ក្រសួងសង្គមកិច្ច បានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពចំនួន ៣០១,២៩៥ ប័ណ្ណនៅទូទំាងប្រទេស

18-03-2026 21:16

(ភ្នំពេញ)៖ គិតត្រឹមដើមឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានលោក ជា សុមេធី ជារដ្ឋមន្រ្តីបានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពចំនួន ៣០១,២៩៥ ប័ណ្ណនៅទូទំាង២៥រាជធានី/ខេត្ត ក្នុងនោះស្ត្រីចំនួន ១៤៦,៦៥៦នាក់។ នេះបើតាមការបញ្ជាក់ពីលោកស្រី ស៊ាន ប៉ូលីន អគ្គនាយករងនៃអគ្គនាយកដ្ឋានស្តារសម្បទា នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងសិក្ខាសាលាស្តីពី «ការជំរុញការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន» ដែលបានធ្វើឡើងនៅខេត្តកំពត នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះលោកស្រីតំណាងក្រសួងសង្គមកិច្ច បានបញ្ជាក់ឲ្យដឹងថា៖ «គិតមកដល់ឆ្នាំ២០២៦ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន ៣៥៨,៣២១នាក់ ក្នុងនោះស្ត្រីចំនួន ១៧៥,៤៧២នាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្មតាមរយៈជនបង្គោល ឃុំ/សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់ប័ណ្ណសំគាល់ជនមានពិការភាពបានចំនួន ៣០១,២៩៥ ប័ណ្ណ ក្នុងនោះស្ត្រីចំនួន ១៤៦,៦៥៦នាក់ នៅទូទំាង២៥រាជធានីខេត្ត»។

លោកស្រីបានបន្តថា៖ «ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមការដឹកនាំប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងភាពឆ្លាតវៃរបស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់អាទិភាពការងារពិការភាពក្នុងកម្មវិធីការងាររបស់ក្រសួង ដោយបានកសាងគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាបន្តបន្ទាប់ សំដៅពង្រឹងពង្រីកការគោរពសិទ្ធិជាមូលដ្ឋានរបស់ជនមានពិការភាព ស្របតាមរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា»។

ជុំវិញការផ្តល់ប័ណ្ណសំគាល់ជនមានពិការភាព លោក ខាន់ សុខា អភិបាលរងខេត្តកំពត បានបញ្ជាក់ឲ្យដឹងដែរថា ការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគម្រូសង្គម និងសិទ្ធិជាមូលដ្ឋាន ដល់បច្ចុប្បន្នខេត្តកំពត សម្រេចបាននូវលទ្ធផលជនមានពិការភាពដែលទទួលបានការសម្ភាសន៍ក្នុងកម្មវិធី ដោយឃុំ/សង្កាត់ចំនួន២៤,២៤១នាក់ ក្នុងនោះមានពិការកាយសម្បទាចំនួន១៣,៧០៩នាក់, ពិការផ្នែកញាណចំនួន ៦,៩៤៦នាក់, ពិការផ្នែកសតិបញ្ញាចំនួន ១,៥៣៧នាក់, ពិការផ្នែកផ្លូវចិត្តចំនួន ៧០៥នាក់ និងពិការផ្សេងៗចំនួន១,៣៤៥នាក់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអនុម័តរួចរាល់ទទួលស្គាល់ចំនួន ១៨,៧២០នាក់ ព្រមទាំងបានប្រគល់បណ្ណសម្គាល់ជនមានពិការភាព ជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនពិការសរុបចំនួន ២១,០៨៦ប័ណ្ណ។

លោក ខាន់ សុខា អភិបាលរងខេត្តកំពត បានបន្ថែមថា៖ «បច្ចុប្បន្ននេះមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពត បានកំពុងពិនិត្យ និងកែតម្រូវទៅលើបញ្ហាខុស ឬ ខ្វះទិន្នន័យ និងអត្តសញ្ញាណរបស់ជនពិការ ដែលឃុំ-សង្កាត់ បានបញ្ជូនមក ព្រមទាំងបានបញ្ជូនទិន្នន័យខុសមួយចំនួនទៅឃុំ-សង្កាត់វិញ ដើម្បីកែតម្រូវ រឺ សម្ភាសន៍ឡើងវិញម្តងទៀត មុននឹងបញ្ជូនបន្តទៅថ្នាក់ជាតិ។ លើសពីនេះទៀត មន្ទីរកំពុងបន្តជំរុញជាប្រចាំដល់រដ្ឋបាលឃុំ-សង្កាត់ ដែលជាអ្នកអនុវត្តកម្មវិធីផ្ទាល់ បន្តពិនិត្យអោយបានខ្ជាប់ខ្ជួនអំពីតម្រូវការចំបាច់នានារបស់ជនពិការ ជាពិសេសបន្តសម្ភាសន៍បន្ថែមទៀត ករណីរកឃើញថាមានជនពិការដែលមិនទាន់បានសម្ភាន៍ចូលក្នុងកម្មវិធី»។

សូមជម្រាបថា ការផ្តល់បណ្ណសម្គាល់ជនមានពិការភាព ធ្វើឡើងដើម្បីបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាពក្នុងការចូលរួមសកម្មភាពសង្គម សេដ្ឋកិច្ច និងទទួលបានអត្ថប្រយោជន៍ ពីវិស័យសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល និងអ្នកផ្តល់សេវាផ្សេងៗ ប្រកបដោយសមធម៌ និងបរិយាបន្ន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕