ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា វាយតម្លៃខ្ពស់ចំពោះបទអន្តរាគមន៍ ការឆ្លើយបំភ្លឺ និងការផ្លាស់ប្តូរទស្សនៈលើវិស័យព័ត៌មាន​ជាយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាមួយនឹងសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបាន

19-03-2026 20:44

(ភ្នំពេញ)៖ លោកបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ បានជួបប្រជុំពិភាក្សាការងារជាមួយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ជំនួបពិភាក្សាការងារនេះមានការចូលរួមពីសំណាក់ប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការទាំង១០ នៃព្រឹទ្ធសភា សមាជិកខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាផងដែរ។

បន្ទាប់ពីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងព័ត៌មាន, ប្រធានគណៈកម្មការទី៥ បានគូសបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះមានគោលបំណងស្វែងយល់អំពីវឌ្ឍនភាពការងារ និងសមិទ្ធផលនានា ដែលក្រសួងព័ត៌មានសម្រេចបានក្នុងឆ្នាំ២០២៥ និងទិសដៅនៃការអនុវត្តការងារឆ្នាំ២០២៦ ព្រមទាំងការអនុវត្តមុខងារសំខាន់៣ នៃព្រឹទ្ធសភា រួមមាន៖ មុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និងតាមដានការអនុវត្តច្បាប់មុខងារតំណាង និង ការអនុវត្តតួនាទីភារកិច្ចរបស់គណៈកម្មការទី៥។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហាញជូនអង្គប្រជុំនូវសមិទ្ធផលសំខាន់ជាច្រើនដែលក្រសួងព័ត៌មាន សម្រេចបាននៅឆ្នាំ២០២៥ តាមរយៈការងារអាទិភាពចម្បងៗ រួមមានទី១៖ ការធ្វើទំនើបកម្មស្ថាប័ន និងធនធានមនុស្ស និងការពង្រឹងអភិបាលកិច្ច ជាពិសេសការកែទម្រង់ ពង្រឹងសមត្ថភាព ប្រសិទ្ធភាព និងគុណភាពការងារ, ទី២៖ ការធ្វើបច្ចុប្បន្នភាពច្បាប់និងបទដ្ឋានបច្ចេកទេស, ការគ្រប់គ្រងសណ្តាប់ធ្នាប់សារព័ត៌មាន និងសាធារណៈមតិ, ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការអនុវត្តការទូតព័ត៌មាន ដោយផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន»។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានបង្ហាញអំពីទិន្នន័យបច្ចុប្បន្នភាពនៃប្រព័ន្ធផ្សព្វផ្សាយរបស់កម្ពុជាក្នុងឆ្នាំ២០២៥ ដែលមានសរុប ១ ៥៥២ អង្គភាព ក្នុងនោះមានប្រព័ន្ធផ្សព្វផ្សាយបែបបុរាណ (វិទ្យុ ទូរទស្សន៍ និងរោងពុម្ពកាសែតទស្សនាវដ្ដី) ចំនួន៦៧៤ និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មី (គេហទំព័រ ទូរទស្សន៍ឌីជីថល និងតាមអនឡាញ) ចំនួន៨៧៨។ យោងតាមទិន្នន័យប្រៀបធៀបនឹងឆ្នាំ២០២៤ ចំនួនប្រព័ន្ធផ្សព្វផ្សាយបែបថ្មីមានការកើនឡើង ប៉ុន្តែ បែបបុរាណមានការធ្លាក់ចុះចំនួន៦៨អង្គភាព។

ទន្ទឹមនឹងនេះដែរ ក្រសួងព័ត៌មាន បានអនុវត្តការងារអាទិភាពបី រួមមានសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ, គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ក្នុងបរិបទនៃការរីកចម្រើនប្រព័ន្ធ ផ្សព្វផ្សាយបែបថ្មីតាមបណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធឌីជីថល ការកើនឡើងនៃព័ត៌មានក្លែងក្លាយច្រើន...។ល។ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានផ្តោតសំខាន់លើការដឹកនាំគ្រប់គ្រង ទំនាក់ទំនងសាធារណៈជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ វឌ្ឍនភាពនៃការកសាងភាពធន់នៃវិស័យព័ត៌មាន ប្រឈមមុខនឹងវិបត្តិនានាដែលកំពុងកើតមានឡើង។

សម្រាប់ទិសដៅការងារឆ្នាំ២០២៦ ក្រសួងព័ត៌មាន នឹងបន្តជំរុញការអភិវឌ្ឍស្ថាប័ន លើកកម្ពស់ សណ្តាប់ធ្នាប់សារព័ត៌មានឱ្យបានកាន់តែប្រសើរ បន្តលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ វិជ្ជាជីវៈនៃអ្នកសារព័ត៌មាន ការពង្រឹងការអនុវត្តច្បាប់នានាស្តីពីវិស័យព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន, ការវាយតម្លៃស្ថានភាពសេរីភាពសារព័ត៌មានកម្ពុជា, ការអភិវឌ្ឍមូលធនមនុស្ស ជាពិសេស ភាពចាំបាច់នៃការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសក្នុងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់រយៈពេល១០ឆ្នាំខាងមុខ...។ល។

នាឱកាសជំនួបពិភាក្សានេះ ប្រធាន អនុប្រធាន និងលេខាធិការ នៃគណៈកម្មការទាំង១០ ព្រឹទ្ធសភា ក៏បានផ្លាស់ប្តូរយោបល់យ៉ាងផុលផុសជាមួយលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន លើទិដ្ឋភាពនៃសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពមូលធនមនុស្សលើវិស័យព័ត៌មាន, ការជំរុញផ្សព្វផ្សាយអប់រំវប្បធម៌ និងអក្ខរកម្មឌីជីថលក្នុងបរិបទនៃបញ្ញាសិប្បនិម្មិត, ការអនុម័តសេចក្តីព្រាងច្បាប់សំខាន់នានា ព្រមទាំងសេវាព័ត៌មានលើកទឹកចិត្ត។ កិច្ចពិភាក្សា ក៏បានផ្តោតសំខាន់លើយុទ្ធសាស្ត្រនៃ គមនាគមន៍ ក្នុងគ្រាមានវិបត្តិសុខភាព សន្តិសុខ និងបរិស្ថាន ជាពិសេសសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសជិតខាង និងសារៈសំខាន់នៃតួនាទី និងការគាំទ្ររបស់សភា ដល់ក្រសួង និងវិស័យព័ត៌មានផងដែរ។

ប្រធានគណៈកម្មការទី៥ បានវាយតម្លៃខ្ពស់ចំពោះបទអន្តរាគមន៍ ការឆ្លើយបំភ្លឺ និងការផ្លាស់ប្តូរទស្សនៈលើវិស័យព័ត៌មានជាយុទ្ធសាស្ត្ររបស់លោករដ្ឋមន្ត្រី ជាមួយនឹងសមិទ្ធផលជាផ្លែផ្កាដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងការដាក់ចេញនូវទិសដៅការងារឆ្នាំ២០២៦ ដែលជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងបុរេសកម្ម និងជាបច្ច័យយ៉ាងសំខាន់ក្នុងការបន្តការពារផលប្រយោជន៍ជាតិ និងប្រជាជន៕