អភិបាលខេត្តពោធិ៍សាត ជំរុញឱ្យក្រុង-ស្រុកទាំង៧ ត្រៀមលក្ខណៈប្រកួតប្រជែងជ្រើសរើស «ឃុំ-សង្កាត់គំរូ» ផ្នែកសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន
19-03-2026 09:53
(ពោធិ៍សាត់)៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានដាក់ចេញនូវសេចក្តីណែនាំដ៏មានសារៈសំខាន់មួយ ដល់រដ្ឋបាលក្រុង-ស្រុកទាំង៧ ត្រូវជ្រើសរើសឃុំ-សង្កាត់ណាមួយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីត្រៀមលក្ខណៈប្រកួតប្រជែងជា «ឃុំ-សង្កាត់គំរូ»។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំទេពឧកញ៉ា ឃ្លាំង មឿង សាលាខេត្ត ដោយបានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អភិបាលក្រុង-ស្រុកទាំង៧ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោក ខូយ រីដា បានជម្រាបជូនថា គោលបំណងសំខាន់នៃការប្រកួតប្រជែងខាងលើ គឺដើម្បីលើកកម្ពស់ការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៖ ការរៀបចំបណ្តាញផ្លូវថ្នល់ ការលក់ដូរមិនឱ្យរំលោភលើចិញ្ចើមផ្លូវ និងការសម្របសម្រួលចរាចរណ៍ក្នុងមូលដ្ឋាន។ អនាម័យបរិស្ថានល្អប្រសើរ៖ ការគ្រប់គ្រងកាកសំណល់ ការដាំដើមឈើ និងការកែលម្អសោភ័ណភាពតាមភូមិ-ឃុំ ឱ្យមានភាពស្រស់បំព្រង និងមានខ្យល់អាកាសបរិសុទ្ធ។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបញ្ជាក់យ៉ាងច្បាស់ថា លោកនឹងអញ្ជើញចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់តាមបណ្តាឃុំ-សង្កាត់ដែលបានជ្រើសរើសទាំងនោះ។ ការចុះពិនិត្យផ្ទាល់នេះ គឺដើម្បីធានានូវតម្លាភាព និងជំរុញឱ្យអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ពិតប្រាកដ ក្នុងការបម្រើសេវាសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ស្របតាមទិសដៅអភិវឌ្ឍន៍របស់ខេត្ត។
លោកបានសង្កត់ធ្ងន់ថា ការប្រកួតប្រជែងនេះ មិនមែនធ្វើឡើងត្រឹមតែជាបង្គ្រប់កិច្ចនោះទេ ប៉ុន្តែវាគឺជាការវាស់វែងនូវសមត្ថភាពដឹកនាំ និងការទទួលខុសត្រូវរបស់អភិបាលក្រុង-ស្រុក និងមេឃុំ-ចៅសង្កាត់ ក្នុងការកែប្រែមុខមាត់មូលដ្ឋានរបស់ខ្លួន ឱ្យក្លាយជាទីកន្លែងដែលគួរឱ្យចង់រស់នៅ និងទាក់ទាញភ្ញៀវទេសចរ។
មានមតិបូកសរុប លោកអភិបាលខេត្ត បានដាក់ចេញវិធានការគន្លឹះដើម្បីការអភិវឌ្ឍ និងសុវត្ថិភាពខេត្ត៖
ទី១. ពង្រឹងសន្តិសុខ និងសណ្តាប់ធ្នាប់ ដោយត្រូវលុបបំបាត់ Scams Online, បង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបទល្មើសគ្រប់ប្រភេទ ដើម្បីឱ្យពលរដ្ឋរស់នៅដោយគ្មានការភ័យខ្លាច
ទី២. បង្ក្រាបដាច់ខាតបទល្មើសព្រៃឈើ និងជលផល
ទី៣. ខិតខំរៀបចំសោភ័ណភាព អនាម័យបរិស្ថាន និងត្រៀមបង្កលក្ខណៈសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ទី៤. បន្តចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋដល់មូលដ្ឋាន ពិសេសគ្រួសារកងទ័ព ពលករចំណាកស្រុក និងអ្នកខ្វះខាតស្បៀង
ទី៥. ពង្រីកផ្លូវឱ្យមានចិញ្ចើមត្រឹមត្រូវ និងផ្សព្វផ្សាយពីសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ជូនដល់ប្រជាជន
ទី៦. ត្រៀមចុះសួរសុខទុក្ខនិវត្តន៍ជន កងទ័ព និងពលរដ្ឋនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង មុនឱកាសបុណ្យចូលឆ្នាំថ្មី។
លោក ខូយ រីដា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំង និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានជំរុញឱ្យបន្តកិច្ចសហការគ្នាឱ្យកាន់តែស្អិតរមួត បង្កើនការយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ និងត្រូវដោះស្រាយបញ្ហាប្រឈមនានាឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕

















































