អាជ្ញាធររាជធានីភ្នំពេញ៖ ម្ចាស់ទីតាំងជួលទាំងឡាយណា ដែលមិនយកចិត្តទុកដាក់ផ្ដល់ព័ត៌មានការស្នាក់នៅរបស់ជនបរទេសមកកាន់អាជ្ញាធរ នឹងទទួលនូវការពិន័យធ្ងន់
19-03-2026 16:26
(ភ្នំពេញ)៖ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា ម្ចាស់ទីតាំងជួលទាំងឡាយណា ដែលបន្ដព្រងើយកន្តើយ មិនព្រមពង្រឹងលើការគ្រប់គ្រងជនបរទេស ដែលមកជួលស្នាក់នៅទេ នឹងទទួលទោសទណ្ឌ និងផាកពិន័យ ក្នុងកម្រិតមួយយ៉ាងធ្ងន់ធ្ងរ។
ការលើកឡើងរបស់លោក ហ៊ុន សុរិទ្ធី ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ខណៈលោក និងលោក ឆាយ វីរៈ អភិបាលរងតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាធិបតី ក្នុងពិធីផ្សព្វផ្សាយស្តីពី អនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំទៅដល់ម្ចាស់ទីតាំង បុរី ខុនដូ អាផាតមិន សណ្ឋាគារ អគារសហកម្មសិទ្ធិ និងលំនៅស្នាក់នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។
លោក ហ៊ុន សុរិទ្ធី បានថ្លែងថា គ្រប់ម្ចាស់ទីតាំងដែលត្រូវជួលឱ្យជនបរទេសស្នាក់នៅត្រូវតែពង្រឹងលើការគ្រប់គ្រង ដើម្បីសន្តិសុខ និងសុវត្ថិភាពសង្គម។ លោកបន្តថា ការស្នាក់នៅរបស់ជនបរទេសទាំងអស់ ត្រូវមានលិខិតស្នាម បញ្ជាក់ឲ្យបានត្រឹមត្រូវ។ ចំពោះអ្នកណាម្នាក់ ត្រូវជាសាច់ញាតិ ដែលចង់មកលេង ក៏ត្រូវទាមទារលិខិតឲ្យបានច្បាស់លាស់ផងដែរ។ លោកអភិបាលរងបញ្ជាក់ថា ធ្វើយ៉ាងណាត្រូវតែអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់បំផុត។
លោក ហ៊ុន សុរិទ្ធី បានបន្ថែមថា ប្រសិនបើមានការធ្វេសប្រហែសលើការគ្រប់គ្រងជនបរទេស បង្កឲ្យមានបញ្ហានឹងត្រូវទទួលទោសទណ្ឌ និងផាកពិន័យក្នុងកម្រិតធ្ងន់ធ្ងរ ព្រោះបើឈានដល់ដំណាក់កាលនេះហើយ មិនមែនត្រូវអប់រំណែនាំទៀតទេ ត្រូវតែប្រឈមនឹងមុខច្បាប់ហើយ។
លោកបានបញ្ជាក់ថា «អ្វីដែលយើងអនុវត្តនេះ មិនមែនសំដៅដាក់គំនាប គាបសង្កត់ទៅលើម្ចាស់ទីតាំង ឬមួយក៏ម្ចាស់អ្វីផ្សេងទេ យើងធ្វើនេះ ក្នុងន័យថា ធ្វើយ៉ាងណាធានាបានថា ទីតាំងរបស់បងប្អូនទាំងអស់គ្នា មិនមានបទល្មើសលួចលាក់នៅក្នុងហ្នឹង»។ ជាមួយគ្នានេះ លោក ហ៊ុន សុរិទ្ឋី បានគូសបញ្ជាក់ថា ការឲ្យម្ចាស់ទីតាំងរាយការណ៍អំពីជនបរទេសស្នាក់នៅនេះ ក្នុងគោលបំណងបញ្ចៀសធ្វើយ៉ាងណា កុំឲ្យពួកគាត់ទទួលរងទុក្ខទោស និងផាកពិន័យ។
សូមបញ្ជាក់ថា យោងតាមមាត្រា១៩ នៃអនុក្រឹត្យ ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ បានឲ្យដឹងថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលធ្វេសប្រហែសខកខាន មិនបំពេញកាតព្វកិច្ច រាយការណ៍អំពីការស្នាក់របស់ជនបរទេសទេ នឹងត្រូវផាកពិន័យចំនួន៤លានរៀល ដោយមិនទាន់គិតដល់ព្យសនកម្ម ដែលកើតឡើងពីការធ្វេសប្រហែស។
សម្រាប់មាត្រា២០ ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំដែលមានចេតនាលាក់បាំង និងអនុញ្ញាតឲ្យជនបរទេស ដែលចូលមកកម្ពុជាដោយខុសច្បាប់ស្នាក់នៅក្នុងទីតាំង ស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ ៤លានរៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌ៕




























