សាកលវិទ្យាល័យជាតិបាត់ដំបង រៀបចំកិច្ចប្រជុំជាមួយដៃគូសហការក្រោម គម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការកូរ៉េ
19-03-2026 07:38
(បាត់ដំបង)៖ សាកលវិទ្យាល័យជាតិបាត់ដំបង បានរៀបចំកិច្ចប្រជុំជាមួយដៃគូសហការ ក្រោមអធិបតីភាពលោកបណ្ឌិត សំ រ៉ានី សាកលវិទ្យាធិការរង តំណាងលោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារក្លាស៊ីខេត្តបាត់ដំបង។
កិច្ចប្រជុំនេះរួមមានសមាសភាពចូលរួមជាមន្រ្តីគម្រោង មកពីមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម និងទេសចរណ៍ នៃសាកលវិទ្យាល័យជាតិបាត់ដំបង សាកលវិទ្យាល័យនារីឌុកស៊ុង ព្រមទាំងតំណាងសហគមន៍កសិកម្ម សហគ្រាសធុនតូចនិងមធ្យម និងអង្គភាពជាប់ពាក់ព័ន្ធដទៃទៀត។
កិច្ចប្រជុំនេះមានគោលបំណងជាចម្បង ដើម្បីប្រមូលធាតុចូលក្នុងការគាំទ្រការអនុវត្តគម្រោង បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ព្រមពិនិត្យលទ្ធភាពធ្វើកិច្ចសហការអាជីវកម្មអន្តរជាតិ រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េលើវិស័យកសិកម្ម និងការផលិតកសិផលដើម្បីនាំចេញ និងសកម្មភាពជាច្រើនទៀតដើម្បីគាំទ្រដល់សកម្មភាពរៀន និងបង្រៀនរបស់និស្សិត។
សកម្មភាពនេះបានឆ្លើយតបទៅនឹងគោលបំណងរបស់គម្រោង និងបេសកកម្មរបស់សាកលវិទ្យាល័យជាតិបាត់ដំបង ដើម្បីផ្សារភ្ជាប់ទំទាក់ទំនងរវាងសាកលវិទ្យាល័យ និងសហគ្រាស ឬវិស័យឯកជនជាតិ និងអន្តរជាតិ។
នៅក្នុងកិច្ចប្រជុំនេះ តំណាងមកពីសហគ្រាសផលិតជីធម្មជាតិ ក្រុមហ៊ុន MINISOTA ក្រុមហ៊ុន Leopard Coffee Roaster នាយកប្រតិបត្តិនៃសហករណ៍កសិកម្មទំនើប (MCA) និងសហព័ន្ធសហគ្រាសកសិកម្មកម្ពុជា (FAEC) បានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការចូលរួមសហការនៅក្នុងគម្រោងដ៏មានសារៈសំខាន់នេះ។
ជាលទ្ធផល ក្រុមហ៊ុន MINISOTA បានយល់ព្រមផ្តល់ឱកាសជូននិស្សិតជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់ ក្នុងការធ្វើទស្សនកិច្ចសិក្សា និងកម្មសិក្សានៅក្នុងក្រុមហ៊ុន។
សហករណ៍កសិកម្មទំនើបនឹងផ្គត់ផ្គង់អង្ករ ដល់មជ្ឈមណ្ឌលកែច្នៃ និងចែកចាយកសិកម្មរបស់សាកលវិទ្យាល័យជាតិបាត់ដំបង។ ក្រុមហ៊ុន Leopard Coffee Roaster យល់ព្រមសហការជាមួយគម្រោង និងបានកំណត់តំបន់សក្តានុពលសម្រាប់ការដាំដុះដំណាំកាហ្វេ រួមមាន ស្រុកសំឡូតនៃខេត្តបាត់ដំបន់ ខេត្តប៉ៃលិន និងស្រុកវាលវែងនៃខេត្តពោធិ៍សាត់។
ក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការគាំទ្រដល់កសិករ និងសហគមន៍កសិកម្ម ដោយផ្អែកលើបទពិសោធន៍របស់ខ្លួន ក្នុងការធ្វើការជាមួយកសិករនៅខេត្តមណ្ឌលគីរី។ លើសពីនេះ ក្រុមហ៊ុនមានសុទិដ្ឋិនិយមថាខេត្តបាត់ដំបន់ ជាទីផ្សារដ៏ជោគជ័យសម្រាប់ដំណាំកាហ្វេ។ សហព័ន្ធសហគ្រាសកសិកម្មកម្ពុជា (FAEC) នឹងសហការក្នុងការកែច្នៃ និងនាំចេញស្ករត្នោតទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ។ ទន្ទឹមនឹងនេះ សហគ្រាសផលិតជីធម្មជាតិនឹងគាំទ្រសហករណ៍កសិកម្មទំនើប ដើម្បីផ្គត់ផ្គង់លើដំណាំកសិកម្ម។ លើសពីនេះទៅទៀត ក្រុមការងារគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនកែច្នៃកសិផល ដែលមាននៅក្នុងស្រុកដូចជាផ្លែស្វាយសម្ងួតជាដើម។
ដៃគូសហការបានឯកភាពលើការងារអភិវឌ្ឍយន្តការ សហការលម្អិតជាបន្តបន្ទាប់ ដើម្បីអនុវត្តគម្រោងប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។
សូមបញ្ជាក់ថា សាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យនារីឌុកស៊ុង បានទទួលហិរញ្ញប្បទានក្រោមគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ ដែលមានទឹកប្រាក់ប្រមាណជា ២លានដុល្លាអាមេរិក ដែលមានរយៈពេលអនុវត្តន៍គម្រោងចំនួន៧ ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។
សាកលវិទ្យាល័យជាតិបាត់ដំបង បានចាប់ផ្តើមបណ្តុះបណ្តាលនិស្សិតជំនាន់ទី១ ថ្នាក់បរិញ្ញាបត្រជំនាញពាណិជ្ជកម្មអន្តរជាតិ និងការគ្រប់គ្រងខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងឆ្នាំសិក្សា ២០២៥-២០២៦នេះ ដែលមាននិស្សិតចុះឈ្មោះចូលរៀនចំនួនជាង៥០នាក់៕














