កិច្ចប្រជុំប្រចាំឆ្នាំសមាគមអតីតនិស្សិត Chevening នៅកម្ពុជា ជំរុញធនធានមនុស្ស និងពង្រឹងសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-អង់គ្លេស
19-03-2026 14:00
(ភ្នំពេញ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ បានអញ្ជើញជាគណៈអធិបតី និងថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំទូទៅប្រចាំឆ្នាំរបស់មាគមអតីតនិស្សិត Chevening (British Chevening Alumni Association of Cambodia)។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា លោក លីដេត ពិដោរ ប្រធានសមាគមអតីតនិស្សិត Chevening នៃចក្រភពអង់គ្លេសប្រចាំកម្ពុជា លោកស្រីអតីតប្រធានសមាគម ព្រមទាំង សមាជិក សមាជិការបស់សមាគមជាមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុន និងម្ចាស់ក្រុមហ៊ុន ភ្ញៀវជាតិ និងអន្តរជាតិសរុបប្រមាណជាង ១០០នាក់។
ថ្លែងក្នុងឱកាស នៃជំនួបប្រកបដោយភាតរភាពនេះ លោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីការអភិវឌ្ឍន៍ និងការចូលរួមចំណែកដ៏សំខាន់របស់សិក្ខាកាមដែលទទួលបានជ័យលាភីពី Chevening Scholarship ក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈចំណេះដឹងដែលទទួលបានពីប្រទេសអង់គ្លេស និងការដើរតួនាទីជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជានាពេលកន្លងមក។ លោកឯកអគ្គរាជទូត ស្នើឱ្យសមាគមបន្តភា្ជប់ទំនាក់ទំនងជាមួយអតីតនិស្សិតដទៃទៀត និងបង្កើនសកម្មភាពសមាគមឱ្យបានទូលំទូលាយ។
ក្នុងសុន្ទរកថានេះ លោករដ្ឋមន្ត្រី បានលើកថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលនៃចក្រភពអង់គ្លេស និងស្ថានទូតប្រចាំប្រទេសកម្ពុជា ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការដ៏ល្អដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសការផ្តល់អាហាររូបករណ៍ Chevening នេះដល់សិស្សនិស្សិតកម្ពុជាដែលត្រឡប់មកវិញប្រកបដោយគុណភាព និងសមត្ថភាព។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានស្នើសមាគមបន្តនូវការខិតខំប្រឹងប្រែងពង្រីកសមាជិកភាពបន្តទៀត និងបន្តសកម្មភាពជួយសង្គមបន្ថែមទៀតដោយផ្អែកលើចំណេះដឹងដែលទទួលបានពីការសិក្សានៅក្រៅប្រទេស បង្កើនភាពធន់ ប្រែក្លាយបញ្ហាជាឱកាសដ៏វិសេសវិសាល ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា ហើយធ្វើជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជាដែលមានរយៈពេលជាង ៧៣ឆ្នាំកន្លងមកឱ្យកាន់តែរីកដុះដាលលើគ្រប់វិស័យបន្ថែមទៀត។
សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេល២ខែនៃដើមឆ្នាំ២០២៦ នេះ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ៧០០,០០០ ដោយមានភ្ញៀវទេសចរអង់គ្លេសប្រហែល ៣០,០០០ នាក់ហើយមកលេងកម្ពុជា ដែលជានិន្នាការល្អ៕

















