ក្រសួងផែនការ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ «ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ» ក្នុងខេត្តកំពង់ធំ
19-03-2026 15:11
(កំពង់ធំ)៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងផែនការ សហការជាមួយមន្ទីរផែនការខេត្ត បានបើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ «ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ» និងពង្រឹងការអនុវត្ត អនុក្រឹត្យលេខ ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងកាធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ ក្រោមវត្តមានរបស់លោក ប៉ាន ប៊ុនធឿន រដ្ឋលេខាធិការក្រសួងផែនការ និងលោក ហ៊ីម លីម៉េង អភិបាលរងខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាព មន្ត្រីក្រុង សង្កាត់ និងអាជីវករផងដែរ។
លោក ហ៊ីម លីម៉េង បានលើកឡើងថា កង្វះអាហារូបត្ថម្ភ គឺជាមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងៗទៀត ដែលបង្កឲ្យមានអត្រាស្លាប់របស់ស្ត្រី និងកុមារមានកម្រិតខ្ពស់ ដូចជាបញ្ហាកង្វះជាតិអ៊ីយ៉ូដ បានធ្វើឲ្យការវិវត្តផ្នែករូបរាងកាយ និងការលូតលាស់ខាងប្រាជ្ញាស្មារតីរបស់កុមារមានភាពយឺតយ៉ាវ ហើយប្រសិនបើកង្វះជាតិអ៊ីយ៉ូដកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយនោះ នឹងបណ្តាលឲ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលប្រសូតមកនឹងធ្វើឲ្យខួរក្បាលទារកមិនអាចលូតលាស់ និងមិនអាចកែលំអវិញបានឡើយ ឬទារកនឹងកើតមកមិនគ្រប់ទម្ងន់ ហើយឈានទៅដល់ការខ្វះលទ្ធភាពចូល រួមចំណែកក្នុងការកសាងសេដ្ឋកិច្ចសង្គមទៀតផង។
លោក ប៉ាន ប៊ុនធឿន បានគូសបញ្ជាក់ថា បញ្ហាកង្វះអាហារូបត្ថម្ភ និងកង្វះជាតិអ៊ីយ៉ូដ គឺជាបញ្ហាសំខាន់មួយ ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងទៀត ដូចជា កង្វះប្រូតេអ៊ីន និងថាមពល កង្វះវីតាមីនអា និងកង្វះជាតិដែក។ បញ្ហាកង្វះជាតិអ៊ីយ៉ូដ អាចបណ្តាលឲ្យការលូតលាស់ផ្នែករាងកាយ និងការអភិវឌ្ឍប្រាជ្ញាស្មារតីរបស់កុមារយឺតយ៉ាវ ជាពិសេសប្រសិនបើកង្វះនេះកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ អាចបណ្តាលឲ្យទារកស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកខួរក្បាលមិនអាចអភិវឌ្ឍន៍បានពេញលេញ ហើយមិនអាចកែលម្អវិញបានទៀតទេ។
លោកបញ្ជាក់ថា ទារកអាចកើតមកមិនគ្រប់ទម្ងន់ផងដែរ ហើយផលប៉ះពាល់នឹងធ្វើឲ្យបុគ្គលមានសមត្ថភាពកម្រនៅពេលធំឡើង និងកាត់បន្ថយឱកាសក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បញ្ហាទាំងនេះនឹងប៉ះពាល់ដល់គុណភាពធនធានមនុស្ស ដែលជាធនធានដ៏សំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបានបញ្ជាក់ថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកកម្ពស់អាហារូបត្ថម្ភនៅកម្ពុជា ក្រោមប្រធានបទ «ការយល់ដឹងអំពីសារៈសំខាន់ នៃការប្រើប្រាស់អំបិលអ៊ីយ៉ូដ» និងពង្រឹងការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ស្តីពីការគ្រប់គ្រងការធ្វើអាជីវ កម្មអំបិលអ៊ីយ៉ូដ គឺដើម្បីរំលឹកនិងពង្រឹងឡើងវិញនូវគោលដៅ និងយុទ្ធសាស្ត្រ នៃការអនុវត្តអនុក្រឹត្យលេខ៦៩ អនក្រ.បក ជាពិសេសការចរាចរ និងការនាំចូលអំបិលគ្មានជាតិអ៊ីយ៉ូដ មកក្នុងប្រទេសកម្ពុជា ក៏ដូចជាធ្វើយ៉ាងណា រក្សាឲ្យបាននូវចីរភាព នៃកម្មវិធីបញ្ចូលជាតិអ៊ីយ៉ូដក្នុងអំបិលជាសកល ក្នុងព្រះរាជាណាចក្រកម្ពុជាតទៅអនាគត ដើម្បីលើកកម្ពស់សុខភាពសាធារណៈ៕

































