡង់។
ក្នុងជំនួបដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមពីលោក ឃួយ ម៉ៃខល ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជា ប្រចាំប្រទេសនូវែលហ្សេឡង់ និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ។
ក្រុមហ៊ុន Ecly Ltd ដែលមានឃ្លាំងស្តុកទំនិញ (Warehouse) និងបណ្តាញចែកចាយដ៏រឹងមាំ បាននិងកំពុងនាំចូលចែកចាយផលិតផលសក្តានុពលពីកម្ពុជា រួមមាន អង្ករខ្មែរ និងស្រាបៀរហនុមាន (Hanuman Beer) ទៅក្នុងទីផ្សារណូវែលហ្សេឡង់។
ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីផែនការបន្ត សិក្សានាំចូលផលិតផលកសិកម្មផ្សេងៗទៀតពីកម្ពុជា ជាបន្តបន្ទាប់ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ និងពង្រីកវត្តមានទំនិញខ្មែរឱ្យកាន់តែទូលំទូលាយ នៅក្នុងប្រទេសណូវែលហ្សេឡង់។
លោកបណ្ឌិតអគ្គនាយក ARDB បានថ្លែងអំណរគុណ និងកោតសរសើរដល់លោក Erik Ly ដែលបានដើរតួនាទីជាស្ពានសេដ្ឋកិច្ចយ៉ាងសំខាន់ ក្នុងការនាំយកផលិតផលខ្មែរមកកាន់ទីផ្សារអន្តរជាតិ តាមរយៈហេដ្ឋារចនាសម្ព័ន្ធឃ្លាំងទំនិញ និងបទពិសោធន៍ចែកចាយផលិតផលចំណីអាហារ ប្រកបដោយវិជ្ជាជីវៈ៕




















