លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ទទួលអំណោយស្បៀងអាហារ និងភេសជ្ជៈពីអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីចូលរួមសកម្មភាពមនុស្សធម៌ចែកជូនវីរកងទ័ព និងពលរដ្ឋភៀសសឹក

19-03-2026 21:23

(ភ្នំពេញ)៖ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញទទួលអំណោយពីលោក ឃឹម វុទ្ធី អគ្គនាយក នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដើម្បីបន្តទៅចែកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន និងវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីយ៉ាងអង់អាចក្លាហាន។

អំណោយរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា យកមកជូនដល់ក្រសួងព័ត៌មាន នាឱកាសនេះរួមមានអង្ករ ៤តោន, ទឹកសុទ្ធវីអាក់ទីវ ១០០កេស, ភេសជ្ជ:គ្រុឌកូឡា ១០០កេស, ភេសជ្ជ:វីអាក់ទីវ ១០០កេស, មីជាតិ ១០០កេស, ទឹកត្រី ២០០យួរ និងទឹកស៉ីអ៉ីវ ២០០យួរ។

លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ក្នុងនាមលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោក ឃឹម វុទ្ធី និងថ្នាក់ដឹកនាំ មន្ត្រីរាជការ រួមទាំងសប្បុរសជននានា តាមរយៈអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលបានផ្តល់ជំនួយជាស្បៀងអាហារ និងភេសជ្ជៈ មកក្រសួងព័ត៌មាន, ទឹកចិត្តដ៏ប្រពៃថ្លៃថ្លានេះបានបង្ហាញពីមនោសញ្ចេតនា សេចក្ដីរាប់អាន និងការចូលរួមចំណែកយកចិត្តទុកដាក់ខ្ពស់របស់លោក លោកស្រី លើការងារសប្បុរសធម៌ និងកិច្ចការសង្គមតាមរយៈក្រសួងព័ត៌មាន ជាពិសេសដើម្បីចែកជូនដល់ប្រជាពលរដ្ឋភៀសសឹក និងវីរកងទ័ពនៅតាមព្រំដែន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា រាល់អំណោយដែលលោក លោកស្រី ឧកញ៉ា និងសប្បុរសជនទាំងអស់ផ្តល់ដល់ក្រសួងព័ត៌មាន គឺត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបែងចែក និងដឹកជញ្ជូនដល់គោលដៅជំរំភៀសសឹក តាមបណ្តាខេត្តនានាពិសេសជូនទៅដល់វីរកងទ័ពនៅសមរភូមិមុខ។ ដូច្នេះការចូលរួមផ្តល់នូវអំណោយពីថ្នាក់ដឹកនាំ មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋនៅខាងក្រោយ ទៅដល់សមរភូមិមុខ សបញ្ជាក់ពីទឹកចិត្តដ៏ធំធេង និងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាការគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន ក្នុងន័យបង្ហាញពីខឿនការពារជាតិដ៏រឹងមាំ។

លោក ឃឹម វុទ្ធី បានជម្រាបជូនថា អំណោយទាំងនេះ គឺអគ្គនាយក ដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានគៀងគរពីដៃគូសហការ និងបណ្តាសប្បុរសជននានា ដេីម្បីចូលរួមចំណែកជួយទ្រទ្រង់សកម្មភាពដ៏ប្រពៃរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន សម្រាប់សកម្មភាពការងារមនុស្សធម៌ ជាបន្តទៅទៀត ជួយសមរភូមិមុខ និងបងប្អូនជនភៀសសឹក ព្រមទាំងយកចិត្តទុកដាក់ចំពោះមន្ត្រីក្រោមឱវាទដែលមានជីវភាពខ្វះខាត៕