ក្រសួងសាធារណការ ណែនាំឱ្យមន្ត្រីក្រោមឱវាទ ចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ទនៈ

19-03-2026 21:31

(ភ្នំពេញ)៖ ដេីម្បីឆ្លើយតបទៅនឹងវិបត្តិសកលនៃការផ្គត់ផ្គង់និងការកើនឡើងតម្លៃប្រេងឥន្ធនៈជាបន្តបន្ទាប់ដោយសារ ស្ថានការជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសន្សំសំចៃប្រកបដោយ ប្រសិទ្ធភាព ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំស្តីពី ការចូលរួមសន្សំសំចៃការប្រើប្រាស់ថាមពលអគ្គិសនី និងប្រេងឥន្ទនៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ។

នៅក្នុងសេចក្តីណែនាំដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦នេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ចេញនូវគោលការណ៍ណែនាំលើការប្រើប្រាស់ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈដូចខាងក្រោម៖

១៖ កំណត់សីតុណ្ហភាពម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ការិយាល័យ សាលប្រជុំ និងបន្ទប់សិក្សា នៅត្រឹមឬ លើសពី ២៥អង្សាសេ(ស្តង់ដាសន្សំសំចៃ) ចៀសវាងប្រើប្រាស់ម៉ាស៊ីនត្រជាក់លើសពីតម្រូវការ។

២៖ បិទអំពូលភ្លើង ម៉ាស៊ីនត្រជាក់នៅពេលបញ្ចប់ម៉ោងការងារ និងដកឌុយចេញពីឧបករណ៍បរិក្ខារ អគ្គិសនីគ្រប់ប្រភេទដែលមិនចាំបាច់នៅពេលម៉ោងសម្រាក ឬនៅពេលឈប់ប្រើប្រាស់។

៣៖ កំណត់ពេលបើក-បិទ ភ្លើងបំភ្លឺនៅទីសាធារណៈ ឬតាមរបង ឱ្យបានត្រឹមត្រូវនិងខ្ជាប់ខ្ជួនចៀសវាង បំភ្លឺពេលមិនទាន់ងងឹត និងបើកចោលពេលព្រឹក នៅពេលមានពន្លឺថ្លៃ។

៤៖ លើកទឹកចិត្តឱ្យបើកវាំងននប្រើប្រាស់ពន្លឺព្រះអាទិត្យឱ្យអស់លទ្ធភាពជំនួសការបើកអំពូលភ្លើង។

៥៖ សន្សំសំចៃការប្រើប្រាស់ប្រេងឥន្ធនៈ ដោយកាត់បន្ថយចំនួនបេសកកម្ម និងចំនួនសមាសភាព មន្ត្រីចុះបំពេញបេសកកម្ម។ ករណីការចូលរួមកិច្ចប្រជុំនៅតាមបណ្តាខេត្តឆ្ងាយៗ ក្រសួងជំរុញ លើកទឹកចិត្តឱ្យចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយជំនួសឱ្យការចូលរួមដោយផ្ទាល់៕