រដ្ឋមន្ត្រីកសិកម្ម៖ ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដែលឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ដោយផ្អែកលើមេរៀន និងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥

19-03-2026 14:04

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដែលឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ដោយផ្អែកលើមេរៀន និងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំក្រសួង មន្ត្រីជំនាញ និងកិច្ចសហការយ៉ាងស្អិតរមួតជាមួយបណ្ដាក្រសួងពាក់ព័ន្ធ ដែលបានសម្របសម្រួល និងចូលរួមយ៉ាងសកម្មភាពក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

លោករដ្ឋមន្រ្តីបានថ្លែងថា ថ្វីដ្បិតថា ឆ្នាំ២០២៥ គឺជាឆ្នាំដែលពោរពេញដោយព្រឹត្តិការណ៍ ទោះបីជាមិនល្អឥតខ្ចោះ ប៉ុន្តែបញ្ហាប្រឈមទាំងអស់ត្រូវបានដោះស្រាយទាន់ពេលវេលា ជាពិសេសការអនុវត្តគោលនយោបាយអាទិភាពទាំង៣ របស់រាជរដ្ឋាភិបាល យ៉ាងខ្ជាប់ខ្ជួន និងមានប្រសិទ្ធភាព។

ដោយឡែកបញ្ហាទីផ្សារ, លោក បានបញ្ជាក់ថា កំណើនផលិតកម្មកសិកម្ម បានបណ្តាលឱ្យតម្លៃកសិផលធ្លាក់ចុះមកវិញ ពិសេសសម្រាប់ដំណាំស្រូវ។ ទោះបីជាតម្លៃធ្លាក់ចុះ ប៉ុន្តែការសម្របសម្រួលទីផ្សារពីសំណាក់រដ្ឋាភិបាល ពិសេសតាមរយៈមន្ត្រីកសិកម្មឃុំ (CAO) បានជួយដោះស្រាយបញ្ហាកកស្ទះស្រូវនៅទីវាល និងជួយកសិករឱ្យលក់កសិផលចេញបាន ដើម្បីទូទាត់ថ្លៃដើមមកវិញ។ បន្ថែមពីនេះ ការចងក្រងជាសហគមន៍កសិកម្មទំនើប កំពុងក្លាយជាសំណាញ់សុវត្ថិភាព និងជាផ្លូវឆ្ពោះទៅរកភាព «មានបាន» តាមរយៈការកាត់បន្ថយថ្លៃដើម និងការទទួលបានឥណទានល្អជាងមុន។

លោករដ្ឋមន្ត្រី បានថ្លែងពីការធ្វើកំណែទម្រង់រចនាសម្ព័ន្ធមួយចំនួនរបស់ក្រសួង ដើម្បីបង្កើនប្រសិទ្ធភាពការងារ ដែលការផ្លាស់ប្តូរពីថ្នាក់ជាតិ នឹងជះឥទ្ធិពលវិជ្ជមានដល់ថ្នាក់ក្រោមជាតិ។

យ៉ាងណាមិញ លោក បានបញ្ជាក់ថាផងដែរថា បណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា (CASA) នឹងលេចរូបរាងឡើងឆាប់ៗនេះ ដើម្បីប្រមូលផ្តុំធនធានមនុស្សមានទេពកោសល្យ និងសមត្ថភាពស្រាវជ្រាវ-អភិវឌ្ឍន៍ ឱ្យស្ថិតក្រោមដំបូលតែមួយ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ឌិត ទីណា បានគូសបញ្ជាក់ថា «សន្តិសុខស្បៀងគឺជារឿងចាំបាច់បំផុតក្នុងកាលៈទេសៈមិនប្រាកដប្រជា ដែលទាមទារឱ្យមានស្បៀងគ្រប់គ្រាន់ក្នុងតម្លៃសមរម្យ។ ប៉ុន្តែគោលដៅធំបំផុតរបស់ក្រសួងគឺមិនមែនត្រឹមតែ «មានហូប» នោះទេ គឺត្រូវឈានទៅដល់អភិក្រម «មានហូប មានបាន មានប្រើ និងមានរហូត» ដែលសង្កត់ធ្ងន់លើនិរន្តរភាព។

មុននឹងបញ្ចប់ លោក បានសង្កត់ធ្ងន់ដូច្នេះថា៖ «ឆ្នាំ២០២៥ ជាឆ្នាំដ៏លំបាកមួយ ដែលត្រូវដោះស្រាយបញ្ហាផ្ទួនៗគ្នា បូករួមទាំងបញ្ហាប្រឈមនៃជម្លោះសង្គ្រាម ២លើកជាមួយប្រទេសថៃផងដែរ។ ក៏ប៉ុន្តែឆ្នាំ២០២៦ នឹងក្លាយជាឆ្នាំដែលយើងប្រមូលផល និងឃើញលទ្ធផលជាក់ស្តែងពីកំណែទម្រង់នានា ដោយផ្អែកលើមេរៀន និងបទពិសោធន៍ដែលទទួលបានពីឆ្នាំ២០២៥»