មន្រ្ដីជាន់ខ្ពស់សុខាភិបាល៖ វិស័យទន្ដពេទ្រ ជាវិស័យដែលមានអតិថិជនក្នុងស្រុកព្យាបាលច្រើន ជាងចេញទៅព្យាបាលនៅក្រៅប្រទេស

19-03-2026 16:51

(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងនោះវិស័យសុខាភិបាលកម្ពុជា ផ្នែកទន្ដសាស្រ្ដ បានរីកចម្រើនជាខ្លាំងបើធៀបនឹងផ្នែកដទៃទៀត ហើយមិនមានប្រជាជនច្រើនទេ ដែលចេញទៅព្យាបាលមាត់ធ្មេញនៅក្រៅប្រទេស។

ការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ធ្វើឡើងក្នុងសន្និសីទ និងពិព័រណ៌ធ្មេញលើកទី២៤ របស់សមាគមទន្តសាស្ត្រកម្ពុជាឆ្នាំ ២០២៦ ក្រោមប្រធានបទ «កំណើនវិទ្យាសាស្ត្រក្នុងវិស័យទន្តសាស្ត្រនាសម័យទំនើប» រៀបចំឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានថ្លែងឲ្យដឹងថា សមាគមទន្តសាស្ត្រកម្ពុជា បានអនុវត្តបានល្អនូវការសាមគ្គី ការសហការគ្នាល្អ ការអប់រំជួយបណ្តុះបណ្តាលបន្ត និងការចែករំលែកនូវចំណេះដឹងថ្មីៗ ដែលមានកំណើនវិទ្យសាស្ត្រជាសាកល ដោយបន្តនិរន្តរភាពជារៀងរាល់ឆ្នាំ ចំពោះទន្តបណ្ឌិតនៅទូទាំងកម្ពុជា។ សមាគមទន្តពេទ្យកម្ពុជា បានសហការយ៉ាងល្អជាមួយ ក្រសួងសុខាភិបាល គណៈទន្តពេទ្យកម្ពុជា សាកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាល និងមហាវិទ្យាល័យទន្តសាស្ត្រនានានៅកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបន្ដថា «បច្ចុប្បន្ននេះ វិស័យសុខាភិបាល មានការរីកចំរើនគួរឱ្យកត់សំគាល់ ក្នុងនោះផ្នែកទន្តសាស្ត្រ ក៏មានការអភិវឌ្ឍគួរជាទីមោទនៈ ខ្ញុំសូមបញ្ជាក់ថា ក្នុងនោះវិស័យសុខាភិបាលកម្ពុជា ពិសេសផ្នែកឯកជនទាក់ទងនឹងផ្នែកទន្ដសាស្រ្ដ បានរីកចម្រើនជាខ្លាំង បើធៀបនឹងផ្នែកដទៃទៀត ក្នុងវិស័យសុខាភិបាល ដូចដែលយើងសង្កេតឃើញថា មិនមានចំនួនច្រើននោះទេ អ្នកដែលព្យាបាលមាត់ធ្មេញចេញទៅព្យាបាលនៅក្រៅប្រទេស មានតែអតិថិជនពីក្រៅប្រទេសអញ្ជើញមកព្យាបាលមាត់ធ្មេញនៅកម្ពុជាវិញ»។

លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា បានបញ្ជាក់ថា ជាការពិតហើយដើម្បីបង្កើនគុណភាព និងសមត្ថភាពគឺជាការចាំបាច់ណាស់ដែលទន្តបណ្ឌិត ទន្តពេទ្យយើង ទាំងអស់គ្នាត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រជាបន្តបន្ទាប់ថែមទៀត នូវបច្ចេកវិទ្យាថ្មីៗ ពីបណ្តារៀមច្បងយើងដែលមានបទពិសោធន៍ច្រើន និងព្រមទាំងសហការជាមួយទន្តបណ្ឌិតអន្តរជាតិ ដើម្បីបង្កើននូវសមត្ថភាពឱ្យកាន់តែខ្ពស់ និងឱ្យកាន់តែសុក្រិត្យថែមទៀត។

ទន្តបណ្ឌិត តាក រ៉ាណុច និពន្ធនាយកសមាគមទន្តពេទ្យកម្ពុជា បានថ្លែងថា ថ្ងៃនេះជាទិវាមួយដ៏មហោឡារិកដែលក្រសួងសុខាភិបាល បានអនុញ្ញាតឲ្យសមាគមទន្តពេទ្យកម្ពុជា រៀបចំសន្និសីទជាតិលើកទី២៤ ស្តីពីកំណើនវិទ្យាសាស្រ្តក្នុងវិស័យទន្តសាស្រ្ត នាសម័យទំនើប ក្នុងគោលបំណងផ្សព្វផ្សាយពី សារៈសំខាន់អត្ថប្រយោជន៍ សម្រាប់សមាជិកសមាជិការ របស់សមាគមទន្តពេទ្យកម្ពុជា ក្នុងការសិក្សាស្វែងយល់បន្ថែម ទាក់ទងនឹងកំណើនវិទ្យាសាស្រ្តលើវិស័យទន្តសាស្រ្តនេះ ដើម្បីជំនួយក្នុងការព្យាបាល ប្រកបដោយប្រសិទ្ធភាព ជូនដល់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។

លោកបានបន្ដថា វិស័យទន្ដពេទ្រនៅកម្ពុជា កំពុងរីកចម្រើនជាខ្លាំង ទាំងបច្ចេកទេស ព្រមទាំងសំភារៈទំនើបផ្សេង ដែលអាចប្រៀបធៀបនឹងបណ្ដាប្រទេសជិតខាងបាន កត្តាទាំងនេះហើយដែលប្រជាជនកម្ពុជា គឺមិនមានច្រើនទេ ដែលទៅព្យាបាលសុខភាពមាត់ធ្មេញនៅក្រៅប្រទេស ដោយទទួលយកសេវាព្យាបាលមាត់ធ្មេញនៅក្នុងស្រុក បន្ថែមពីនេះអតិថិជនមកពីក្រៅប្រទេសក៏មានចំនួនច្រើនដែរ ដែលមកព្យាបាលសេវាមាត់ធ្មេញនៅកម្ពុជា។

លោកបានបន្ថែម និយាយអំពីកម្រិតនៃវិស័យទន្ដសាស្រ្ដនៅកម្ពុជា បើរាប់ពី១ដល់១០វិស័យវិស័យទន្ដពេទ្រនៅកម្ពុជា រីកចម្រើនក្នុងចន្លោះពី៨-៩ ហើយនាពេលអនាគតយើងនឹងបន្ដរីកចម្រើនបន្ថែម និងខ្លាំងក្លាយជាងនេះទៀត៕