ដំណាច់ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៤.៨៤លាននាក់ ស្មើនឹងប្រមាណ ២៨ភាគរយនៃពលរដ្ឋសរុប (Video inside)
19-03-2026 15:55
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២៥ កន្លងទៅ កម្មវិធីជាតិជំនួយសង្គម មានវិសាលភាពគ្របដណ្តប់ពលរដ្ឋគោលដៅប្រមាណ ៤.៨៤លាននាក់ (ឬស្មើនឹងប្រមាណ ២៨ភាគរយ នៃប្រជាពលរដ្ឋសរុប។
ការឱ្យដឹងបែបនេះ របស់លោកបណ្ឌិត ចន ណារិទ្ធ បានធ្វើឡើក្នុងឱកាសលោកចូលរួមពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» ជូនរដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ ១ ៩០០រូប ក្រោមអធិបតីភាពទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ។
លោកបណ្ឌិត ចន ណារិទ្ធ បានថ្លែងថា ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានវិភាជថវិការដ្ឋចំនួនប្រមាណ ១ ០២៧.៦ ប៊ីលានរៀល ឬស្មើនឹង ២៥៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តកម្មវិធីមួយចំនួន រួមមាន៖
ទី១៖ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលក្រសោបនូវកម្មវិធីជាតិជំនួយសង្គមចំនួន៤ រួមមានកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រថ្នាក់បឋមសិក្សា និងមធ្យមសិក្សា, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព, និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា (អាយុ ៦០ឆ្នាំឡើង)។
ទី២៖ កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍
ទី៣៖ កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈជូនយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ទី៤៖ កម្មវិធីស្តារជីវភាពឡើងវិញ សម្រាប់ការផ្លាស់ប្តូរលំនៅឋានទៅក្រុងរុនតាឯក តេជោសែន និងឃុំពាក់ស្នែង នៃស្រុកអង្គរធំ ខេត្តសៀមរាប,
ទី៥៖ មូលនិធិសមធម៌សុខាភិបាល
និងទី៦៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំសម្រាប់សមាជិក ប.ស.ស. ជាស្ត្រី។
អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមរូបនេះ បានបញ្ជាក់ថា សម្រាប់ជ្រុងនៃការអនុវត្តរបបសន្តិសុខសង្គម, គិតត្រឹមឆ្នាំ២០២៥ របបសន្តិសុខសង្គមបានគ្របដណ្តប់ពលរដ្ឋប្រមាណ ៣.៥លាននាក់ ដោយក្នុងឆ្នាំ២០២៥ រាជរដ្ឋាភិបាល បានវិភាជថវិកាជាតិប្រមាណ ១ ៧០០ប៊ីលានរៀល ឬស្មើនឹងប្រមាណ ៤២៥លានដុល្លារអាម៉េរិក បន្ថែមលើថវិកាភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស ដើម្បីអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ធំៗរួមមានទី១៖ របបសន្តិសុខសង្គមផ្នែកប្រាក់សោធន, ទី២៖ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និង៣៖ របបសន្តិសុខសង្គមផ្នែកហានិភ័យការងារ៕












