កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ស្វាយរៀង​ ចុះ​បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយឃាត់ខ្លួន៨នាក់

19-03-2026 14:12

(ស្វាយរៀង)៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រី១នាក់) ជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះ ធ្វើឡើងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត​។

ក្រោយទទួលបានបទបញ្ជាក់ និងព័ត៌មាននៃបទល្មើសមួយនេះ លោកវរសេនីយ៍ឯក គឹម ឡៃ ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និង​លោក​វរសេនីយ៍ទោ​ ជិន​ សុភឿន​ ដឹកនាំ​កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះ​ប្រតិបត្តិការ​បង្ក្រាបនៅផ្ទះសំណាក់ វ៉ាំងភូ (HQ) ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ដោយឃាត់ខ្លួនជនសង្ស័យ៨នាក់ (ស្រីម្នាក់) ជាជនជាតិវៀតណាម ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ​ ១៧គ្រឿង, ម៉ាស៊ីន​កុំព្យូទ័រ​ ០១គ្រឿង និងទូរស័ព្ទ ០៣គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី​ច្បាប់​៕