រដ្ឋមន្ត្រីកសិកម្ម៖ គោលនយោបាយសហគមន៍កសិកម្មទំនើប កំពុងជួយសម្រួលឱ្យកសិករចំណាយតិចជាងចំណូល ដើម្បីទទួលបានផលចំណេញ (Video inside)

19-03-2026 14:37

(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានថ្លែងថា ការធ្វើកសិកម្មឱ្យទទួលបានផលចំណេញ ត្រូវមានការគ្រប់គ្រងចំណាយឱ្យទាបជាងចំណូល ខណៈដែលគោលនយោបាយសហគមន៍កសិកម្មទំនើប កំពុងអនុវត្តយ៉ាងសកម្មស្ទើរទូទាំងប្រទេស ដើម្បីជួយដោះស្រាយបញ្ហានេះ។

ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោករដ្ឋមន្ត្រី បានលើកឡើងពីបញ្ហាប្រឈមជាមួយរួមកាលពីឆ្នាំ២០២៥ ក្នុងវិស័យកសិកម្ម ក៏ដូចជាដំណោះស្រាយដែលក្រសួងបានធ្វើការសម្របសម្រួល ក្នុងដំណាក់កាលដែលកម្ពុជាកំពុងទទួលរងនូវការឈ្លានពានពីប្រទេសថៃ។

លោក បានបញ្ជាក់ថា គោលនយោបាយសហគមន៍កសិកម្មទំនើប បានជួយលើកកម្ពស់ការរួមគ្នារបស់កសិករ ធ្វើឱ្យការផលិតមានប្រសិទ្ធភាពខ្ពស់ជាងការធ្វើដាច់ដោយឡែក និងអាចបង្កើនឱកាសរកចំណូល ដោយ លោក មានប្រសាសន៍ដូច្នេះថា «សហគមន៍របស់យើងក៏មានការរីកចម្រើនច្រើនដូចគ្នាផងដែរ ព្រោះថាយើងចង់ជួយបងប្អូនឱ្យបានល្អបំផុត នៅពេលដែលគាត់នៅបែកខ្ញែកគ្នាគឺពិបាក។ អ្វីដែលសំខាន់នៅពេលនេះ គឺគាត់ចង់ឱ្យ «មានបាន» មិនមែនត្រឹមតែ «មានហូប» នោះទេ...ចឹងដើម្បីឱ្យគាត់ធ្វើកសិកម្មចេញពី «មានហូប» ទៅ «មានបាន» នេះ គឺទាល់តែចំណេញ ដែលចំណាយតិចជាងចំណូល»។

បន្ថែមពីនេះ រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានគូសបញ្ជាក់ថា គោលនយោបាយនេះ កំពុងជួយកាត់បន្ថយថ្លៃដើមផលិត និងបញ្ហាអត្រាការប្រាក់ខ្ពស់ ដែលជាបញ្ហាសំខាន់សម្រាប់កសិករ ក្នុងការកែលម្អជីវភាព និងបង្កើនប្រាក់ចំណូលពីវិស័យកសិកម្ម៕