អគ្គនាយកដ្ឋានធនធានមនុស្ស បើកិច្ចប្រជុំពិភាក្សាពីផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៧

19-03-2026 17:45

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំពិភាក្សា អំពីផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០២៧ ដើម្បីធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ ដឹកនាំដោយ នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស និងមានការអញ្ជើញចូលរួមពីនាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងតំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋាននានា និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន ៥៦រូប នៅបន្ទប់ប្រជុំខេត្តសៀមរាប នៃទីស្ដីការក្រសួងមហាផ្ទៃ។

នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានមានប្រសាសន៍ថា កិច្ចប្រជុំនៅ គឺដើម្បីពិនិត្យពិភាក្សាអំពីផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលជាតិសម្រាប់ឆ្នាំ២០២៧ ដើម្បីធានាឱ្យស្របទៅនឹងផែនការយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ។ ដូច្នេះ តួអង្គដែលមានការពាក់ព័ន្ធទៅនឹងកម្មវត្ថុនៃកិច្ចប្រជុំថ្ងៃនេះ ត្រូវបានអញ្ជើញឱ្យចូលរួមប្រជុំ ដើម្បីមានមតិយោបល់ ហើយជាពិសេស អគ្គស្នងការដ្ឋាននគរបាលជាតិ និងបណ្ឌិត្យសភានគរបាលកម្ពុជា ដែលជាតួអង្គសំខាន់ជាងគេ ទាក់ទងនឹងកម្មវត្ថុនៃកិច្ចប្រជុំថ្ងៃនេះ ក្នុងការធានាឱ្យផែនការបណ្តុះបណ្តាលមន្ត្រីនគរបាលឆ្លើយតបទៅនឹងតម្រូវការអង្គភាពសាមី និងផែនការថវិកាបណ្តុះបណ្តាលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា។

នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លីបានបន្ថែមថា កិច្ចប្រជុំថ្ងៃនេះ មានសារៈសំខាន់ណាស់ ដែលអនុវត្តតាមមតិណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដើម្បីប្រមូលធាតុចូលនិងតម្រូវការបណ្តុះបណ្តាលពង្រឹងជំនាញវិជ្ជាជីវៈមន្ត្រីនគរបាលជាតិពីអង្គភាពសាមីដែលមានការពាក់ព័ន្ធ ដោយត្រូវមានព័ត៌មានគ្រប់ជ្រុងជ្រោយ ប្រទាក់ក្រឡាគ្នា រួមមាន៖

ទី១- តម្រូវការឈ្មោះវគ្គសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស ជំនាញវិជ្ជាជីវៈនគរបាល ចំនួនអ្នកសិក្សា និងរយៈពេលសិក្សា។
ទី២- ការត្រៀមរៀបចំកម្មវិធីសិក្សា ឯកសារសិក្សា សាស្ត្រាចារ្យនិងគ្រូនគរបាល និងកន្លែងស្នាក់នៅ។
ទី៣- ការលើកគម្រោងផែនការបណ្តុះបណ្តាល ផែនការថវិកា និងផែនការតម្រូវការផ្សេងៗទៀតទៅតាមស្ថានភាពជាក់ស្តែងនៃវគ្គសិក្សានីមួយៗ ជាពិសេសអង្គភាពបណ្តុះបណ្តាល ត្រូវកំណត់ឱ្យបានច្បាស់លាស់អំពីលក្ខខណ្ឌដែលត្រូវចាត់បញ្ជូនមន្ត្រីនគរបាលទៅសិក្សា។
ទី៤- ស្នើអង្គភាពជំនាញត្រូវត្រៀមខ្លួនដឹងជាមុន ដើម្បីសហការចាត់តាំងមន្ត្រីនគរបាលរបស់ខ្លួនទៅសិក្សាឱ្យបានទាន់ពេលវេលា តាមការកំណត់របស់បណ្ឌិត្យសភានគរបាលកម្ពុជា។
ទី៥- អគ្គនាយកដ្ឋានធនធានមនុស្ស ជាអ្នកសម្របសម្រួលសហការជាមួយអង្គភាពសាមី និងរៀបចំបែបបទស្នើសុំថ្នាក់ដឹកនាំក្រសួងចេញប្រកាសចាត់បញ្ជូនមន្ត្រីនគរបាលទៅសិក្សាទាំងក្នុងប្រទេសនិងក្រៅប្រទេស។

អង្គប្រជុំបានចូលរួមជាមតិយោបល់ជាធាតុចូលល្អៗដើម្បីបំពេញបន្ថែម ធ្វើយ៉ាងណាឱ្យការរៀបចំផែនការបណ្ដុះបណ្ដាលខាងលើនេះ បានត្រឹមត្រូវ ស្របតាមស្ថានភាពជាក់ស្ដែង ដើម្បីសម្រេចបានតាមផែនការរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានេះ នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី បានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសេស បណ្ឌិត្យសភានគរបាលកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តសហការគ្នាជាមួយអគ្គនាយកដ្ឋានធនធានមនុស្ស ក្នុងការប្រមូលព័ត៌មានឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់រៀបចំផែនការបណ្តុះបណ្តាលរបស់ក្រសួងសម្រាប់ឆ្នាំ២០២៧ ព្រមទាំងយកផែនការយុទ្ធសាស្ត្ររបស់ក្រសួងក្នុងឆ្នាំ២០២៧ កំណត់ចំនួនប៉ុន្មាននាក់។ ព្រមទាំងស្នើអង្គភាពដែលមិនទាន់បានផ្តល់ទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល ត្រូវផ្ញើទិន្នន័យមកនាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ឱ្យបានមុនថ្ងៃទី៣១ ខែមីនានេះ ដើម្បីអគ្គនាយកដ្ឋានធនធានមនុស្ស និងបណ្ឌិត្យសភានគរបាលកម្ពុជា រៀបចំផែនការបណ្តុះបណ្តាលប្រចាំឆ្នាំ២០២៧ឱ្យបានទាន់ពេលវេលា ដើម្បីបណ្ឌិត្យសភានគរបាលកម្ពុជា លើកគម្រោងថវិកាឱ្យបានទាន់ពេលវេលាផងដែរ៕